ផ្សារ​បាន​ជ័យ​ឃុំ​កន្ទួត ឲ្យ​អាជីវករ​លក់ដូរ​មិន​យក​ថ្លៃ​ឈ្នួល​តូប​១០​ឆ្នាំ

ខេត្តព្រះវិហារ ៖ ផ្សារ​ថ្មី​មួយ​កន្លែង​ទើប​សាងសង់​រួច​មានឈ្មោះ​ថា ផ្សារ​បាន​ជ័យ ស្ថិត​ក្នុងភូមិ​ស្រឯម​ជើង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ផ្តល់​ឱកាស​ឲ្យ​អាជីវករ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​លក់ដូរ​ក្នុង​ផ្សារ​ថ្មី​នេះ ដោយ​មិន​យក​ថ្លៃ​ឈ្នួល​រយៈពេល​១០​ឆ្នាំ នឹង​ផ្តល់​ដី​ម្នាក់​១​ឡូ​តិ៍ ក្បែរ​ផ្សារ សម្រាប់​អាជីវករ​ណា​ដែល​លក់ដូរ​ជាប់​រយៈពេល​៦​ខែ​។

ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ផ្សារ​ថ្មី​ឈ្មោះ ផ្សារ​បាន​ជ័យ នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦​នេះ លោក​ឧកញ៉ា អ៊ឹ​ង ឃាង អគ្គនាយក​ក្រុមហ៊ុន អ៊ឹ​ង ឃាង រៀល​អ៊ី​ស្ទេ​ត នឹង​ជា​ម្ចាស់​ផ្សារ​បាន​ជ័យ មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា ផ្សារ​របស់​លោក​ឧកញ៉ា ដែល​ទើបនឹង​សាងសង់​រួចរាល់ លោក​នឹង​ផ្តល់​អាទិភាព​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជីវករ​ទាំងអស់​នៅ​តំបន់​នោះ។

ប្រសិនបើ​ចូល​លក់ដូរ​ក្នុង​ផ្សារ​របស់​លោក​នោះ លោក​នឹង​មិន​គិតថ្លៃ​ប្រាក់​ឈ្នួល​តូប​រហូត​ដល់​១០​ឆ្នាំ ជា​ពិសេស​អាជីវករ​ដែល​បាន​លក់ដូរ​ជាប់​រយៈពេល​៦​ខែ នោះ​លោក​ឧកញ៉ា​នឹង​ផ្តល់​ដី​ម្នាក់​១​ឡូ​តិ៍​ទៀត​ធ្វើ​ជា​កម្មសិទ្ធិ ដែល​មាន​ទំហំ​៥​ម៉ែត្រ គុណ​នឹង​២០​ម៉ែត្រ សម្រាប់​ឲ្យ​អាជីវករ​ចាត់ចែង​តាម​តម្រូវការ​។ លោក​ឧកញ៉ា អ៊ឹ​ង ឃាង បញ្ជាក់​ថា ការ​រៀបចំ​និង​គោលនយោបាយ​របស់​លោក​បែប​នេះ ក្នុង​គោលបំណង​អភិវឌ្ឍ​តំបន់​ជាប់​ព្រំដែន ឲ្យ​មានការ​រីក​ចម្រើន ជីវភាព ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ធូរធា ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។

លោក ជា គឹ​ម​សេង អភិបាលស្រុក​ជាំ​ក្សាន្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​រួម​គ្នា ដូច្នេះ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជីវករ​ទាំងអស់​គួរតែ​នាំ​គ្នា​ទៅ​លក់ដូរ​ក្នុង​ផ្សារ​ថ្មី​ខាងលើ​នេះ​ទាំងអស់​គ្នា​។ អភិបាលស្រុក​ជាំ​ក្សាន្ត បាន​ស្នើ​ឲ្យ​អាជីវករ​លក់ដូរ​នៅ​កណ្តាល​ទីប្រជុំជន​ឃុំ​ស្រឯម បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវជាតិ ធ្វើ​តូប​លក់ដូរ ដែល​បណ្តាល​ឲ្យ​បាត់បង់​នូវ​សោភ័ណ​ភាព និង​សណ្តាប់​សាធារណៈ​។

គួរ​រំឭក​ថា ផ្សារ​បាន​ជ័យ សាងសង់​ឡើង​មាន​ទទឹង​ប្រវែង​៣៦​ម៉េ​ត្រ គុណ​នឹង​៧៦​ម៉ែត្រ មាន​តូប​លក់ដូរ​ចំនួន​១៧៦​តូប និង​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន​៣០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។ សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ផ្សារ​ដែល​បាន​កកើត​នៅ​ទឹកដី​ឃុំ​ស្រឯម និង​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​ចំនួន​៣​ផ្សា​រហើយ រីឯ​ការ​ចូល​លក់ដូរ​វិញ​ពុំ​សូវ​មាន​អាជីវករ​ចូល​លក់ដូរ​ទេ ដោយ​អាជីវករ​កំពុង​តែ​យក​ចំណី​ផ្លូវជាតិ ត្រង់​ទីប្រជុំជន​ស្រឯម លក់ដូរ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ៕