លាក់​គ្រឿងញៀន​ក្នុង​ពោះ​ចាប់​ទុក​2​ថ្ងៃ​ជុះ​ធ្លាក់​បាន​38​គ្រាប់

លាក់​គ្រឿងញៀន​ក្នុង​ពោះ​ចាប់​ទុក​2​ថ្ងៃ​ជុះ​ធ្លាក់​បាន​38​គ្រាប់



រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប្រចាំការ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ថ្ងៃ​ទី​២៣ កញ្ញា បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់ បន្ទាប់​ពី​បាន​រក​ឃើញ​ថា មាន​លេបថ្នាំ​ញៀន​លាក់​ក្នុង​ពោះ ឆ្លងកាត់​៣​ប្រទេសទើប​មក​ដល់​ប្រទេស​កម្ពុជា ជាប់អន្ទាក់​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់ ឈ្មោះ BOTHA JACOBUS DAWIE អាយុ​៣០​ឆ្នាំ ដោយ​សង្ស័យ​មាន​ថ្នាំ​ញៀន​លាក់​ទុក​ក្នុង​ពោះ ។ ជនបរទេស​ម្នាក់​នេះ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ប្រេ​ហ្សី​ល ដោយ​ឆ្លងកាត់​ព្រ​លាន​យន្តហោះ​ឌូ​បៃ ប្រទេស​អា​រ៉ាប់ អេ​មី​រ៉ាត់ (​អា​រ៉ាប់​រួម​) និង​ក្រុង​បាងកក ប្រទេស​ថៃ តាម​ជើង​យន្តហោះ Bangkok airway លេខ EY ៤០២ ។

បន្ទាប់​ពី​បាន​ធ្វើការ​ឃាត់ខ្លួន ដោយ​មានការ​សង្ស័យ​តាម​ជំនាញ​របស់​សមត្ថកិច្ច ក៏​ត្រូវ​បាន​នាំ​ទៅ​ស្គេ​ន​មើល​ក្នុង​ខ្លួន​ភ្លាម​ៗ​ដែរ ជា​លទ្ធផល​រក​ឃើញ​ថា មាន​គ្រាប់​ថ្នាំ​ញៀន​លាក់​នៅ​ក្នុង​ពោះ ដែល​អាច​កំណត់​បាន​ថា ពិតជា​គ្រាប់​ថ្នាំ​ញៀន​មែន ។ ក្រោយ​ពី​ស្គេ​ន​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​ពោះ​បុរស​នោះ​ហើយ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនបរទេស​រូប​នេះ ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បើក​ការ​ស៊ើបអង្កេត​បន្ត ។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា ខ្លួន​បាន​លេប​គ្រឿងញៀន​នេះ ជា​ប្រភេទ​ថ្នាំ​កូកាអ៊ីន​ចូល​ក្នុង​ពោះ​ជិត​១០០​គ្រាប់ ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ព្យាយាម​ទុក​ពេល​២​ថ្ងៃ ដើម្បី​ឲ្យ​បុរស​រូប​នេះ បញ្ចេញ​គ្រឿងញៀន​ពី​ក្នុង​ពោះ​នោះ​មក​វិញ ។ ២​ថ្ងៃ​នៃ​ការ​បង្ខាំង​ទុក​នេះ តាម​រយៈ​លាមក​បាន​រក​ឃើញ​តែ​៣៦​គ្រាប់​ប៉ុណ្ណោះ មិន​ដូច​ការ​អះអាង​របស់​ជនសង្ស័យ​នេះ​ឡើយ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា កំពុង​តាមដាន​បន្ត​ទៀត​នៅ​ពេល​ណា​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ចប់​សព្វគ្រប់ ពោល​គឺ​ទម្លាក់​ថ្នាំ​ញៀន​អស់ពី​ក្នុង​ពោះ តាម​រយៈ​បត់ជើងធំ​ធ្លាក់​អស់ហើយ នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​និ​តិ​វិធី ។

សកម្មភាព​នេះ​សន្មត់​ថា ជា​ឧ​ក្រិ​ដ្ឌ​ជន​ថ្នាំ​ញៀន​ឆ្លង​ដែន ដ៏​មាន​ជំនាញ​ខាង​លាក់​ដែល​កម្រ​បាន​ជួប​ប្រទះ ៕