អ្នកយាម​ក្នុង​បរិវេណ​អង្គរ វាយ​ជន​មាន​សតិ​មិន​គ្រប់ ត្រូវ​បាន​ចាត់​ទុក​ថា​សាហាវ

អ្នកយាម​ក្នុង​បរិវេណ​អង្គរ វាយ​ជន​មាន​សតិ​មិន​គ្រប់ ត្រូវ​បាន​ចាត់​ទុក​ថា​សាហាវ



ខេត្ដសៀមរាប ៖ ក្រុម​អ្នកយាម​នៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​ព្រួត​គ្នា​វាយ​យុវជន​ម្នាក់ ដោយ​ចាប់​ចងដៃ​ទាំង​២​ទៅ​ក្រោយ ទោះបីជា​ដឹង​ថា​យុវជន​រូបនេះ ជា​ជន​មាន​សតិ​មិន​គ្រប់​ក្ដី ។ 

ការ​វាយ​ធ្វើបាប​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ កញ្ញា ស្ថិត​នៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ខាងត្បូង​ឈៀង​ខាងលិច វត្ត​រការ​ខាងត្បូង ។

បើ​តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ថា មុន​ថ្ងៃ​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​នោះ មិន​ត្រូវ​បាន​នគរបាល អនុញាត​ឱ្យ​ចូល​មក​ក្នុង​បរិវេណ​ប្រាសាទ​អង្គ​វត្ត​នោះ​ទេ ។ ខណៈ​ពេល​នោះ​ជន​ដែល​មាន​សតិ​មិន​គ្រប់​ម្នាក់​នេះ បាន​ហែល​ទឹក​កស្សិណ​អង្គរ គឺ​ហែល​ឆ្លង​ទៅ​ឆ្លង​មក រហូត​ដល់​ចូល​ក្នុង​បរិវេណ​អង្គរ​បាន ។

ប្រភព​ពី​ក្មេង​ក្នុង​វត្ត នៅ​កន្លែង​ហេតុការណ៍ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ដែរ​ថា ជន​មាន​សតិ​មិន​គ្រប់​ម្នាក់ ហើយ​ក៏​ជា​ជនអនាថា​ផង​ដែរ បាន​ដើរ​ចូល​មក​ក្នុង​វត្ត​ដើម្បីរ​កបាយ​ហូប ខណៈនោះ​ស្រាប់តែ​គាត់​ខឹង​បោក​ចាន​បាយ​បែក​អស់​មួយ ហើយ​បន្ទាប់​មក ក៏​បាន​រត់​ចេញ​ទៅ​ក្រៅ​វិញ​បាត់​ទៅ ។

ក្រោយមក​ស្រាប់តែ​មាន​អ្នកយាម​របស់​អាជ្ញាធរ​ជាតិ​អប្សរា​មួយ​ក្រុម​បាន​ស្ទាក់​ខាង​មុខ​និង​ចាប់​បាន​យក​ទៅ​កន្លែង​ស្ងាត់ នៅ​ក្នុង​ព្រៃ​ជិត​ប្រាសាទ​តា​រាជ្យ ក៏​បាន​វាយដំ​រហូត​ដល់​សន្លប់ រួច​ហើយ បាន​ចាប់​ចងដៃ​ទៅ​ក្រោយ ឱ្យ​ដេក​ផ្កាប់​ទុក​ចោល​ក្នុង​ព្រៃ​នោះ ។

ប្រភព​បន្ត​ថា ក្រោយមក​ទើប​មាន​មន្ត្រី​នគរបាល​និង​មន្ត្រី​អប្សរា បានឃើញ​ក៏​នាំ​គ្នា​លើកដាក់​ម៉ូតូ ដឹក​យក​ចេញ​ទៅ​តាម​ផ្លូវ​ព្រ​លាន​យន្តហោះ ដោយ​យក​ស្បង់​ចីវរ​រុំ​មុខ​ថែម​ទៀត​ផង ។

ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នេះ​ដែរ លោក ឡុ​ង កុសល អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៣​និង​៥១​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នេះ​ថា ករណី​នេះ​លោក​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់​ទេ កំពុង​ឱ្យ​គេ​ស៊ើ​ប​សួរ​រឿង​ពី​ព្រឹក​នោះ ។ លោក​បន្ត​ថា បើ​មន្ត្រី​របស់​អាជ្ញាធរ​អប្សរា អ្នក​ទាំងអស់​ហ្នឹង​គាត់​មានការ​ងារ មាន​វិជ្ជា​វីវៈ មានការ​ទទួលខុសត្រូវ មិន​អាច​ចេះ​តែ​ធ្វើ​អ​ញ្ចឹ​ង​កើត​ទេ ។

លោក​បាន​បញ្ជាក់​ថា បើ​មាន​ករណី​នេះ​មែន គេ​មាន​ក្រុមប្រឹក្សាវិន័យ មាន​ចំណាត់ការ​តាម​បែបបទ​រដ្ឋបាល​ហើយ​បើ​មាន​អ​ញ្ចឹ​ង​មែន​នោះ នឹង​ត្រូវធ្វើ​តាម​ច្បាប់​ជាក់​ជា​មិន​ខាន​ឡើយ ៕