រន្ធត់ចិត្ត! ទាំងម្តាយទាំងឪពុក របស់តារាស្រីថៃ Tina Suppanad Jittaleela ស្លាប់ទាំងអស់ ដោយគ្រោះអគ្គីភ័យ កាលពីព្រឹកមិញនេះ

ថៃ៖ ជារឿងមួយរន្ធត់យ៉ាងក្រៃលែង ដែលតារាថៃដ៏ល្បី នាង Tina Suppanad Jittaleela បានបាត់បង់ទាំងម្តាយ ទាំងឪពុក ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ កាលពីព្រឹកថ្ងៃច័ន្ទនេះ។

ចំពោះអគ្គីភ័យដ៏គួរឲ្យតក់ស្លុត បានកើតឡើងនៅផ្សារ Photharam វេលាម៉ោង២៖៣០ ព្រឹកទាបភ្លឺ ដែលបានឆាបឆក់ឪពុកម្តាយរបស់នាង Tina Suppanad Jittaleela។

បើតាមសម្តីប៉ូលិស បានឲ្យដឹងថា អគ្គីភ័យនេះ បានឆេះនៅជាន់ទី២យ៉ាងសន្ធោរសន្ធៅ ព្រោះនៅក្នុងបន្ទប់នោះ សុទ្ធតែសម្លៀកបំពាក់ និងឈើ ដែលធ្វើឲ្យ ភ្លើងឆាប ឆេះបានយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត។ ហើយប៉ូលិសបានបន្តថា ក្រុមពន្លត់ អគ្កីភ័យ និងក្រុមជួយសង្គ្រោះ បានព្យាយាមពន្លត់ រហូតត្រូវចំណាយពេលជាង២ម៉ោង ទម្រាំភ្លើងរលត់ទៅវិញ។ ប៉ុន្តែអ្វីគ្រប់យ៉ាង វាពិតជាសោកស្តាយ ដែលមិនអាចជួយសង្រ្គោះជីវិតមនុស្សពីរនាក់បាន ដែលអ្នកទាំងពីរត្រូវបានគេដឹងថា ជាឪពុកម្តាយរបស់តារាថៃដ៏ល្បី នាងTina Suppanad Jittaleela។ ឪពុកនាង មានឈ្មោះថា Somchai Jittaleela វ័យ៦៦ឆ្នាំ និង អ្នកម្តាយឈ្មោះ Piyawan Jittaleela វ័យ៦៥ឆ្នាំ។ 

ជាមួយគ្នានោះដែរ ប៉ូលីសបានគិតថា ប្រហែលដោយសារ ទុស្សេខ្សែភ្លើង ព្រោះថាអគារនៅម្តុំនោះ វាពិតជាចាស់ទ្រុឌទ្រោមខ្លាំងណាស់។ តែទោះជាយ៉ាងណា ប៉ូលិសនឹងធ្វើការស៊ើបអង្កេតបន្តទៀត ក្នុងរឿងហេតុនេះផងដែរ។

កាលពីជាង៦ម៉ោងមុននេះដែរ នាងTina Suppanad Jittaleela ក៏បានបង្ហោះរូបជួបជុំគ្រួសារ ក្នុងអ៊ិនស្តាក្រាម ដែលធ្វើឲ្យអ្នកគាំទ្រសង្វេគយ៉ាងខ្លាំង ដោយសរសេរថា "សំរាន្តឲ្យលក់ស្រួលចុះអ្នកមានគុណ អ្នកទាំងពីរនៅតែស្ថិតក្នុងចិត្តរបស់កូនម្នាក់នេះ។ កុំព្រួយបារម្ភណា"។

ចំពោះដំណឹងដ៏ក្រៀមក្រំមួយនេះ បានធ្វើឲ្យបណ្តាសារព័ត៌មានថៃ និងអ្នកគាំទ្រជាច្រើននាក់ បានបង្ហាញសាររំលែកទុក្ខទៅកាន់នាង Tina Suppanad Jittaleela ដែលត្រូវបាត់បង់ ម្តាយឪពុកទាំងស្រស់ៗបែបនេះ។

គួរបញ្ជាក់ផងដែរថា តារាថៃ Tina Suppanad Jittaleela ត្រូវបានគេស្គាល់ខ្លាំង ក្រោយរូបនាងបាន ធ្វើជាតួឯក ក្នុងខ្សែភាពយន្តរឿង "Yes or No" កាលពីឆ្នាំ២០១០។ ហើយតាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់នាង កាន់តែល្បីរន្ទឺខ្លាំងឡើងៗតែម្តង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload