​ដំបូងចាប់ម៉ែ ធ្លាយដល់កូន​ ក្រោយពី…

ខេត្តកណ្ដាល ៖ បន្ទាប់​ពី​នគរបាល​ស្រុក​កៀនស្វាយ បាន​ឃាត់ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់​តាម​បទបញ្ជា​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបង​ខេត្ត​នៅ​ពេល​ព្រឹក ស្រាប់តែ​ល្ងាច​ឡើង​ថ្ងៃ​ដដែល​ ក៏​បាន​ឃាត់ខ្លួន​កូនប្រុស​ម្នាក់​ទៀត ពាក់ព័ន្ធ​នឹង​ករណី​លួច​ទ្រព្យសម្បត្តិ​អ្នក​ភូមិ​ជាមួយ​គ្នា​ឈ្មោះ ង​ន ព្រាប ភេទ​ស្រី អាយុ​៨៥​ឆ្នាំ នៅ​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ។

ជនសង្ស័យ​ទាំង​២​នាក់​ម្តាយ​-​កូន​នេះ ម្ដាយ​ឈ្មោះ តុ​ប ស្រី​ទូច  អាយុ​៤៨​ឆ្នាំ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា វេលា​ម៉ោង​១០​និង​៥២​នាទី​ព្រឹក កូនប្រុស​ឈ្មោះ ទេព សម្បត្តិ  អាយុ​២៣​ឆ្នាំ ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ដដែល ក្រោយ​ពី​ធ្វើ​សកម្ម ភាព​រួច​រត់គេច​ខ្លួន​បាន​៨​ថ្ងៃ​ហើយ​ចូល​ផ្ទះ​វិញ ។

លោក​អនុសេនីយ៍ឯក វង សែ អធិការរង​នគរបាល​ស្រុក​កៀនស្វាយ​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ស្ត្រី​ឈ្មោះ ង​ន ព្រាប បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា វេលា​ម៉ោង​៦​ព្រឹក ខណៈ​រូប​គាត់​មិន​នៅ​មាន​ចោរ​គាស់​ទ្វារផ្ទះ​របស់​គាត់​ចូល​ទៅ​រុក​រើ​កកាយ​លួច​យក​ប្រាក់​អស់​ចំនួន​៣​ម៉ឺន​ដុល្លារ មាស​៥​តម្លឹង​ប្លា​ទី​ន​១​តម្លឹង ខ្សែដៃ​ដាំ​ពេជ្រ​១​ខ្សែ ហើយ​បានដឹង​ពីមុខ​សញ្ញា​ជនសង្ស័យ​គឺ​ឈ្មោះ​ទេព សម្បត្តិ ជា​អ្នក​លួច​ហើយ​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​សមត្ថកិច្ច​ក៏​ចុះ​ទៅ​ពិនិត្យ​មើល​ផ្ទះ​កើតហេតុ និង​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​តែ​រក​មិនឃើញ​។ លុះ​នៅ​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ស្ត្រី​ឈ្មោះ តុ​ប​ស្រី​ទូច ត្រូវជា​ម្តាយបង្កើត​ជនសង្ស័យ បាន​យក​ប្រាក់​ចំនួន​៣.៩០០​ដុល្លារ ខ្សែ​.​ក​-​ខ្សែដៃ​សរុប​៤​ខ្សែ មក​ឲ្យ​ស្ត្រី​រង​គ្រោះ​វិញ​ដោយ​ប្រាប់​ថា កូនប្រុស​គាត់​ទូរស័ព្ទ​មក​ប្រាប់​ឲ្យ​យក​មក​ឲ្យ​វិញ តែ​រូប​គាត់​មិនដឹង​ថា​កូន​លួច​ទេ ។

ដោយ​ចំនួន​ទឹកប្រាក់​និង​គ្រឿងអលង្ការ​ដែល​ម្តាយ​ជនសង្ស័យ​យក​មក​ឲ្យ​ជន​រង​គ្រោះ​វិញ មិន​គ្រប់​ចំនួន​ដែល​បាត់ ទើប​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា វេលា​ម៉ោងជាង​១០​ព្រឹក ពី​បទ​សមគំនិត​ជាមួយ​កូន​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។

លោក​អធិការរង​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ម្តាយ​ហើយ នៅ​ល្ងាច​ថ្ងៃ​ដដែល​មាន​ព័ត៌មាន​រាយការណ៍​មក​ប្រាប់​ថា​ជន​ឈ្មោះ ទេព សម្បត្តិ ជា​កូន​ដែល​រត់គេច​ខ្លួន​នោះ​បាន​លួច​ចូល​ផ្ទះ​វិញ​។ ភ្លាម​នោះ សមត្ថកិច្ច​ក៏​ចុះ​ទៅ​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កូន​បាន​នៅ​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ដដែល នាំ​មក​កាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទាំង​២​នាក់​ម្តាយ​និង​កូន ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក វង សែ បន្ថែម​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ស្រុក ជនសង្ស័យ ទេព សម្បត្តិ និយាយ​សារភាព​ថា ទ្រព្យសម្បត្តិ​ដែល​ខ្លួន​លួច​នោះ​គឺ​មាន​មួយ​ស្បោង ចំនួន​គ្រឿងអលង្ការ​មាន​ដូច​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ប៉ុន្តែ​លុយ​មាន​តែ​១២.៧០០​ដុល្លារ​ទេ មិនមែន​៣​ម៉ឺន​ដុល្លារ​ដូច​ជន​រង​គ្រោះ​និយាយ​ឡើយ ។ ប៉ុន្តែ​ខ្លួន​លក់​ខ្សែ​.​ក​២​ខ្សែ​គឺ​ប្លា​ទី​ន​១​ខ្សែ​និង​មាស​១​ខ្សែ​បាន​១.៦០០​ដុល្លារ ទិញ​ម៉ូតូ​១​គ្រឿង​ជិះ និង​លុយ​មួយ​ចំនួន​ស៊ីចាយ​អស់ហើយ នៅ​សល់​តែ​ចំនួន​៣.៩០០​ដុល្លារ និង​ខ្សែ​.​ក​ខ្សែដៃ​៤​ខ្សែ​ដែល​ខ្លួន​លាក់​ទុក​នៅផ្ទះ បាន​ប្រាប់​ឲ្យ​ម្តាយ​យក​មក​ឲ្យ​ជន​រង​គ្រោះ​វិញ និង​ម៉ូតូ​១​គ្រឿង​ជិះ​មក​ផ្ទះ​នេះ​ប៉ុណ្ណោះ ៕