ភ្លើង​ឆេះ​នាវា​ដឹក​ប្រេង​មួយ​នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិក​រលត់​ហើយ

ក្រុមហ៊ុន​ប្រេង​ម៉ិចស៊ិក PEMEX រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ថា ភ្លើង​ដែល​ឆាបឆេះ​នាវា​ដឹក​ប្រេង​មួយ​របស់​ក្រុមហ៊ុន​ប្រេង PEMEX នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិក​បាន​រលត់ ហើយ​ក្រោយ​ពី​ឆេះ​អស់​រយៈពេល​ជាង​២៤​ម៉ោង​មក ដោយ​ពុំ​មានការ​បំពុលបរិស្ថាន ។

ភ្លើង​បាន​ឆាបឆេះ​នា​ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា ខណៈ​នាវា​ឈ្មោះ BURGOS ស្ថិត​នៅ​ច្រកចូល​កំពង់​ផែ VERACRUZ ភាគ​ខាងកើត​ម៉ិចស៊ិក​ជាមួយ​សមាជិក​ក្រុម​នាវិក​៣១​នាក់ ស្ថិត​ក្នុង​នាវា​នេះ​ដែល​ដឹក​ប្រេង​ជាង​១៦០.០០០​ធុង ។ បណ្តា​សមាជិក​ក្រុម​នាវិក​ត្រូវ​បាន​ជម្លៀស​ចេញ​ទាន់​ពេល ។ អគ្គិភ័យ​នេះ​អាច​ពន្លត់​នា​ល្ងាច​ថ្ងៃ​ទី​២៥ កញ្ញា ក៏​ប៉ុន្តែ​អ្នកបម្រើ​សេវាកម្ម​១០០​នាក់​បន្ត​ត្រួតពិនិត្យ​នាវា​ទៀត ។

នា​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រុម​ពន្លត់ភ្លើង លោក ANTONIO CHEDRAHUI អះអាង​ប្រាប់ AFP ថា មានការ​ធ្លាយ​ប្រេង​កើតឡើង ។ ទោះបី​យ៉ាងណា អគ្គនាយក​ក្រុមហ៊ុន PEMEX លោក JOSE ANTONIO ANAYA បាន​បដិសេធ​នា​ឱកាស​សន្និសីទ​សារព័ត៌មាន​មួយ​ថា អាជ្ញាធរ​ត្រួតពិនិត្យ​បរិស្ថាន​ធ្វើការ​កត់​សម្គាល់ថា ពុំ​មានការ​ហៀរ​ប្រេង​ឡើយ​ចាប់តាំងពី​នាវា​នេះ​ស្ថិត​ក្នុង​ដែនទឹក​ឈូង​សមុទ្រ​ម៉ិចស៊ិក​មក ។

ភ្លើង​ឆាបឆេះ​ក្នុង​ស៊ីទែន​២​របស់​នាវា BURGOS ដែល​ដឹក​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ប្រមាណ​ជា​១៦០.០០០​ធុង​ចេញពី​កំពង់​ផែ​ម៉ិចស៊ិក COATZACOALCOS ទៅ​កាន់​កំពង់​ផែ VERACRUZ ៕