សត្វទាំង ១០ ដែលមានអាយុរស់នៅ បានយូរជាងគេបំផុត លើពិភពលោក

សត្វជាច្រើនប្រភេទ មិនងាយនឹងរស់រានមានជីវិតបានដល់អាយុ ជាមធ្យមរបស់ពួកវាឡើយ ក៏ដោយសារតែ អត្រាការស្លាប់ពីកំណើតខ្ពស់ ការឆ្លងជំងឺផ្សេងៗ ក្លាយជាចំណីសត្វសាហាវ អាកាសធាតុមិនអំណោយផល ការបំផ្លិចបំផ្លាញជម្រក ក៏ដូចជាការដណ្តើមអាហារ និងទីជម្រករវាងសត្វ នឹងសត្វ។

ខាងក្រោមនេះគឺជា បណ្តាសត្វទាំងឡាយ ដែលមានអាយុវែងជាងគេបំផុត លើពីភពលោក ក្នុងករណីពួកវា រស់នៅក្រោមស្ថានភាពបរិស្ថានល្អ ៖ 

# សត្វដំរី

គេបានបែកចែកប្រភេទសត្វដំរីជា ២ គឺ ដំរីប៉ែកអាហ្រ្វិក និងដំរីប៉ែកអាស៊ី។ ដំរីប៉ែកអាហ្វ្រិក មានត្រចៀកធំជាង និងមានខ្នងត្រង់ រីឯ ដំរីប៉ែកអាស៊ី មានត្រចៀកតូចជាង និងមានខ្នងកោង។ ប្រភេទសត្វរស់នៅដីគោកដ៏ធំនេះ អាចរស់នៅបាន ជាមធ្យម ៧០ ឆ្នាំឡើងទៅ។ ពួកវាប្រាស្រ័យទាក់ទងគ្នាដោយការប៉ះ ការមើល ហិតក្លិន និងសម្លេង បានក្នុងរយៈចម្ងាយឆ្ងាយបានទៀតផង។ ជម្រករបស់ពួកវា គឺនៅក្នុងព្រៃ វាលខ្សាច់ និងនៅតាមមាត់ច្រាំង ជាពិសេស ពួកវាចូលចិត្តនៅក្បែរមាត់ទឹក។ 

# ត្រីបាឡែនយក្ស

ត្រីបាឡែនយក្ស ប្រភេទ Bowhead មានពណ៌ខ្មៅគ្រឹប និងមិនមានព្រុយខ្នងនោះទេ។ បណ្តោយខ្លួន របស់ពួកវាមានប្រវែងពី ១៤ ទៅ ១៨ ម៉ែត្រ និងមានទម្ងន់ពី ៧៥ ទៅ ១០០ តោន ឯណោះ។ ពួកវាមិនដូចជាត្រីបាឡែនប្រភេទផ្សេងៗ ដែលចាកចេញទៅរក ដែនទឹកដែលមានរយៈទទឹងទាប ដើម្បីរកអាហារ និងបន្តពូជឡើយ ពួកវារស់នៅតែក្នុងតំបន់អាកទិកតែប៉ុណ្ណោះ។ ត្រីបាឡែនយក្សនេះ មានអាយុរស់នៅជាមធ្យម ២០០ ឆ្នាំ (ប្រភេទត្រីបាឡែនយក្សដែលចាស់បំផុត មានអាយុ ២១១ ឆ្នាំ)។ ពួកវាអាចរស់បានយូរយ៉ាងនេះ ក៏ដោយសារតែពួកវាមានសីតុណ្ហភាពរាងកាយទាបខ្លាំងបំផុត ព្រោះថាសត្វណា ដែលមានសីតុណ្ហភាពរាងកាយកាន់តែទាប សត្វនោះគឺអាចរស់នៅបានកាន់តែយូរ។ 

# អណ្តើកយក្ស Galapagos

Galapagos គឺជាសត្វអណ្តើកមួយប្រភេទ ដែលមានរូបរាងធំជាងគេបំផុត បើប្រៀបនឹងអណ្តើកប្រភេទផ្សេងៗ។ អណ្តើកយក្សនេះ អាចមានទម្ងន់រហូតដល់ទៅ ៤១៧ គីឡូក្រាម។ វាមានដើមកំណើតមកពី ប្រជុំកោះ Galapagos ទាំងប្រាំពីរ និងអាចរស់នៅបានជាង ១០០ ឆ្នាំជាមធ្យម។ អណ្តើកយក្ស Galapagos មួយក្បាលឈ្មោះ Harriet បានងាប់ដោយសារអាការៈគាំងបេះដូង នៅអាយុ ១៧៥ ឆ្នាំ ក្នុងខែមិថុនា ឆ្នាំ ២០០៦ នៅក្នុងសួនសត្វ។ ក្នុងចំណោមនោះ អណ្តើក Galapagos ដែលមានភាពល្បីល្បាញជាងគេ មានឈ្មោះថា “Lonesome George” ដែលមានអាយុ ១០០ ឆ្នាំហើយ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជា អណ្តើកវ័យក្មេងនៅឡើយ ជាពិសេស បានក្លាយជាឯកអគ្គរាជទូតប្រចាំពូជអណ្តើកយក្ស ប្រចាំកោះទៀតផង។  

