មន្ដ្រី​រាជការ​ធ្វើការ​នៅ គជប​ ទទួល​បាន​ប្រាក់ខែ​ឌុប

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈលោក ពេជ្រ ប៊ុនធិន បានសរសេរលិខិតប្រាប់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ថាមន្ដ្រីរាជការដែលទទួលបានការអនុញ្ញាតពីក្រសួងស្ថាប័នឲ្យទៅបម្រើការងារជាមន្រ្តីជាប់កិច្ចសន្យានៅ គជប ប្រមាណ ៧០០០ នាក់ត្រូវបានអនុញ្ញាតឲ្យរក្សាទុកបៀវត្សរ៍ជាធម្មតាក្រោយពីមានការសម្រេចពីរដ្ឋាភិបាល។

យោងតាមលិខិតរបស់ក្រសួងមុខងារសាធារណៈចុះហត្ថលេខាដោយលោក ពេជ្រ ប៊ុនធិន កាលពីថ្ងៃទី ២៣ កញ្ញាផ្ញើជូន គជប បានឲ្យដឹងថាផ្អែកលើការសម្រេចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មន្ដ្រីរាជការដែលទទួលបានការអនុញ្ញាតពីក្រសួងស្ថាប័នឲ្យទៅបម្រើការងារជាមន្ដ្រីជាប់កិច្ចសន្យានៅ គជប ពួកគេត្រូវបានអនុញ្ញាតឲ្យរក្សាទុកបៀវត្សរ៍រួមមានបៀវត្សរ៍មូលដ្ឋាន និងប្រាក់បំណាច់មុខងារព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

Loading...

កាលពីថ្ងៃទី ២៣ កញ្ញាលោកនាយករដ្ឋមន្ដ្រីបានសរសេរក្នុង Facebook របស់លោកថាលោកអរគុណអ្នកដែលបាន comment លើហ្វេសប៊ុករបស់លោកទាក់ទងទៅនឹងលិខិតរបស់ក្រសួងមុខងារសាធារណៈលេខ ៣០២០ មស.ត្ររចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦។

លោក ហ៊ុន សែន បញ្ជាក់ថាដោយចំនួនមន្ត្រីរាជការដែលបម្រើការងារនៅ គ.ជ.ប ក្នុងការងារចុះឈ្មោះបោះឆ្នោតមិនមានផលប៉ះពាល់ដល់និរន្តរភាពការងាររបស់ក្រសួងស្ថាប័នដើម លោកយល់ព្រមឲ្យក្រសួងរក្សាបៀវត្សរ៍សរុបរបស់មន្រ្តីទាំងនោះដោយរួមទាំងប្រាក់បំណាច់មុខងារដែលមានស្រាប់ហើយបើកប្រាក់កម្រៃដែលផ្តល់ឲ្យដោយ គ.ជ.ប តាមការកំណត់នៅពេលបំពេញការងារចុះឈ្មោះបោះឆ្នោត។

លោក ហ៊ុន សែន បានបញ្ជាឲ្យក្រសួងមុខងារសាធារណៈផ្អាកអនុវត្តលិខិតលេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ របស់ក្រសួងមុខងារសាធារណៈ។

យោងតាមលិខិតចុះថ្ងៃទី ១៩ កញ្ញា របស់ក្រសួងមុខងារសាធារណៈបានឲ្យដឹងថាមន្ដ្រីរាជការស៊ីវិលដែលត្រូវបានជ្រើសរើសឲ្យក្លាយជាមន្ដ្រីជាប់កិច្ចសន្យាបម្រើការងារនៅ គជប ត្រូវទទួលបានតែប្រាក់បៀវត្សរ៍មូលដ្ឋានប្រាក់វិភាជន៍គ្រួសារ និងប្រាក់ឧបត្ថម្ភផ្សេងៗព្រមទាំងប្រាក់ឧបត្ថម្ភដែលផ្តល់ដោយ គជប ប៉ុណ្ណោះមិនអាចទទួលបានប្រាក់បំណាច់មុខងារនៅស្ថាប័នដើមឡើយ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប បានឲ្យដឹងថាបច្ចុប្បន្ន គជប មានមន្រ្តីជាប់កិច្ចសន្យាដែលមកពីក្រសួងសាមី និងស្ថាប័នរដ្ឋប្រហែលជិត ៧០០០ នាក់កំពុងបម្រើការជាមន្ដ្រីជាប់កិច្ចសន្យានៅ គជប ប្រមាណជា ៣ ខែឬ ៤ ខែអំឡុងពេលចុះឈ្មោះបោះឆ្នោត។

លោកថា៖ «អំឡុងពេលធ្វើការនៅ គជប ជាមន្រ្តីជាប់កិច្ចសន្យាពួកគាត់ធ្វើការពេញលេញមិនប៉ះពាល់ដល់ក្រសួងដើមគាត់ទេពួកគាត់ជាប់កិច្ចសន្យានៅ គជប ៣ ឬ ៤ ខែទទួលបានបៀវត្សរ៍ពី គជប តែឥឡូវពួកគាត់ត្រូវបានគេរក្សាប្រាក់បៀវត្សរ៍នៅក្រសួងដើមជាធម្មតា»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