ភ្លើង​ប្រចណ្ឌ​ចាក់​ប្រពន្ធ​16​កាំបិត ចាក់​ខ្លួនឯង​4​កាំបិត

ភ្លើង​ប្រចណ្ឌ​ចាក់​ប្រពន្ធ​16​កាំបិត ចាក់​ខ្លួនឯង​4​កាំបិត



ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​កម្តៅភ្លើង​ប្រចណ្ឌ​ទាំង​ងងឹតងងល់​លើស​ពី​១០០​អង្សា បាន​ជំរុញ​ឱ្យ​បុរស​ជា​ប្តី​ផ្ទុះ​ជា​ជម្លោះ​ជាមួយ​ប្រពន្ធតឹងសរសៃក​រៀង​ៗ​ខ្លួន រហូត​ទប់​កំហឹង​លែង​បាន​ក៏​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ប្រពន្ធ ត្រូវ​ត្រង់​ពោះ​រហូត​ដល់​១៦​កាំបិត ហូរ​ឈាម​ដាប​ធរណី​ដេក​ដួល​នៅ​ក្នុងផ្ទះ ។ ភ្លាម​ៗ​ដោយ​នឹក​ស្មានថា​ប្រពន្ធ​ស្លាប់​ហើយ​នោះ បុរស​ជា​ប្តី​ក៏​យក​កូនកាំបិត​មក​ចាក់់​ខ្លួនឯង​៤​កាំបិត​ដើម្បី​បញ្ចប់ជីវិត​តាម​ប្រពន្ធ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា នៅ​ភូមិ​ម៉ាស៊ីន ឃុំ​រូង ស្រុក​មេមត់ ។ ក្រោយ​កើតហេតុ ទាំង​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ តែ​ដោយសារ​ស្ថានភាព​របួសធ្ងន់​ពេក ក៏​ដឹក​បន្ត​តាម​រថយន្ត​សា​មុ​យ​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ទៀត ហើយ​ជា​គ្រោះ​អកុសល​បុរស​ជា​ប្តី​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥ ខែកញ្ញា ។ ចំណែក​ប្រពន្ធ​វិញ​គឺ​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ ដោយ​គ្រូពេទ្យ​បាន​ដាក់​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន ហើយ​បាន​បង្ហើប​ប្រាប់​ថា​មិនសូវ​សង្ឃឹម​ទេ  ។

ស្ត្រី​ចំណាស់​ឈ្មោះ ខឹ​ម សឿ​ន អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ត្រ​មេ​ង​ក្រោម ឃុំ​រូង និយាយ​ថា កូនស្រី​បង្កើត​របស់​គាត់​ឈ្មោះ ហែម ផល្លា អាយុ​២៨​ឆ្នាំ បាន​រៀប​ការ​ទៅ​តាម​ប្រពៃណីជាមួយនឹង​កូនប្រសា​ឈ្មោះ យិ​ន សុខ​ឡេ​ង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ាស៊ីន ឃុំរូង ។ បន្ទាប់​ពី​រៀប​ការ​រួច បាន​រស់នៅ​ជាមួយនឹង​គាត់​ជាង​១​ឆ្នាំ លុះ​ក្រោយមក​ក៏​ចាកចេញ​ទៅ​រស់នៅ​ខាង​ប្តី ដោយ​ប្រកប​របរ​ធ្វើ​ចម្ការ ។

