លោកស្រី​យី​ង​ឡាក់​ប្រាប់​លោក​ប្រា​យុទ្ធ​ឲ្យ​«​ស៊ើបអង្កេត​ប្អូនប្រុស​លោក​ផង​!» និពន្ធដោយ : ទេព អ៊ីវិសាល       September-26-2016, 3:39 pm         101

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោកស្រី​យី​ង​ឡាក់​ប្រាប់​លោក​ប្រា​យុទ្ធ​ឲ្យ​«​ស៊ើបអង្កេត​ប្អូនប្រុស​លោក​ផង​!»អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ត្រា (រូបភាពពីហ្វេសប៊ុក Yingluck Shinawatra)​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ប្រាប់​មេដឹកនាំ​របប​យោធា​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ករណី​ពុករលួយ​របស់​ប្អូនប្រុស​លោក ពាក់ព័ន្ធ​នឹង​ការផ្ដល់​កិច្ចសន្យា​សាងសង់​ខុសច្បាប់ និង​ការតែងតាំង​ឋានៈ​កូនប្រុស​។ លោកស្រី យី​ង​ឡាក់ ស្នើ​ឲ្យ​មេដឹកនាំ​យោធា អនុវត្ត​ច្បាប់​ឲ្យ​ស្មើភាព​ដូចដែល​របប​យោធា​ធ្វើ​ដាក់​លោកស្រី​ដូច្នោះ​ដែរ​។

​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ផ្ញើ​សារ​ទៅ​ឲ្យ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ដោយ​ស្នើ​ឲ្យ​លោក​មិនត្រូវ​អនុវត្ត​ស្តង់ដា​ពីរ​ជាន់​លើ​ករណី​ពុករលួយ​របស់​ប្អូនប្រុស​របស់លោក គឺ​លេខាធិការ​អចិន្ត្រៃយ៍​ក្រសួងការពារជាតិ លោក ព្រី​ឆា ចន្ទ​អូ​ចា (Preecha Chan-ocha)​។ លោកស្រី បាន​អំពាវនាវ​ឲ្យ​លោក ប្រា​យុទ្ធ ស៊ើបអង្កេត​ករណីនេះ ដូចដែល​របប​យោធា​ស៊ើបអង្កេត​ករណី​ទិញស្រូវ​របស់លោក​ស្រី​ដែរ​។​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​បាន​បង្ហោះ​សារ​ដូចនេះ​ នៅ​ថ្ងៃទី​២៥ ខែកញ្ញា បន្ទាប់ពី​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ និយាយថា ការដែល​រដ្ឋាភិបាល​ថៃ បញ្ជា​ឲ្យ​លោកស្រី យី​ង​ឡាក់ សង​ប្រាក់​លើ​គម្រោង​ទិញស្រូវ​របស់​រដ្ឋាភិបាល​លោកស្រី គឺ​គ្រាន់តែ​ជាការ​អនុវត្ត​ច្បាប់ មិនមែនជា​ការធ្វើ​ទុក្ខ​បុក​ម្នេញ​លោកស្រី​ឡើយ​។ ហើយ​លោក ប្រា​យុទ្ធ អះអាងថា លោកស្រី មានកា​ត្វ​កិច្ច​ផ្លូវច្បាប់​ក្នុងការ​សងលុយ​នេះ​។

​លោកស្រី យី​ង​ឡាក់ សរសេរ​ដូច្នេះ​ថា​៖ «​ដោយសារ​នាយករដ្ឋមន្ត្រី​បញ្ជាក់​ផ្ទាល់មាត់​ហើយ​ថា ចំណាត់​ផ្លូវច្បាប់​លើ​ខ្ញុំ គឺ​ផ្អែកលើ​ច្បាប់ និង​មិនមែន​ជាការ​ធ្វើបាប​ទេនោះ ខ្ញុំ​ចង់​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី អនុវត្ត​ច្បាប់​ដូចគ្នានេះ  លើ​ប្អូនប្រុស​របស់លោក និង​មនុស្ស​ទាំងឡាយ​ដែល​នៅ​ខាង​លោក​។ ច្បាប់​ទាំងអស់ ត្រូវតែ​អនុវត្ត​លើ​មនុស្ស​ទាំងអស់ មិនមែន​តែ​លើ​ខ្ញុំ​ឡើយ​។​» 

​សូម​រម្លឹកថា ប្អូនប្រុស​លោកនាយករ​ដ្ឋ​មន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ព្រី​ឆា ចោមរោម​ដោយ​ការចោទប្រកាន់​រឿង​ប្រកាន់បក្ស​ពួកនិយម ជុំវិញ​រឿង​កិច្ចសន្យា​សាងសង់​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រពន្ធ និង​កូនប្រុស​របស់លោក​នោះ​។ យ៉ាងណា លោក​ឧ​ត្ត​ម​សេនីយ៍ ព្រី​ឆា បាន​បដិសេធ​រឿងនេះ និង​ស្វាគមន៍​ឲ្យ​មានការ​ស៊ើបអង្កេត ដើម្បី​ដឹង​រឿង​ឲ្យ​ច្បាស់លាស់​។​

​សូម​ជម្រាប​ផងដែរ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាន​ទម្លាក់​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ដោយសារ​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ដែលជា​នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​។ ក្រោយ​អស់អំណាច លោកស្រី ត្រូវបាន​សភា​ថៃ ផ្អាក​ពី​កិច្ចការ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ និង​កំពុង​រង​ការចោទប្រកាន់​ទាំង​បទ​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី​ពាក់ព័ន្ធ​ការធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​រាប់លាន​ដុល្លារ​ក្នុងពេល​លោកស្រី​ដឹកនាំ​ប្រទេស​ផងដែរ​៕