ស្វ៊ីស៖​ប្រជាជន​បាន​គាំទ្រ​ច្បាប់​ស្តីពី​ការ​តាមដាន​លើ​សកម្មភាព​អ៊ីធឺណែត និង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ

នៅក្នុងប្រទេសស្វ៊ីស លទ្ធផលនៃការបោះឆ្នោតប្រជាមតិនាថ្ងៃអាទិត្យ ទី២៥ កញ្ញាឲ្យដឹងថា មានប្រជាជនភាគច្រើនបានបោះឆ្នោតគាំទ្រច្បាប់ដែលអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មានសិទ្ធិឃ្លាំមើលលើសកម្មភាពអ៊ីនធឺណែត និងស្តាប់កិច្ចសន្ទនានៅក្នុងវិស័យឯកជន។ ការរៀបចំបោះឆ្នោតប្រជាមតិនេះបានធ្វើឡើង ចំពេលដែលអឺរ៉ុបកំពុងទទួលការគំរាមកំហែងភេរវកម្មក្នុងកម្រិតខ្ពស់។

មានប្រជាជនស្វ៊ីសជាងពាក់កណ្តាលបានបោះឆ្នោតគាំទ្រច្បាប់ដែលអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់តាមដានឃ្លាំមើល និងប្រមូលគ្រប់ព័ត៌មានពីកិច្ចសន្ទនាតាមទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីធឺណែត ក៏ដូចជាសកម្មភាពផ្សេងៗតាមអ៊ីធឺណែតនៅតាមវិស័យឯកជន រួមទាំងរវាងពលរដ្ឋស្វ៊ីសសង្ស័យទាំងអស់។ លទ្ធផលផ្លូវការនៃការបោះឆ្នោតប្រជាមតិពេលនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះការស្ទង់មតិនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក៏បានផ្តល់លទ្ធផលប្រហាក់ប្រហែលគ្នានេះដែរ។

Loading...

សូមជម្រាបជូនថា ច្បាប់ស្តីពីការអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មានសិទ្ធិតាមដានឃ្លាំមើល និងប្រមូលគ្រប់ព័ត៌មាននៃកិច្ចសន្ទនាតាមទូរស័ព្ទ និងអ៊ីធឺណែតត្រូវបានសភាបោះឆ្នោតក្នុងឆ្នាំ ២០១៥ តែទន្ទឹមគ្នានោះ ការបោះឆ្នោតប្រជាមតិស្តីពីច្បាប់នោះក៏ត្រូវបានទាមទារដោយគណបក្សនយោបាយ និងអង្គការមួយចំនួន។ គួរបញ្ជាក់ថារហូតមកដល់ពេលនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស្វ៊ីសមានសិទ្ធិតាមឃ្លាំមើល និងប្រមូលព័ត៌មានតែនៅក្នុងវិស័យសាធារណៈប៉ុណ្ណោះ ឬមួយក៏ទទួលយកពីស្ថាប័នស៊ើបការណ៍របស់ប្រទេសផ្សេង។

តែចាប់ពីពេលនេះតទៅ និងដោយគោរពតាមលក្ខខណ្ឌមួយចំនួន ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស្វ៊ីសអាចចាត់វិធានការបង្ការទុកជាមុនដោយមានសិទ្ធិស្តាប់កិច្ចសន្ទនាតាមទូរស័ព្ទ តាមដានការផ្ញើសំបុត្រ ឬសារអេឡិចទ្រូនិច ឬមួយក៏សកម្មភាពអ៊ីនធឺណែតរបស់ពលរដ្ឋស្វ៊ីសទូទៅ។ ទន្ទឹមគ្នានេះ ច្បាប់ក៏បានអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស្វ៊ីសចូលទៅក្នុងបណ្តាញអ៊ីធឺណែត និងឈានដល់ការចុះឆែកឆេរតាមផ្ទះ តាមរថយន្តដែលមានការសង្ស័យ។

ការរៀបចំបោះឆ្នោតប្រជាមតិលើច្បាប់នេះបានធ្វើឡើង ចំពេលដែលអឺរ៉ុបកំពុងទទួលការគំរាមកំហែងភេរវកម្មកម្រិតខ្ពស់។ ដូច្នេះសម្រាប់ប្រទេស និងប្រជាជនស្វ៊ីស គោលដៅនៃច្បាប់នេះគឺគ្មានអ្វីក្រៅពីបង្ការទប់រាល់ទង្វើប៉ុនប៉ងរបស់ពួកភេរវជនទេ៕

ប្រភព៖ rfi