បុរស​ម្នាក់​ស្លាប់​បន្ទាប់ពី​បើករថយន្ត​ម៉ាក​(​ទី​កូ​)​ទៅបុក​នឹង​រថយន្ត​Lexis 470 បញ្ច្រាសទិស​គ្នា​

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរណ៍ដោយសារបើករថយន្តម៉ាក(ទីកូ)បញ្ច្រាសទិសគ្នាទៅបុក នឹងរថយន្តLexis 470 ចំពេញទំហឹង។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ១៦៨ និង១៦៩ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ka-26-09-2016-12

មន្ត្រីនគរបាលស្រុកក្រគរបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះកៀបជាប់រថយន្តទីកូ មានឈ្មោះថា ម៉ាត់ តុលលាស់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រភពបញ្ជាក់ថា រថយន្តទីកូមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2C-3974 បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបើករេចូលទ្រូងផ្លូវខាងត្បូង ក៏ជ្រុលទៅបុកជាមួយរថយន្ត Lexis 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រឹទ្ធសភា 2-046 ក្នុងទិសដៅបញ្ច្រាស់ទិសគ្មា ។

ka-26-09-2016-10

ភាគីរថយន្ត Lexis 470 បើកបរដោយឈ្មោះ យឹម ឃុនឃឿន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ ជាសមាជិកព្រឹទ្ធសភា ក្នុងគណៈកម្មការទី៧ (របួសស្រាល) រួមដំណើរជាមួយមនុស្ស ៣នាក់ ១-ជា ស៊ីណា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ២-ហុង នឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ និង៣-កែវ ផាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទាំង៤នាក់ខាងលើមានទីលំនៅរាជធានីភ្នំពេញ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្ត ត្រូវបានកម្លាំងនគរបាលមូលដ្ឋានស្ទូចទៅរក្សាទុកនៅអធិការស្រុកក្រគរ ៕

ka-26-09-2016-09