ឃាត់​ជនសង្ស័យ​ស្រី​ប្រុស​៥​នាក់ ដកហូត​បាន​គ្រឿងញៀន​១៣​កញ្ចប់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ស្រី​ប្រុស ៥​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌទួលគោក សហការ​ជាមួយ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​បឹង​ក​កក់​ទី​២ ខណ្ឌទួលគោក ដោយ​ដកហូត​បាន​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១៣​កញ្ចប់ ក្នុង​នោះ​មាន​១២​កញ្ចប់​ធំ ព្រមទាំង​ដកហូត​បាន​ជញ្ជីង ២​គ្រឿង និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​ដឹកនាំ​ដោយ​លោក វរៈសេនីយ៍ ប៉ាន់ សុភាព នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ  និង​មានការ​ដឹកនាំ សម្របសម្រួល​ពី​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌទួលគោក​ផង​ដែរ​។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ​ចុន សាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ  មាន​លំនៅ តាម​ផ្លូវ​រថភ្លើង កន្លែង​ឃាត់ខ្លួន​ខាងលើ ២.​ឈ្មោះ ពៅ សុខ​កា ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​អ្នកលក់​ផ្លែ​ឈើ ៣.​ឈ្មោះ ចុន សុខ​ខា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ៤.​ជឿន ចាន់​ធី ភេទ​ស្រី អាយុ​១៨​ឆ្នាំ និង​៥.​ឈ្មោះ ភែ​ល ផ​ល្លី ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ​។

តាម​មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា  ដោយ​មានការ​ស្រាវជ្រាវ កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។ តាម​ចម្លើយ​សារភាព សមត្ថកិច្ច ក៏​បាន​ឈាន​ទៅ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ជួញដូរ​ឈ្មោះ ចុន សាត ដកហូត​បាន​គ្រឿងញៀន​ចំនួន ១២​កញ្ចប់​ធំ និង​ជញ្ជីង​ចំនួន ២​គ្រឿង  និង​ឆែកឆេរ​ផ្ទះ​មួយ​កន្លែង​ទៀត នៅ​ក្បែរ​គ្នា ដោយ​ឃាត់ខ្លួន​ស្ត្រី​៤​នាក់ ដកហូត​បាន​គ្រឿងញៀន​១​កញ្ចប់ សរុប​ទាំងអស់​ចំនួន ១៣​កញ្ចប់​។ ជនសង្ស័យ ទាំង​៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