# បង្កួយ Tuatara

បង្កួយ Tuatara គឺជាប្រភេទសត្វល្មូន នៅក្នុងប្រទេស New Zealand។ មនុស្សមួយចំនួនគិតថា វាមានលក្ខណៈស្រដៀងទៅនឹងជីងចក់ ប៉ុន្តែជាក់ស្តែង វាមានពូជពង្សខុសគ្នាស្រលះ។ បង្កួយ Tuatara ត្រូវបានគេចាត់ទុកជាប្រភេទ ដាយណូស័រ និងមានពណ៌ត្នោត និងប្រផេះ បែកបៃតង។ វាអាចមានប្រវែងរហូតដល់ទៅ ៨០ សង់ទីម៉ែត្រ ពីក្បាល ដល់ចុងកន្ទុយរបស់វា និងអាចមានទម្ងន់ដល់ទៅ ១.៣ គីឡូក្រាម ជាមួយនឹងកំពុលស្រួចៗតាមបណ្តោយខ្នង ជាពិសេស បង្កួយឈ្មោល។ វាអាចរស់នៅបានពី ១០០ ទៅ ២០០ ឆ្នាំឯណោះ! 

# ត្រី Koi

ត្រី Koi ជាពូជត្រីម្យ៉ាង ដែលចិញ្ចឹមសម្រាប់គោលបំណង លម្អភាពស្រស់ស្អាតក្នុងស្រះក្រៅផ្ទះ (ភាគច្រើនគេស្គាល់វាថា ជាត្រីមាស ត្រីប្រាក់ ឬត្រីចិន)។ ត្រី Koi នេះមានពណ៌ និងមានក្រឡាខុសៗប្លែកពីគ្នា រួមមានដូចជា ពណ៌ស ពណ៌ក្រហម ពណ៌លឿង ពណ៌ខៀវ និងពណ៌ប្រាក់។ ពូជត្រីនេះ ជាធម្មតារស់បានតែពី ២៥ ទៅ ៣០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានឯកសារជាច្រើន បានបង្ហាញថា ពួកវាអាចរស់បានពី ១០០ ទៅ ២០០ ឆ្នាំ។ ត្រី Koi ដែលល្បីបំផុតប្រចាំប្រទេសជប៉ុន ឈ្មោះ Hanako បានងាប់នៅឆ្នាំ ១៩៧៧ ក្នុងអាយុ ២២៦ ឆ្នាំឯណោះ! 

# អន្ទង់ Longfinned

Longfinned គឺជាអន្ទង់មួយប្រភេទ ក្នុងចំណោមអន្ទង់ទាំង ១៥ ប្រភេទ។ វាជាអន្ទង់ទឹកសាបមានដើមកំណើតពី New Zealand និងអូស្រ្តាលី ដែលមានរាងវែងដូចជាសត្វពស់ និងមានព្រុយតាមដងខ្លួន រហូតដល់កន្ទុយ។ ជាធម្មតា វាមានពណ៌បៃតងបែកត្នោត និងមានស្នាមអុជៗខ្មៅ ពាសពេញដងខ្លួន ជាមួយនឹងមាត់ធំក្រាស់។ ជាធម្មតា ពួកវាអាចរស់បានរហូតដល់ទៅ ៦០ ឆ្នាំ ប៉ុន្តែ អន្ទង់ពូចនេះ ធ្លាប់បានកត់ត្រាថា មានអាយុរហូតដល់ទៅ ១០៦ ឆ្នាំឯណោះ។ ពួកវាមានការលូតលាស់យឺតណាស់ ដោយក្នុងមួយឆ្នាំ អាចលូតបាន ១ ទៅ ២ សង់ទីម៉ែត្រប៉ុណ្ណោះ។ 

# លៀស Geoduck

លៀស Geoduck (ឈ្មោះតាមបែបវិទ្យាសាស្ត្រគឺ Panopea generosa) គឺជាប្រភេទលៀសទឹកប្រៃដ៏ធំបំផុត តែអាចទទួលទានបាន។ វាមានដើមកំណើតពី ឆ្នេរសមុទ្រខាងលិចនៃ អាមេរិកខាងជើង។ វាមានសំបកពី ១៥ ទៅ ២០ សង់ទីម៉ែត្រ ប៉ុន្តែ ក របស់វាអាចមានប្រវែងដល់ទៅ ១ ម៉ែត្រ។ វាក៏ជាសត្វមួយប្រភេទ ដែលអាចរស់នៅបានយូរជាងគេ ក្នុងពិភពលោកដែរ ដែលជាធម្មតា ពួកវាអាចរស់បានរហូតដល់ទៅ ១៤០ ឆ្នាំ (លៀស Geoduck ដែលចាស់ជាងគេបំផុត ធ្លាប់បានកត់ត្រាថាមានអាយុ ១៦៨ ឆ្នាំឯណោះ)។ 

