ទីប្រឹក្សា​រដ្ឋ ស៊ូ​ជី ឈឺ​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ក្រៅប្រទេស​ពីរ​សប្ដាហ៍​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-26-2016, 5:03 pm         238

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទីប្រឹក្សា​រដ្ឋ ស៊ូ​ជី ឈឺ​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ក្រៅប្រទេស​ពីរ​សប្ដាហ៍​លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា (រូបភាព Xinhua)​បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​ជាច្រើន​ថ្ងៃ​រួចមក ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បានមក​ដល់​មី​យ៉ាន់​ម៉ា​វិញ​ហើយ​។ ប៉ុន្តែ​ទីប្រឹក្សា​រដ្ឋ​វ័យ​៧១​ឆ្នាំ​រូបនេះ បាន​ជួប​បញ្ហា​សុខភាព​ខ្លះ ដោយសារ​ការងារ​មមា​ញឹក ហើយ​លោកស្រី ក៏បាន​លុបចោល​ជំនួប​ជាច្រើន​ផងដែរ ដោយសារតែ​បញ្ហា​សុខភាព​នេះ​។

​ការិយាល័យ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២៦ ខែកញ្ញា បានប្រកាសថា លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹងត្រូវ​សម្រាក​ពី​ការងារ​មួយរយៈ ដោយសារតែ​លោកស្រី​មាន​អា​ការៈមិន​ស្រួលខ្លួន និង​អស់កម្លាំង ដោយសារតែ​ទស្សនកិច្ច​នៅ​បរទេស​យូរពេក​។ យ៉ាងណាក្ដី សុខភាព​ទូទៅ​របស់​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ​។​

​ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​លោកស្រី ស៊ូ​ជី ដែលជា​រដ្ឋមន្ត្រីការបរទេស​ដែរនោះ ទៅដល់​មី​យ៉ាន់​ម៉ា ក្រោយ​ចំណាយពេល​ពីរ​សប្ដាហ៍​អង់គ្លេស​និង​ទស្សនកិច្ច​ផ្លូវការ​នៅ​អាមេរិក​។ នៅ​អាមេរិក លោកស្រី បាន​លុបចោល​ជំនួប​ជាមួយ​ក្រុម​ដៃ​គួ​ដើម្បី​មី​យ៉ាន់​ម៉ា ព្រោះ​គ្រូពេទ្យ​លោកស្រី ណែនាំ​ឲ្យ​លោកស្រី សម្រាក​ឲ្យ​បាន​ច្រើន​។ ពេលទៅដល់​មី​យ៉ាន់​ម៉ា លោកស្រី ស៊ូ​ជី ក៏​មិនបាន​ស្វាគមន៍​អ្នកគាំទ្រ​ដូចដែល​លោកស្រី ធ្លាប់ធ្វើ​កន្លងមក​ដែរ​។​

«​លោកស្រី ស៊ូ​ជី មិន​ស្រួលខ្លួន ព្រោះ​លោកស្រី​រវល់​ខ្លាំង​ក្នុង​ទស្សនកិច្ច​នៅ​អាមេរិក​។ បន្ថែម​លើ​នេះ លោកស្រី ក៏មាន​បញ្ហា​ក្រពះ​ដែរ ដោយសារ​បរិភោគ​មិន​ទៀងពេល​អំឡុង​ទស្សនកិច្ច​នៅ​អាមេរិក ហើយ​លោកស្រី ក៏មាន​បញ្ហា​សន្លាក់​ឆ្អឹងខ្នង​ផងដែរ​។ ប៉ុន្តែ​សុខភាព​លោកស្រី មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ ហើយ​លោកស្រី ត្រូវការ​សម្រាក​។​» នេះ​ជា​ប្រកាស​របស់​ការិយាល័យ​លោកស្រី ស៊ូ​ជី ផ្សាយ​ដោយសារ​ព័ត៌មាន The Irrawaddy​។​

​សូម​រម្លឹកថា ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា បាន​ចាកចេញ​ទៅកាន់​អង់គ្លេស​នៅ​ថ្ងៃទី​១០ ខែកញ្ញា មុននឹង​ចាកចេញ​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីនោះ តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​អាមេរិក​។ ក្នុង​ទស្សនកិច្ច​រយៈពេល​ជាង​ពីរ​សប្ដាហ៍​នេះ លោកស្រី បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ឥស្សរជន​អន្តរជាតិ​ជាច្រើន​ទៀត​។​

​ក្រៅពីនោះ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែង​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧១ នៅ​ក្រុង New York ។ ហើយ​លោកស្រី ក៏​ទទួលបាន​ពានរង្វាន់​មនុស្សធម៌​ផងដែរ​៕