អត្ថន័យ​ពូន​ភ្នំខ្សាច់ គឺ​ចាត់​ទុក​គ្រាប់​ខ្សាច់​ដូច​ជា​ជីវិត

គេ​​តែង​​សង្កេត​ឃើញ​​ បង​ប្អូន​ខ្មែរ​និយម​ធ្វើ​​ពិធី​ពូន​ភ្នំ​ខ្សាច់​នៅ​តាម​វត្ត ​​​​​ក្នុង​ឱកាស​ពិធី​បុណ្យ​ផ្សេង​ៗ​ដូច​ជា​នៅ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា និង​​​ក្នុង​រដូវ​​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​ដើម​។ តើ​​ការ​ប្រារព្ធ​ពិធី​នេះ​មាន​​ន័យ​ដូច​ម្ដេច​ខ្លះ​ទៅ?

 

អត្ថន័យ​ពូន​ភ្នំខ្សាច់ គឺ​ចាត់​ទុក​គ្រាប់​ខ្សាច់​ដូច​ជា​ជីវិត

 

លោក​អាចារ្យ​ សូរ សារ៉ុម​ នៅ​វត្ត​​សិរីសាគរ​ ខេត្ត​ព្រៃ​វែង​ បាន​មាន​ប្រសាសន៍​បក​​​​ស្រាយ​ចម្ងល់​ខាង​លើ​ថា គឺ​​​គេ​ធ្វើ​ឡើង​ដើម្បី​រំដោះ​​កម្ម​ពៀរ​វេរា ឬ​រាសី​ដាក់​​​​(រាសី​ចុះ​) ពី​ពួក​បិសាច​ ឬ​បាប​​កម្ម​ចង្រៃ​ដែល​ចង់​មក​យាយី​។ ការ​​រំដោះ​ពៀរ​វេរា​នោះ​គឺ​តាម​រយៈ​ការ​ឲ្យ​​​​​​​​​​ព្រលឹង​កម្ម​​ចង្រៃ​ ព្រាយ​បិសាច​ដែល​មក​យាយី​​​​​ត្រូវ​​​រាប់​គ្រាប់​ខ្សាច់​​ដែល​បុគ្គល​បាន​​​ពូន​នោះ​ឲ្យ​អស់​ បើ​រាប់​មិន​អស់​ទេ គឺ​មាន​ន័យ​បុគ្គល​​​ធ្វើ​បុណ្យ​ ពូន​​ភ្នំ​ខ្សាច់​បាន​រំដោះ​កម្ម​ពៀរ​ពី​ឧបទ្រព​ចង្រៃ​ទាំង​នោះ។ ​​​​

 

 

ដោយ​​ឡែក​ ​បើ​យោង​តាម​ឯកសារ​​​​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ជា​ច្រើន​​បាន​​​សរសេរ​ថា ការ​ធ្វើ​ពិធី​ពូន​ភ្នំ​ខ្សាច់​​​​ឡើង​គឺ​មាន​អត្ថន័យ​​មួយ​ចំនួន​​ទៀត​ដូច​ជា៖

 

*** ពិធី​ពូន​ភ្នំ​ខ្សាច់​ធ្វើ​ឡើង​ដើម្បី​ឧទិ្ទស​​ដល់​ព្រះ​មុនី​ចេតិយ​របស់​ព្រះ​សម្មាសម្ពុទ្ធ​ ​ដែល​មាន​ន័យ​ថា​ ភ្នំ​ខ្សាច់​គរ​លើ​គ្នា​នោះ​​ប្រៀប​​នឹង​កូន​ភ្នំ​មួយ​ តំណាង​ឲ្យ​ព្រះ​ចេតិយ​​មាន​តម្កល់​ព្រះ​​អដ្ឋិ​ធាតុ​​របស់​ព្រះ​ពុទ្ធ។ នៅ​ពេល​ដែល​​បុគ្គល​ណា​បាន​ពូន​ភ្នំ​ខ្សាច់​​ហើយ​នោះ គឺ​ហាក់​បី​បាន​ចូល​រួម​ក៏​សាង​ព្រះ​ចេតិយ​ថ្វាយ​ព្រះ​ពុទ្ធ​។ ដោយ​បុគ្គល​នោះ​នឹង​ទទួល​ផល​អានិសង្ឃ​​ខ្ពស់។

 

*** ការ​ធ្វើ​ពិធី​ពូន​ភ្នំ​ខ្សាច់​គឺ​ដើម្បី​រំដោះ​កម្ម​ពៀ​វេរា​​ដែល​បុគ្គល​​ធ្លាប់​បាន​សាង​ពី​ជាតិ​មុន​មក។ មាន​ន័យ​ថា​ប្រសិន​បើ​​បុគ្គល​​នោះ​មាន​ពៀរ​ដោយ​ហេតុ​ធ្លាប់​បាន​សម្លាប់​សត្វ​ឬ​បៀត​បៀន​អ្នក​ដទៃ​ពី​​ជាតិ​មុន​ ហើយ​គេ​ចង់​មក​ចង​កម្ម​ពៀរ​ ឬ​យក​ជីវិត​បុគ្គល​នោះ​ ត្រូវ​តែ​រាប់​ចំនួន​ខ្សាច់​ដែល​​មនុស្ស​នោះ​បាន​ពូន​​ឲ្យ​​អស់​សិន​ ទើប​អាច​យក​ជីវិត​ ឬ​ចង​កម្ម​ពៀរ​បាន​។ បើ​រាប់​មិន​អស់​ទេ​មាន​ន័យ​ស្មើ​នឹង​​បុគ្គល​នោះ​បាន​រំដោះ​កម្ម​ចង្រៃ​ពី​​សត្វ​ ឬ​ព្រលឹង​ចង​ពៀរ​នោះ។

 

​​​​​​​*** ការ​​ធ្វើ​ពិធី​ពូន​ភ្នំ​ខ្សាច់​​គឺ​​ដោយ​យោង​តាម​ វត្ត​អារាម​មួយ​ចំនួន​​ ជា​ពិសេស​នៅ​ទី​ជន​បទ​ មាន​ការ​ខ្វះ​ខាត​ខ្សាច់​ធ្វើ​សំណង់​។ ដូច​នេះ​ព្រះ​សង្ឃ​ ឬ​គណៈ​កម្មការ​វត្ត​អនុញ្ញាត​​ ឲ្យ​មាន​ពិធី​នោះ​ឡើង​ បន្ទាប់​មក​គេ​យក​ខ្សាច់​​នោះ ទៅ​ប្រគេន​ព្រះ​សង្ឃ​សម្រាប់​ ដែល​ត្រូវ​​ការ​វត្ថុ​ធាតុ​ដើម​​នោះ​ទៅ​ប្រើ​ប្រាស់​សាង​សង់​​អ្វី​ៗ​ ក្នុង​បរិវេណ​វត្ត ឬ​ក្រៅ​វត្ត​ ដោយ​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​៕

 

អត្ថន័យ​ពូន​ភ្នំខ្សាច់ គឺ​ចាត់​ទុក​គ្រាប់​ខ្សាច់​ដូច​ជា​ជីវិត

 

អត្ថន័យ​ពូន​ភ្នំខ្សាច់ គឺ​ចាត់​ទុក​គ្រាប់​ខ្សាច់​ដូច​ជា​ជីវិត

 

អត្ថបទ៖ មាន រតនា ​​​

​​​