ទម្លាក់​គ្រាប់បែក​ខ្លាំងក្លា​បំផុត​ពុំ​ធ្លាប់​មាន​លើ​ក្រុង​អា​ឡែ​ប​ពួក​មហាអំណាច​ចោទ​ដាក់​គ្នា

ក្រុង​អា​ឡែ​ប​ជាទី​ក្រុង​ធំ​ទី​២​របស់​ស៊ី​រី​នៅ​ភាគ​ខាងជើង​ប្រទេស​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ជួប​ប្រទះ​នឹង​រាត្រី​នៃ​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​បំផុត ដោយ​កង​យន្តហោះ​ស៊ី​រី និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី ។

នេះ​ជា​ការ​វាយប្រហារ​យ៉ាង​សាហាវ​បំផុត​ពុំ​ធ្លាប់​មាន​ឡើយ តាំងពី​ចាប់ផ្តើម​សង្គ្រាម​នៅ​ស៊ី​រី​៥​ឆ្នាំ​មក​ហើយ ញ៉ាំង​ឱ្យ​ពួក​លោក​ខាងលិច​ចោទ​ក្រុង​មូ​ស្គូ​ថា លេង​ចាស់ដៃ​ពេក​ហើយ ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH លំអៀង​ទៅ​ពួក​ឧទ្ទាម​ហើយ​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ភ្លៀង​គ្រាប់បែក​រោយ​ចាប់តាំងពី​៣​ថ្ងៃ​មក​ហើយ លើ​សង្កាត់​ទាំងឡាយ​នៃ​ក្រុង​អា​ឡែ​ប​កាន់កាប់​ដោយ​ពួក​ឧទ្ទាម បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១០១​នាក់ ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនេះ​មាន​កុមារ និង​នារី​ជា​ច្រើន​នាក់​ដែល​កប់​ក្រោម​គំនរ​បាក់បែក​នៃ​បណ្តា​អគារ​រង​ការ​កម្ទេច​ដោយ​ការ​ទម្លាក់​គ្រាប់បែក ។

ចាប់តាំងពី​ការ​ប្រកាស​របស់​កងទ័ព​ស៊ី​រី​ធ្វើការ​វាយលុក​ធំ​ថ្មី ដើម្បី​ដណ្តើម​កាន់កាប់​បណ្តា​សង្កាត់​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​មក​ប្រជាជន និង​ពួក​យុទ្ធ​ជន​នៅ​សង្កាត់​ទាំងនេះ រៀបរាប់​ថា ក្រៅពី​ប្រើ​គ្រាប់បែក​ទម្លាក់​មាន​ប្រើ​គ្រាប់​មី​ស៊ី​ល​ប្រភេទ​ថ្មី​ៗ​ផង​ដែរ ដែល​ពេល​ផ្ទុះ​ញ័រ​កក្រើក​ដី​ដូច​ការ​រញ្ជួយ​ផែនដី​ញ៉ាំង​ឱ្យ​អគារ​ខ្ពស់​ៗ​រលំ​បាក់ ។ ប្រជាជន​ប្រមាណ​ជា​២៥០.០០០​នាក់ នៅ​តំបន់​ពួក​ឧទ្ទាម​ពុំ​បាន​ទទួល​ជំនួយ​ពី​ខាងក្រៅ​ជិត​២​ខែ​មក​ហើយ និង​ដាច់​ទឹក​ចាប់តាំងពី​ថ្ងៃ​ទី​២៤ កញ្ញា មក ដោយ​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង ។

ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ស្តី​ពី​សភាពការណ៍​នៅ​ស៊ី​រី​រុ​ស្ស៊ី​ចោទប្រកាន់​សហរដ្ឋ​អា​មេ​រិ​កថា ជា​ប្រភព​នៃ​វិបត្តិ​នៅ​ស៊ី​រី ។ លោក​វី​តា​លី ឈួ​រ​គី​ន តំណាង​អចិន្ត្រៃយ៍​រុ​ស្ស៊ី​ប្រចាំ អ​.​ស​.​ប គូសបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១១ ក្រុង​វ៉ា​ស៊ី​ន​តោន និង​ប្រទេស​អឺរ៉ុប​ដទៃ​ៗ​ទៀត បាន​សម្រេច​បន្ត​ពង្រីក​តំបន់​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ពួក​គេ​នៅ​មជ្ឈិម​បូព៌ា និង​អាហ្វ្រិក​ខាងជើង​ដែល​ចាប់ផ្តើម​តាម​រយៈ​អន្តរាគមន៍​ដ៏​ឧក្រិដ្ឋ​របស់​សហរដ្ឋអាមេរិក និង​អង់គ្លេស​នៅ​អីុ​រ៉ា​ក់​ក្នុង​ឆ្នាំ​២០០៣ ។ អ្នកការទូត​រុ​ស្ស៊ី​រូប​នេះ​រំលឹក​ថា សហរដ្ឋ​អា​មេ​រិ​ក​ពុំ​បាន​ធ្វើ​អ្វី​សោះ ដើម្បី​ញែក​ឱ្យ​ដាច់​ពី​គ្នា រវាង​ពួក​ភេរវ​ករ និង​បណ្តា​សមាជិក​ពួក​ឧទ្ទាម​និយម​កណ្តាល ។ ពួក​លោក​ខាងលិច​បន្ត​ផ្តល់​អាវុធ​ធុន​ធ្ងន់​ដល់​ពួក​ភេរវ​ករ​ដែល​លាក់ខ្លួន​ក្នុង​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប ។ លោក​បញ្ជាក់​ថា ក្រុម​ប្រដាប់​អាវុធ​ជាង​២០​ក្រុម រួម​មាន​យុទ្ធ​ជន​សរុប​៣.៥០០​នាក់​ត្រួតត្រា​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប ។ ក្រុម​ទាំងនេះ​មាន​រថក្រោះ រថពាសដែក កាំភ្លើង​ធំ កាំភ្លើង​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ ព្រមទាំង​អាវុធ​ធុន​ធ្ងន់​ឯទៀត​ៗ ។ ច្បាស់​ណាស់ ពួក​នេះ​ពុំ​មែន​ជា​អ្នក​ផលិត​អាវុធ​ទាំងនោះ​ឡើយ គឺ​ទទួល​ពី​ពួក​ចៅហ្វាយ​លោក​ខាងលិច​ជាមួយ​ការ​រួមគំនិត​របស់​សហរដ្ឋ​អា​មេ​រិ​ក ដែល​ដឹកនាំ​ក្រុមចម្រុះ ៕