ឥណ្ឌា​យក​ថ្ងៃ​ខួបកំណើត​លោក គ​ន្ធី ដើម្បី​ផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-26-2016, 4:24 pm         101

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឥណ្ឌា​យក​ថ្ងៃ​ខួបកំណើត​លោក គ​ន្ធី ដើម្បី​ផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi (រូបភាព Xinhua)​ប្រទេស​ឥណ្ឌា​ប្រកាសថា ខ្លួន​នឹង​ផ្ដល់​សច្ចាប័ន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្ដីពី​អាកាសធាតុ នៅ​ខែ​តុលាការ​ខាងមុខ ដែល​ស្រប​នឹង​ទិវា​កំណើត​របស់​វីរបុរស​ឯករាជ្យ​ឥណ្ឌា លោក មហា​ត្មះ គ​ន្ធី ដែរ​។ ជាមួយនឹង​ការផ្ដល់​សច្ចាប័ន​របស់​ឥណ្ឌា កិច្ចព្រមព្រៀង​ស្ដីពី​អាកាសធាតុ​នេះ នឹង​ចូល​ជា​ធរមាន​កាន់តែ​ឆាប់ ខណៈដែល​កិច្ចព្រមព្រៀង​នេះ ត្រូវការ​ប្រទេស​ចំនួន​៥៥ ផ្ដល់​សច្ចាប័ន ទើប​អាច​អនុវត្តបាន​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី (Narendra Modi) នៅ​ថ្ងៃទី​២៥ ខែកញ្ញា និយាយថា ប្រទេស​របស់លោក នឹង​ផ្ដល់​សច្ចប័ន​លើ​កិច្ចព្រមព្រៀង​ស្ដីពី​បម្រែបម្រួល​អាកាស នៅ​ខែក្រោយ ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ក្លាយជា​ការពិត​។ បន្ទាប់​ពីនេះ ឥណ្ឌា ដែលជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ធំ​ទី​បី នឹង​ក្លាយជា​ហត្ថលេខី​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​នេះ ដែល​លេច​ជា​រូបរាង​ក្នុង​ឆ្នាំ​២០១៥ នៅឯ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ប៉ារីស​។​

​ថ្លែង​ទៅកាន់​អ្នកចូលរួម​ក្នុង​កម្មវិធី​បក្ស​របស់​លោក​នៅ​រដ្ឋ Kerala លោក ម៉ូ​ឌី និយាយថា ការផ្ដល់​សច្ចាប័ន នៅ​មិន​រូ​ចរាល់​ទេ  ដូច្នេះ​លោក​ប្រកាសថា ការងារ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២ ខែតុលា ចំ​ថ្ងៃ​ខួបកំណើត​របស់​វីរបុរស​ជាតិ មហា​ត្មះ គ​ន្ធី​។ លោក ម៉ូ​ឌី បន្តថា ការដែល​ជ្រើស​យក​ថ្ងៃ​ខួបកំណើត​លោក គ​ន្ធី ដើម្បី​ផ្ដល់​សច្ចាប័ន ព្រោះ​មេដឹកនាំ​ឯករាជ្យ​រូបនេះ ចំណាយ​ជីវិត​របស់​ក្នុងពេល​ដែលមាន​កម្រិត​ឧស្ម័ន​ពុល​ទាប​នៅឡើយ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា កិច្ចព្រមព្រៀង​ពិភពលោក​នេះ កាន់តែ​ជិត​ចូល​ជា​ធរមាន​ហើយ បន្ទាប់ពី​ប្រទេស​ច្រើនជាង​៣០​បានផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​ជា​បន្តបន្ទាប់​។ សហរដ្ឋអាមេរិក និង​ចិន ដែលជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ធំជាងគេ​ទីមួយ និង​ទី​ពីរ ក៏បានផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​រួចហើយ​ដែរ​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គី​មូ​ន ក៏​បង្ហាញ​ទំនុកចិត្ត​ថា កិច្ចព្រមព្រៀង​នេះ នឹង​ចូល​ជាធរ​មាននៅ​ចុង​ឆ្នាំនេះ​។

​ឥណ្ឌា ជា​ប្រទេស​ធំ​បញ្ចេញ​ឧស្ម័ន​ទី​បី​លើ​លោក មិនបាន​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ដូច​គេឯង​ឡើយ​។ ជំនួស​មកវិញ​នោះ ឥណ្ឌា​អះអាងថា ខ្លួន​នឹង​បង្កើន​ការប្រើប្រាស់​ថាមពលបៃតង​ឲ្យ​បាន​ច្រើន និង​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល តាម​សមាមាត្រ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន​នៅ​ឆ្នាំ​២០៣០​។ នេះ​មានន័យថា ឥណ្ឌា​នឹង​នៅតែ​បន្ត​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច តែ​ក្នុង​បរិមាណ​តិចជាង​មុន​។​

​តាមពិតទៅ ឥណ្ឌា ជា​ប្រទេស​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ថាមពល​ធ្យូងថ្ម សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​របស់​ប្រជាជន​ជាង​មួយ​ពាន់​លាន​នាក់​។ ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល នឹង​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាជន​ឥណ្ឌា​ក្រីក្រ ដែល​គ្មាន​អគ្គីសនី​ប្រើប្រាស់​។ ម្យ៉ាងទៀត រដ្ឋាភិបាល​ឥណ្ឌា ទំនងជា​ចង់​កាត់បន្ថយ​បរិមាណ​ការ​បូ​និ​ច​ជា​ជំហានៗ ជាជាង​អនុវត្ត​ការ​ផ្លោះ​មួយ​ជំហាន​ដើម្បី​សម្រេច​លទ្ធផល ស្របតាម​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​៕