ថ្ងៃភ្ជុំ​​​បិណ្ឌ​​ធំ ​តាម​ផ្លូវ​​ជាតិ​​លេខ១ មានការ​សំណូមពរ​

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​ខណ្ឌ​-​ស្រុក មេត្តា​ជួយ​សម្រួល​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តាម​តំបន់​មុខ​ផ្សារ​ដូច​ជា​ផ្សារ​ព្រែក​ឯង ក្នុង​ខណ្ឌ​ច្បារ​អំពៅ ផ្សារ​គគីរ ផ្សារ​ជ្រោយ​ដង ផ្សារ​គគីរ​ធំ ស្រុក​កៀនស្វាយ តំបន់​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច ស្រុក​លើក​ដែក ខេត្តកណ្តាល និង​គល់​ស្ពាន​ត្រើយ​ខាងកើត ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដែល​មានការ​ចត​កង់​-​ម៉ូតូ​-​រថយន្ត​គ្រប់​ប្រភេទ និង​ការ​ដាក់​លក់ទំនិញ​បន្លែ​ផ្លែ​ឈើ​ត្រី​សាច់​គ្រប់មុខ​ហៀរ​មក​លើ​ចិញ្ចើមថ្នល់​យ៉ាង​អនាធិបតេយ្យ​គ្មាន​សណ្តាប់ធ្នាប់ បង្ក​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ។

អ្នក​ធ្វើ​ដំណើរ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​កើតឡើង​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា តាម​តំបន់​មុខ​ផ្សារ​ក្នុង​ខណ្ឌ​-​ស្រុក​ខាងលើ​នេះ មិន​ថា​ពេល​មានបុណ្យ​ទាន ឬ​ថ្ងៃ​ធម្មតា​នោះ​ទេ ទាំង​ព្រឹក​ទាំង​ល្ងាច​ពេល​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ដល់​ចំណុច​នោះ​គឺ​ធុញទ្រាន់​នឹង​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​តែ​អាជ្ញាធរ​សមត្ថកិច្ច​ខណ្ឌ ស្រុក​នេះ បណ្តែតបណ្តោយ​ឲ្យ​អាជីវក​រដាក់​តាំង​លក់​ហៀរ​មក​លើ​ថ្នល់​ហើយ​មានការ​ឈប់​ចត​រុ​ឺ​ម៉ក​ម៉ូតូ​-​រថយន្ត​តូច​ធំ​បន្ថែម​មួយ​ត្រួត​ទៀត ពាសពេញ​ដងផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ចំណាត់ការ​ណាមួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ​ឡើយ ។

ពាក់ព័ន្ធ​បញ្ហា​សណ្តាប់ធ្នាប់​ខាងលើ​នេះ​ដែរ​ក៏​មាន​មន្ត្រី​សមត្ថកិច្ច​ខ្លះ​និយាយ​ថា ការ​រៀបចំ​សណ្តាប់ធ្នាប់ គឺ​សមត្ថកិច្ច​តែងតែ​ធ្វើ​ជា​ប្រចាំ ប៉ុន្តែ​ទាំង​អ្នក​លក់ដូរ និង​ការ​ឈប់​ចត​រុ​ឺ​ម៉ក​ម៉ូតូ​រថយន្ត​ទាំងនោះ​មិន​ស្តាប់ ហើយ​ចំពោះ​ផលប្រយោជន៍​សមត្ថកិច្ច​ក៏​មិន​ដែល​ទទួល​បាន​ដែរ ។

ទោះជា​យ៉ាងណា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ មហាជន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១​ទៅ​លេង​ស្រុក​កំណើត​ជួបជំ​ុ​បងប្អូន​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ សូម​សំណូមពរ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​នៅ​តាម​គោលដៅ​ខណ្ឌ​-​ស្រុក មេត្តា​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​ត្រង់​ចំណុច​ខាងលើ​ឲ្យ​មាន​ប្រសិទ្ធភាព​ផង ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ជា​ពិសេស​បញ្ចៀស​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើត​មាន​ជាយថាហេតុ ៕