បុរស​២​នាក់ ផ្ទុះ​ហិង្សា​រឿង​ផឹកស៊ី​ ៤​ដាវ​ឈាម​ស្រោច​ខ្លួន

ខេត្តត្បូងឃ្មុំ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងលិចវត្តដារ  ក្នុងភូមិដារជើង ឃុំដារ ស្រុកមេមត់ ។ ជនរងគ្រោះឈ្មោះ អ៊ុក អាយ អាយុ២២ឆ្នាំ រស់នៅភូមិទ្រៀក ឃុំដារ ស្រុកមេមត់ ចំណែកជនបង្កឈ្មោះ ភក្តិ ភេទប្រុស ។
មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ និងជនបង្ក អង្គុយផឹកស៊ីនៅចំណុចផ្ទះរបស់ឈ្មោះ សុខចាន់ លុះពេលផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៏បានឈ្លោះប្រកែកគ្នា បន្ទាប់មកជនបង្កក៏បានយកដាវមកកាប់ប្រហារជនរងគ្រោះត្រូវក្បាលចំហៀងខាងឆ្វេង ភ្លៅខាងឆ្វេង ម្រាមដៃស្តាំស្ទើរដាច់និងខ្នងដៃខាងឆ្វេងរបួសធ្ងន់ ។
ក្រោយពីបានកាប់ជនរងគ្រោះរួច ជនបង្កបានរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាមទាំងយប់ផងដែរ ។ ជាមួយនោះសមត្ថកិច្ចបានហៅសាក្សីមកសួរនាំ ដើម្បីឲ្យដឹងពីមូលហេតុពិតប្រាកដ ថាតើជម្លោះផ្តើមចេញពីអ្វីមួយបានជាឈានទៅផ្ទុះអំពើហិង្សាកាប់ប្រហារគ្នាបែបនេះ ។ រហូតមកដល់ព្រឹកថ្ងៃទី២៦កញ្ញានេះ ប៉ុស្តិ៍រដ្ឋបាលដារ នៅមិនទាន់ចាប់បានជនបង្កនៅឡើយទេ ព្រោះថា ជននោះបានរត់គេចខ្លួនបាត់ទៅហើយ ៕
បុរស​២​នាក់ ផ្ទុះ​ហិង្សា​រឿង​ផឹកស៊ី​ ៤​ដាវ​ឈាម​ស្រោច​ខ្លួន