លោក សម រង្ស៊ី៖ សង្គ្រោះ​ជាតិ​ឈ្នះ​មិន​សំខាន់…សំខាន់​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​ការ​ផ្លាស់​ប្តូរ​តាម​បែប​ប្រជាធិបតេយ្យ

សារព័ត៌មានរបស់ចក្រភពអង់គ្លេសប៊ីប៊ីស៊ី (BBC)នៅថ្ងៃចន្ទនេះ នឹងចាក់ផ្សាយបទសម្ភាសន៍ទាំងស្រុងជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន។ ក្នុងការផ្សាយលោក សម រង្ស៊ី បានឆ្លើយទៅកាន់អ្នកសម្ភាសន៍ថា គណបក្សសង្គ្រោះជាតិឈ្នះមិនសំខាន់នោះទេ អ្វីដែលសំខាន់ គឺការផ្លាស់ប្តូរប្រជាធិបតេយ្យ។ គណបក្សប្រជាជនកម្ពុជា បានហៅការអត្ថាធិប្បាយរបស់ប្រធានគណបក្សប្រឆាំង គឺជាល្ខោន ដែលមិនអាចទុកចិត្តបាននោះទេ។

លោក សម រង្ស៊ី បានលើកឡើងថាគណបក្សនឹងមានលទ្ធភាពឈ្នះការបោះឆ្នោតខាងមុខ ប៉ុន្តែការឈ្នះឆ្នោត គឺមិនមានជារឿងសំខាន់នោះទេ អ្វីដែលសំខាន់បំផុតនោះ គឺការធានានូវការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ។ នេះគឺជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានចក្រភពអង់គ្លេស ដែលបានសម្ភាសន៍លោកតាំងពីថ្ងៃទី ២៣ កញ្ញាមកម្ល៉េះ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាបានហៅការអត្ថាធិប្បាយនោះថា គឺល្ខោននៃល្បិចនយោបាយរបស់មេដឹកនាំបក្សប្រឆាំង ដែលនិយាយមិនអាចយកជាការបាននោះទេ។

Loading...

ក្នុងកិច្ចសម្ភាសន៍ប្រមាណ ៣០នាទី លោក សម រង្ស៊ី ដែលកំពុងបន្តវណ្ឌករដោយបណ្តឹង និងកំពុងរត់គេចខ្លួន បានបន្តថា ការបោះឆ្នោតខាងមុខនឹងដំណើរការទៅដោយភាពល្អប្រសើរ ត្បិតអី គណៈកម្មាធិការបោះឆ្នោតល្អប្រសើរ។ យ៉ាងណាក៏ដោយលោក សម រង្ស៊ី ក៏មិនភ្លេចឡើយការរិះគន់ និងហៅរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នថា ជារបបផ្តាច់ការ។ របបផ្តាច់ការ ដែលដឹងត្រូវបញ្ចប់ក្រោយការកាន់អំណាចជាង៣០ឆ្នាំ ហើយពលរដ្ឋកម្ពុជានឹងទទួលបានការដឹកនាំល្អ។

វាមិនមានជារឿងប្លែកទេ ដែលលោកសម រង្ស៊ី ប្រធានបក្សប្រឆាំង ៤អាណត្តិរូបនេះ បន្តវាយប្រហារឥតសំចៃមកលើដៃគូបដិបក្ខ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការបង្ហាញជំហរដូចជាផ្ទុយគ្នារវាងលោក សម រង្ស៊ី និងលោកកឹម សុខា។ លោកកឹម សុខា ដែលថ្មីៗនេះ បានអំពាវនាវដល់សមាជិករបស់គ្រប់តំបន់គ្រប់លំដាប់ថ្នាក់ចៀសវាងការវាយប្រហារ ឬពាក្យសំដី អសុរោះ ដែលនឹងនាំឱ្យបរិយាកាសនយោបាយតានតឹងពេលពិធីបុណ្យភ្ជុំបិណ្យ និងបរិយាកាសនយោបាយយូរអង្វែងទៅមុខទៀត។ ត្រង់ចំណុចនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា មេបក្សប្រឆាំងទាំងពីរ ដែលច្របាច់បក្សចូលគ្នានេះ គឺមិនដែលមានបំណងសុទ្ធបង្រួបបង្រួមគ្នានោះទេ។

សូមបញ្ជាក់ថា ជម្លោះនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនៅតែបន្តក្តៅងុំដដែល ភាគីនីមួយៗនៅតែបែរខ្នងដាក់គ្នា និងបដិសេធយ៉ាងដាច់អហង្ការចំពោះការចរចា។ យ៉ាងណាក៏ដោយ ក្នុងកិច្ចសម្ភាសន៍នោះ លោកសម រង្ស៊ី បានអំពាវនាវឱ្យសហគមន៍អន្តរជាតិត្រូវធានាឱ្យបាននូវដំណើរការបោះឆ្នោតនៅកម្ពុជាប្រកបដោយសន្តិភាព៕

ប្រភព៖ rfi