ស្ត្រី​ចំណាស់​ជា​ម្តាយ​រៀបរាប់​ទៀត​ថា ចាប់តាំងពី​ពេល​កូនស្រី​គាត់​មាន​ប្តី​មក​ពុំដែល​មាន​សុភមង្គល​ក្នុង​គ្រួសារ​ទេ ។ ក្នុង​ពេល​មួយ​នោះ ដោយ​មើលឃើញ​ប្តី​ប្រពន្ធ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​បែប​នេះ គាត់​បាន​ប្រាប់​កូនស្រី​ឲ្យ​លែងលះ​ប្តី​ទៅ ហើយ​មក​រស់​ជាមួយនឹង​ម្តាយ​វិញ គឺ​រស់នៅ​ក្នុង​ភាព​មេម៉ាយ​ទៅ​ចុះ ចំណែក​កូនប្រសា​នោះ ទុក​ឲ្យ​គេ​រកប្រពន្ធ​ទៀត​ទៅ ។ ប៉ុន្តែ​កូនស្រី​បាន​តប​មក​គាត់​ថា បានជា​ជ្រុល​ទៅ​ហើយ សុខចិត្ត​រួមរស់​ជាមួយនឹង​ប្តី​បន្ត​ទៀត ដែល​រហូត​មក​ដល់​សព្វថ្ងៃ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ តែ​មិន​មានកូន​ទេ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា កូនស្រី​ត្រូវ​បាន​គេ​ដឹក​មក​ដល់​ផ្ទះ​គាត់ ដោយ​មាន​ស្នាម​ចាក់​ត្រូវ​ពោះ​រហូត​ដល់​១៦​កន្លែង​មាន​ឈាម​ហូរ​ពេញ​ខ្លួនប្រាណ ។ ចំណែក​កូនប្រសា​វិញ​ក៏​បាន​ដឹក​មក​ជា​បន្តបន្ទាប់​ដែរ​តាម​ម៉ូតូ ។ ដំបូង​មិនដឹង​ថា​រឿងហេតុ​កើតឡើង​ដោយសារ​អ្វី​ទេ ក៏​ប្រញាប់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​មេមត់ និង​នាំ​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ទៀត ។

លុះ​នៅ​ពេល​កូនស្រី​ដឹងខ្លួន​ក៏​និយាយ​រៀបរាប់​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ថា មូលហេតុដែល​រហូត​ដល់​ទៅ​ប្រើ​អំពើ​ហិង្សា​នេះ ដោយសារ​តែ​ដំបូង​មាន​បុរស​ម្នាក់​បាន​ទូរស័ព្ទ​មក​ទិញ​លេខ​ឆ្នោត​(​កន្ទុយលេខ​) ។ លុះ​ពេល​ប្តី​ឮ​និយាយ​ជាមួយនឹង​បុរស​ផ្សេង ក៏​កើតជា​រឿង​ប្រចណ្ឌ​ហើយ​ឈ្លោះប្រកែក​គ្នា ទោះបីជា​កូនស្រី​គាត់​ខិតខំ​ពន្យល់​ពី​ហេតុផល​ប្រាប់​យ៉ាងណា​ក្តី ក៏ប្តី​មិន​យល់​ស្រប​តាម​ដែរ គិតតែ​ពី​ចោទប្រកាន់​គ្មាន​ហេតុផល ទើប​ផ្ទុះ​ជម្លោះ​គ្នា​តឹងសរសៃក​ទៅ​វិញ​ទៅ​មក ។

ទីបំផុត ប្តី​បាន​យក​កូនកាំបិត​មក​ចាក់​ប្រពន្ធ រួច​ចាក់​ខ្លួនឯង បណ្តាល​ឲ្យ​រង​របួសធ្ងន់​ដួល​ដេក​ក្នុងផ្ទះ​ទាំងអស់​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​នៅ​ជិតខាង នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​មេមត់ និង​បន្ត​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម ។

លោក សាត លី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រូង បាន​ឲ្យ​ដឹង​ដែរ​ថា ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​រៀប​ការ​ជាង​១០​ឆ្នាំ​មក​ហើយ តែ​មិន​មានកូន​ទេ ហើយ​តែងតែមាន​ភាព​រកាំរកូស​ជា​ញឹកញាប់ ។ ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ជា​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយ​បុរស​ជា​ប្តី​បាន​យក​កាំបិត​មក​ចាក់​ប្រពន្ធ ហើយដោយ​នឹក​ស្មាន​តែ​ប្រពន្ធ​ស្លាប់​ក៏​ចាក់​ខ្លួនឯង​តាម​ក្រោយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់ និង​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​គោ​យន្ត​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ និង​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ទាំង​យប់ ។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​បុរស​ជា​ប្តី​ក៏​ស្លាប់ ឯ​ប្រពន្ធ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​ដែល​គ្រូពេទ្យ​ប្រាប់​ថា សង្ឃឹម​តិច​ណាស់ ៕