​ជន​ស៊ីវិល​ស៊ី​រី​បានទទួល​ជំនួយ​មនុស្សធម៌​លើកដំបូង​ក្នុងពេល​៦​ខែ​ និពន្ធដោយ : ថ្មីៗ       September-26-2016, 8:39 pm         166

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ជន​ស៊ីវិល​ស៊ី​រី​បានទទួល​ជំនួយ​មនុស្សធម៌​លើកដំបូង​ក្នុងពេល​៦​ខែ​​រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​ចំនួន ៧០ របស់​កាកបាទក្រហម​អន្តរជាតិ​បានធ្វើ​ដំណើរ​ទៅដល់​និង​ចែក​ជំនួយ​នេះ​ដល់​ជន​ស៊ីវិល​នៅ​តំបន់​ដែល​ឡោមព័ទ្ធ​ដោយ​កងកម្លាំងប្រដាប់អាវុធ​ចំនួន ៤​កន្លែង​កាលពី​ចុង​សប្តាហ៍​នេះ​។ ប្រជាជន​ទាំងនេះ​បានទទួល​ជំនួយ​លើកដំបូង​បំផុត​ក្នុង​រយៈពេល ៦​ខែ​ចុង​ក្រោយនេះ​។​

​ដំណឹង​ល្អ​សម្រាប់​ប្រជាជន​ស៊ីវិល​ស៊ី​រី​គឺ​រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​របស់​កាកបាទក្រហម​ចំនួន ៧០ បាន​ទៅដល់​គោលដៅ និង​ចែក​ជំនួយ​ទាំងនោះ​ទៅដល់​ប្រជាជន​ដែល​ស្ថិតនៅ​តំបន់​សំខាន់​ចំនួន​បួន​ដែល​ស្ថិតក្រោម​ការហ៊ុមព័ទ្ធរ​បស់​កម្លាំងប្រដាប់អាវុធ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters វា​ជា​លើកដំបូង​ក្នុង​រយៈពេល​៦​ខែ​ហើយ ដែល​ជំនួយ​របស់​កាកបាទក្រហម​អន្តរជាតិ​ត្រូវបាន​គេ​បញ្ជូនទៅ​ដល់ដៃ​ប្រជាជន​ស៊ី​រី​ដែល​នៅជាប់​ក្នុង​តំបន់​ជម្លោះ​និង​រងគ្រោះថ្នាក់​ដោយ​គ្មាន​ស្បៀង​គ្រប់គ្រាន់​នោះ​។

​គណកម្មការ​អន្តរជាតិ​នៃ​កាកបាទក្រហម  (ICRC)  បាន​បញ្ជាក់ថា ជំនួយ​មនុស្ស​ទាំងនោះ​ត្រូវបាន​បញ្ជូន​ទៅដល់​តំបន់ Madaya និង Zabdani ដែល​ស្ថិតនៅ​ជិត​រដ្ឋធានី​ដា​ម៉ាស និង ភូមិ al Foua និង​ភូមិ Kefraya ដែល​ស្ថិតនៅ​ខេត្ត Idlib​។​

​បើតាម​គណកម្មកា​រដ​ដែល តំបន់ Madaya ស្ថិត​នៅជាប់​ព្រំដែន​ប្រទេស​លី​បង់ ហើយ​តំបន់​នេះ​មាន​ប្រជាជន​រស់នៅ​ប្រហែល ៤​ម៉ឺន​នាក់​ឯណោះ ហើយ​វា​ស្ថិតក្រោម​ការហ៊ុមព័ទ្ធរ​បស់​កងកម្លាំង​ដែល​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​។ ចំណែក​តំបន់ Zabadani មាន​ប្រជាជន​រស់នៅ​ប្រហែល ១​ពាន់​នាក់​ប៉ុណ្ណោះ​។​

​បើតាម​របាយការណ៍​អង្គការសហប្រជាជាតិ ភូមិ​ចំនួន​២ មាន​ភូមិ al-Foua និង​ភូមិ Kefraya ដែល​ស្ថិតក្នុង​ខេត្ត Idlib នោះ​មាន​ប្រជាជន​រស់នៅ​ប្រហែល ២​ម៉ឺន​នាក់​។ តំបន់​ទាំងនេះ​ស្ថិតក្រោម​ការឡោមព័ទ្ធរ​បស់​ក្រុម​ឧទ្ទាម តាំងពី​ខែ មេសា ឆ្នាំ ២០១៥​មកម្ល៉េះ​។​

​ត្រឡប់មកវិញ ការចែក​ចាយ​ជំនួយ​មនុស្សធម៌​នេះ​ត្រូវបាន​ចាប់ផ្តើម​ឡើងវិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ក្រោយ​ផ្អាក​អស់​រយៈពេល​៤៨ ម៉ោង​ដោយសារ​ការវាយប្រហារ​លើ​រថយន្ត​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​នេះ​។

​រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​ចំនួន ៣០ បាន​រង​ការវាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ​ថ្ងៃទី ១៩ កញ្ញា នៅ​តំបន់ Urem al-Kubra ដែល​ស្ថិតនៅ​ភាគ​ខាងលិច​ក្រុង Aleppo​។ ក្រោយ​ការវាយប្រហារ​តាមផ្លូវ​អាកាស​លើ​ក្បួន​រថយន្ត​នេះ អាមេរិក​បាន​ចោទ​កងកម្លាំង​រុស្ស៊ី និង​កងកម្លាំង​ទាហាន​រដ្ឋាភិបាល​ថា​ជា​អ្នក​បង្កបញ្ហា​នេះ​ឡើង​។ តែ​រុស្ស៊ី​បាន​ទាត់ចោល​ការចោទប្រកាន់​ហើយ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ត្រឹមត្រូវ​មួយ​ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​៕