# បក្សី Macaw

Macaw ជាប្រភេទបក្សី (ត្រូវបានគេចាត់ចូលជា សេក) កន្ទុយវែង និងមានរោមពណ៌ចម្រុះ ដ៏ស្រស់ស្អាត។ ពូជបក្សីនេះ មានដើមកំណើតពីបណ្តាប្រទេសដូចជា អាមេរិកកណ្តាល អាមេរិកខាងជើង (ក្នុងប្រទេស ម៉ិចស៊ិច) អាមេរិកខាងត្បូង និងអតីតតំបន់ការីប៊ី (Caribbean)។ Macaw អាចរស់នៅបានរហូតដល់ទៅ ៦០ ទៅ ៨០ ឆ្នាំឯណោះ ជាមធ្យម និងមានអាយុបង្កាត់ពូជពី ៣០ ទៅ ៣៥ ឆ្នាំ។ ជាអកុសល Macaw ភាគច្រើនទទួលរងការគម្រាមកំហែងយ៉ាងខ្លាំង និងមួយចំនួនបានផុតពូជទៅហើយ។ 

# លៀសសមុទ្រ Ocean Quahog

Ocean quahog គឺជាប្រភេទលៀស ដែលអាចបរិភោគបាន រស់នៅក្នុងទឹកប្រៃ។ វាមានដើមកំណើតពី មហាសមុទ្រអាត្លង់ទិកភាគខាងជើង និងត្រូវបានគេប្រមូលមក ធ្វើជាអាហារយ៉ាងឆ្ងាញ់ពិសារ។ សំណាកដែលប្រមូលបានក្នុងទឹក ត្រូវបានគេគណនាថា មានអាយុដល់ទៅជាង ៤០០ ឆ្នាំ។ ពូជលៀសនេះ បានបង្ហាញពីអាយុកាលរស់នៅយ៉ាងយូរមិនគួរឲ្យជឿ។ លៀសឈ្មោះ Ming ត្រូវបានកត់ត្រាជាលៀសដែលចំណាស់ជាងគេ មានអាយុដល់ទៅ ៥០៧ ឆ្នាំឯណោះ! វាត្រូវបានចាប់យកមកទាំងរស់ នៅឆ្នាំ ២០០៦។ ជាក់ស្តែង វានឹងអាចរស់បានយូរជាងនេះទៅទៀត ប្រសិនបើគេយកវាទៅកាន់សមុទ្រវិញ។ 

# ខ្ញែសមុទ្រ Turritopsis dohrnii

ខ្ញែសមុទ្រ Turritopsis dohrnii (ឬត្រូវបានគេហៅវាថាជា ខ្ញែរសមុទ្រអមតៈ) គឺជាប្រភេទខ្ញែសមុទ្រមួយ ដែលមានរូចរាងតូច និងមានជីវិតអមតៈតាមបែបជីវសាស្រ្ត។ វាត្រូវបានរកឃើញនៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងក្នុងដែនទឹករបស់ប្រទេសជប៉ុន។ វាមានចំណុចពិសេស ដ៏អស្ចារ្យ ដោយអាចប្រែក្លាយខ្លួនរបស់វាពី ភាពពេញវ័យ ទៅជាវ័យទារកវិញបាន ដែលដំណើរការនេះហៅថា “Transdifferentation” (ជាដំណើរ ដែលប្រភេទកោសិកាមួយបំលែង ជាកោសិកាមួយផ្សេងទៀត)។ ហេតុនេះហើយ ទើបមិនអាចមាននរណាម្នាក់អាច កំណត់អាយុកាលរស់នៅ របស់វាបានឡើយ។ ជាពិសេស ដោយសារតែពួកវាអាចចៀសផុតពីការស្លាប់បានបែបនេះ ទើបចំនួនរបស់វាក៏មានច្រើនសន្ធឹកសន្ធាប់ផងដែរ៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សត្វទាំង ១០ ដែលមានអាយុរស់នៅ បានយូរជាងគេបំផុត លើពិភពលោក

សត្វទាំង ១០ ដែលមានអាយុរស់នៅ បានយូរជាងគេបំផុត លើពិភពលោក

សត្វទាំង ១០ ដែលមានអាយុរស់នៅ បានយូរជាងគេបំផុត លើពិភពលោក

សត្វទាំង ១០ ដែលមានអាយុរស់នៅ បានយូរជាងគេបំផុត លើពិភពលោក

សត្វទាំង ១០ ដែលមានអាយុរស់នៅ បានយូរជាងគេបំផុត លើពិភពលោក

សត្វទាំង ១០ ដែលមានអាយុរស់នៅ បានយូរជាងគេបំផុត លើពិភពលោក

សត្វទាំង ១០ ដែលមានអាយុរស់នៅ បានយូរជាងគេបំផុត លើពិភពលោក

សត្វទាំង ១០ ដែលមានអាយុរស់នៅ បានយូរជាងគេបំផុត លើពិភពលោក

សត្វទាំង ១០ ដែលមានអាយុរស់នៅ បានយូរជាងគេបំផុត លើពិភពលោក

សត្វទាំង ១០ ដែលមានអាយុរស់នៅ បានយូរជាងគេបំផុត លើពិភពលោក