ក្រសួង​បរិស្ថាន​បង្ហាញ​ជំហរ​វិជ្ជមាន​ឆ្លើយ​តប​នឹង​ញត្តិ​របស់​យុវជន​រឿង​ទំនប់​វារីអគ្គិសនី​សំបូរ

ក្រុម​យុវជន សកម្មជន​បរិស្ថាន​ចំនួន ៧​នាក់ បាន​យក​ញត្តិ​ស្ដីពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សំបូរ​នៅ​ខេត្ត​ក្រចេះ ដាក់​ជូន​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ដើម្បី​ឲ្យ​ក្រសួង​ពិនិត្យ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​នេះ។ ក្រសួង​បរិស្ថាន បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ទៅ​នឹង​សំណើ​របស់​ក្រុម​យុវជន​ភ្លាមៗ បន្ទាប់​ពី​ទទួល​ញត្តិ។

ដូច​ការ​គ្រោង​ទុក ក្រុម​យុវជន សកម្មជន​បរិស្ថាន បាន​ដាក់​ញត្តិ​នៅ​ក្រសួង​បរិស្ថាន ព្រម​ទាំង​បាន​ជជែក​ផ្ទាល់​មាត់​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា។

បើ​តាម​លោក ជុំ ហួត យុវជន​ម្នាក់​ដែល​បាន​ចូលរួម​ជជែក​ពី​បញ្ហា​នេះ ក្រសួង​បរិស្ថាន ប្រាប់​ថា ក្រសួង​នឹង​ផ្ដល់​ចម្លើយ​ត្រឡប់​វិញ​លើ​សំណើ​ដែល​បាន​ស្នើ​ក្នុង​ញត្តិ បន្ទាប់​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ហើយ។ លោក​ថា ក្រសួង​ហាក់​បញ្ជាក់​ជំហរ​វិជ្ជមាន​សហការ​ជាមួយ​យុវជន៖ «ជា​ការ​មួយ​ដែល​ក្រសួង​គាំទ្រ​អ្វី​ដែល​យើង​ធ្វើ។ លទ្ធផល គឺ​ក្រសួង​គាំទ្រ​យើង។ ក្រសួង​នឹង​យក​អ្វី​ដែល​បាន​ជជែក​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី ដើម្បី​រក​ដំណោះស្រាយ»

ញត្តិ​ដែល​ដាក់​លិខិត​ទៅ​ក្រសួង​បរិស្ថាន គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ឯកសារ និង​ព័ត៌មាន​ជាក់លាក់​ស្ដីពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សំបូរ​នៅ​ខេត្ត​ក្រចេះ។ ក្រុម​សកម្មជន​បរិស្ថាន ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​សង្គម និង​ស្នើ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាជន​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ជា​មុន មុន​នឹង​ដំណើរ​ការ​សាងសង់។

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ (ODC = Open Development Cambodia) បង្ហាញ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សំបូរ​នៅ​ឃុំ​ចាវ ស្រុក​សំបូរ ខេត្ត​ក្រចេះ រំពឹង​ថា​អាច​ផលិត​អគ្គិសនី​បាន​ចំនួន ៤៦៥​មេហ្គា​វ៉ាត់ ហើយ​វា​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​សាងសង់។

លោក ជុំ ហួត បញ្ជាក់​ថា ក្រុម​លោក​ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​សហការ​ជាមួយ​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល ពេល​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​គម្រោង​នៅ​ទីតាំង​គម្រោង​សាងសង់​ទំនប់៖ «ខាង​ក្រសួង​នឹង​ពិចារណា​លើ​សំណូមពរ​របស់​ពួក​យើង។ យើង​ស្នើ​ឲ្យ​គាត់​កុំ​ឲ្យ​ធ្វើ (សេចក្តី​សម្រេច​ចិត្ត) ដោយឡែក ធ្វើ​តែ​ជាមួយ​ក្រុមហ៊ុន ដោយ​មិន​បាន​ពិគ្រោះ​ជាមួយ​សហគមន៍​ដែល​នឹង​រង​គ្រោះ»

ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ឲ្យ​ដឹង​ថា វិនិយោគិន​ចិន ជា​អ្នក​បណ្ដាក់​ទុន​វិនិយោគ​លើ​វិស័យ​សាងសង់​ទំនប់​វារីអគ្គិសនី​ធំ​ជាង​គេ​នៅ​កម្ពុជា។

គម្រោង​វិនិយោគ​សាងសង់​ទំនប់​វារីអគ្គិសនី ដូចជា​ទំនប់​សេសាន​ក្រោម​២ ជាដើម តែង​ត្រូវ​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល រិះគន់​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ពិសេស​ការ​រំលោភ​សិទ្ធិ​មនុស្ស ដូចជា​ការ​បណ្ដាញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​មិន​ផ្ដល់​សំណង​សមរម្យ។

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ឲ្យ​ដឹង​ថា សព្វថ្ងៃ​មាន​ទំនប់​វារីអគ្គិសនី​ចំនួន​៦ កំពុង​ដំណើរ​ការ រួម​មាន​ទំនប់​វារីអគ្គិសនី​គិរីរម្យ I (មួយ) (កំពង់ស្ពឺ) ទំនប់​វារីអគ្គិសនី​កំចាយ (កំពត) ទំនប់​វារីអគ្គិសនី​គិរីរម្យ III (បី) (កំពង់ស្ពឺ) ទំនប់​វារីអគ្គិសនី​ស្ទឹង​អាតៃ (ពោធិ៍សាត់) ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម (កោះកុង) និង​ទំនប់​វារីអគ្គិសនី​តាតៃ (កោះកុង)

ការ​សិក្សា​របស់​រដ្ឋបាល​ជលផល​កម្ពុជា កាល​ពី​ឆ្នាំ​២០១៣ រក​ឃើញ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សំបូរ​នៅ​ខេត្ត​ក្រចេះ និង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​ស្ទឹងត្រែង អាច​នឹង​ធ្វើ​ឲ្យ​បរិមាណ​ត្រី​ដែល​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ថយ​ចុះ ដែល​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ស្បៀង​របស់​កម្ពុជា។

កន្លង​ទៅ អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​តែង​ស្នើ​ឲ្យ​រដ្ឋាភិបាល អនុវត្ត​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​អនុម័ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ហើយ​ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​ត្រូវ​គេ​សាងសង់​ឡើង​មែន​នោះ រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ដោយ​ផ្ដល់​ជា​សំណង​សមរម្យ​ដល់​សហគមន៍​ដែល​ប៉ះពាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។