មធ្យោបាយ​បង្ការ បញ្ហា​កង្វះ​អាហារូបត្ថម្ភ ក្នុងពេល​មាន​ផ្ទៃពោះ​

មធ្យោបាយ​បង្ការ បញ្ហា​កង្វះ​អាហារូបត្ថម្ភ ក្នុងពេល​មាន​ផ្ទៃពោះ​

​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​បានជា​គ្រូពេទ្យ ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ញ៉ាំ​ទឹកដោះគោ និង​បន្លែ​ពណ៌​បៃតង​ច្រើនៗ​ដែរ​ទេ​? នេះ​ដោយសារ​តែ អ្នក និង​កូន​ក្នុង​ផ្ទៃ អាច​នឹង​មាន​ផលវិបាក​ជំងឺ​ច្រើន បើសិនជា​មិន​អាច​ទទួលបាន​ជីវិត ពី​ចំណីអាហារ​គ្រប់គ្រាន់​។ អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​បាន​ប្រាប់ថា បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក្នុងពេល​មាន​ផ្ទៃពោះ ភាគ​ច្រើន​អាច​បង្ការ​បាន​ដូចខាងក្រោម​នេះ ៖

កង្វះ​ជាតិ​កាល់ស្យូម​
​ទាំង​ម្តាយ និង​កូន គឺ​ត្រូវការ​ជាតិ​កាល់ស្យូម​ដើម្បី​ឆ្អឹង និង​ធ្មេញ​មាន​សុខភាព​ល្អ​។ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដូចជា ទឹកដោះគោ​យ៉ា​អួរ និង​ទឹកដោះគោ សុទ្ធតែ​ជា​ប្រភព​ដ៏​ល្អ​បំផុត នៃ​ជាតិ​កាល់ស្យូម​។ បើសិន​ជា​អ្នក​មិន​ញ៉ាំ អាហារ​ធ្វើ​ពី​ទឹកដោះគោ​រាល់​ថ្ងៃ​ទេ អ្នក​អាច​បង្កើន​ជាតិ​កាល់ស្យូម​បាន តាមរយៈ​ការ​ញ៉ាំ​ប្រូ​ខូលី​ឲ្យបាន​ច្រើន​។

កង្វះ​វីតាមីន D
​វីតាមីន D ក៏​ជួយ​ដល់​ការបង្កើត​ជា​ឆ្អឹង និង​ធ្មេញ​របស់​ទារក​ដែរ​។ ចូរ​បង្កើន​ការទទួលបាន​វីតាមីន D តាមរយៈ​ការ​ញ៉ាំ​ផ្សិត និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ ប៉ុន្តែ ស្រុក​ខ្មែរ​យើង អាច​ទទួល​បាន​យ៉ាងច្រើន​ពី​ការ​ហាលថ្ងៃ​។

កង្វះ​ជាតិ​ដែក​
​តម្រូវការ​ជាតិ​ដែក​ក្នុងពេល​មាន​ផ្ទៃពោះ នឹង​កើនឡើង​កាន់តែច្រើន ដើម្បី​កុំឲ្យ​កូន​ក្នុងផ្ទៃ ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​។ ដូច្នេះ បន្លែ​ពណ៌​បៃតង ពិត​ជា​ជម្រើស​ដ៏​ល្អ នៃ​ជាតិ​ដែក​នេះ​។ ប៉ុន្តែ ការ​ញ៉ាំ​សាច់​ស៊ុត ក៏​សំបូរ​ជាតិ​ដែក​ដែរ​។

កង្វះ​វីតាមីន B៩
​ជាតិ​ដែក គឺជា​សារធាតុ​ដ៏​សំខាន់ សម្រាប់​បង្ការ​ភាព​មិន​ធម្មតា​របស់​ខួរក្បាល និង​ការ​ខូច​បំពង់​សរសៃប្រសាទ​។ អ្នក​អាច​ទទួលបាន​វីតាមីន B ប្រភេទ​នេះ ពី​បន្លែ​ពណ៌​បៃតង ផ្លែឈើ​ជូរៗ និង​សណ្តែក​។

​កង្វះ​ជាតិ​ស័ង្គសី​
​ជាតិ​ស័ង្គសី មាន​សារៈសំខាន់​ណាស់ សម្រាប់​ការ​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​ជួយ​ឲ្យ​កោសិ​ការបស់​រាងកាយ​កូន លូតលាស់​បាន​យ៉ាង​ល្អ​។ ការ​កង្វះ​ជាតិ​ស័ង្គសី ក៏​អាច​បណ្តាលឲ្យរ​លូតកូន ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ​។ សាច់​សុទ្ធ ផ្សិត គ្រាប់​ល្ពៅ និង​គ្រាប់ស្វាយចន្ទី សុទ្ធតែ​សំបូរ​ជាតិ​ស័ង្គសី​ហើយ​។​

កង្វះ​ប្រូតេអ៊ីន​
​ខណៈពេល​ដែល​អ្នកត្រូវកា​រ​ប្រូតេអ៊ីន ដើម្បី​មាន​សុខភាព​ល្អ​នោះ វា​ក៏​មាន​ប្រយោជន៍​សម្រាប់​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​ដែរ​។ ដូច្នេះ អ្នក​អាច​ទទួលបាន​ប្រូតេអ៊ីន​ពី​សាច់​សុទ្ធ សាច់​បក្សី ស៊ុត ត្រី សណ្តែក និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​។

កង្វះ​ជាតិ​អ៊ីយ៉ូត​
​កង្វះ​អ៊ីយ៉ូត ច្រើន​តែ​នាំ​ឲ្យ​កូន​កើត​មក​មិន​គ្រប់​ខែ​។ កង្វះ​ជីវជាតិ​មួយ​នេះ ក៏បង្ក​អតុល្យភាព​ដល់​ការផលិត​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ដែរ​។ ដូច្នេះ ចូរ​ធ្វើយ៉ាងណា ព្យាយាម​ញ៉ាំ​អំបិល ដែល​មាន​ជាតិ​អ៊ីយ៉ូត​ផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។