មហាអំណាច​អាស៊ី ជប៉ុន​-​ចិន ប្រជែង និង​បណ្តាក់​គ្នា​ទៅ​វិនិយោគ​នៅ​គុយបា និពន្ធដោយ : ទេព អ៊ីវិសាល       September-26-2016, 9:59 pm         228

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មហាអំណាច​អាស៊ី ជប៉ុន​-​ចិន ប្រជែង និង​បណ្តាក់​គ្នា​ទៅ​វិនិយោគ​នៅ​គុយបា​សបា្តហ៍​មុននេះ រដ្ឋាភិបាល​ក្រុង​ឡា​ហាវ៉ាន ហាក់ដូចជា​មមាញឹក​ប​ន្តិ​ច ដ្បិត​ត្រូវ​ត្រៀម​រៀបចំ​ពិធីការ​ដើម្បី​រង់ចាំ​ភ្ញៀវ​ដែលជា​មហាអំណាច​និង​ជា​គូប្រជែង​នៅ​តំបន់​អាស៊ី ដែល​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ប្រវត្តិសាស្ត្រ​នៅ​ទីនោះ​។ ហើយ​នោះ​គឺ ទាំង​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន និង​ទាំង​ប្រមុខ​រដ្ឋាភិបាល​ចិន បាន​ចុះចត​ក្នុង​ទឹកដី​គុយបា​ជា​ផ្លូវការ​និង​លើកដំបូង​បន្តបន្ទាប់​គ្នា​។ តាមរយៈ​ព្រឹត្តិការណ៍​នេះ បានបង្ហាញ​ពី​រូបភាព​មួយ​ថ្មី​នៃ​ការ​ប្រជែង​គ្នា​រវាង​ជប៉ុន និង​ចិន​ទៅកាន់​រដ្ឋ​សង្គមនិយម​របស់​ពិភពលោក​យ៉ាង​ដូច្នេះ​ឯង​។

​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង (Li Keqiang) នៅ​ថ្ងៃទី​២៤ ខែកញ្ញា​កន្លងទៅ បាន​សន្យា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយនឹង​ប្រធានាធិបតី​គុយបា លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ (Raul Castro) នា​កិច្ចពិភាក្សា​ទ្វេភាគី​នៅ​វិមាន​បដិវត្តន៍​ក្នុង​ក្រុង​ឡា​ហាវ៉ាន ដែល​ស្ថិតនៅ​ក្នុងអំឡុងពេល​នៃ​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃជា​លើកដំបូង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​រយៈពេល​ជាង​៥​ទសវត្សរ៍​ហើយ​នោះ​។

​ក្នុងជំនួប​ប្រវត្តិសាស្ត្រ​នោះ ទាំង​ចិន និង​គុយបា បាន​សម្តែង​ការរីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក ដោយ​គុយបា ក៏​បង្ហាញ​ពី​ចេតនា​ក្នុងការ​រៀនសូត្រ​ពី​ចិន ដែលជា​រដ្ឋ​ប្រកាន់​របប​សង្គមនិយម​ផងដែរ​នោះ​។ លើសពីនេះទៅទៀត ក្រោយ​នៃ​ការបញ្ចប់​កិច្ចសន្ទនា មេដឹកនាំ​ទាំងពីរ ក៏បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យ៉ាងតិច​ម្ភៃ ដែល​ផ្តោតលើ​វិស័យ បច្ចេកវិទ្យា​សេដ្ឋកិច្ច​, ហិរញ្ញវត្ថុ​, សមត្ថភាព​ផលិតកម្ម​,​សារ​ទូរគមនាគមន៍​, ការការពារ​បរិស្ថាន និង​ផ្នែក​អធិការកិច្ច​ជាដើម​។ នេះ​បើ​យោងតាម​ចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua​។

​សូម​ជម្រាប​ផងដែរ​ថា ចិន និង​គុយបា ចាប់ផ្តើម​ចំណង​ការទូត​តាំងពី​ឆ្នាំ​១៩៦០​មកម្ល៉េះ​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​លំដាប់​ទី​ពីរ​របស់​គុយបា ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ទាំងពីរ​នៅ​ឆ្នាំ​២០១៥ សម្រេចបាន​រហូតដល់​២.២ ពាន់​លាន​ដុល្លារ​។

​អ្វី​គួរកត់សម្គាល់​នោះ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នាយករដ្ឋមន្ត្រី​ចិន ធ្វើឡើង​ក្រោយ​មួយថ្ងៃ​ប៉ុណ្ណោះ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​។ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ (Shinzo Abe) បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​គឺ​ថ្ងៃទី​២២-២៤ ខែកញ្ញា​កន្លងទៅ​។ ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្ស​កិច្ច​នោះ លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ ក៏បាន​ពិភាក្សា​ទ្វេភាគី​ជាមួយនឹង​ប្រធានាធិបតី​គុយបា រ៉ា​អ៊ូ​ល កា​ស្ត្រូ និង​ប្រធាន​បដិវត្តន៍​គុយបា ហ្វី​ដែល កា​ស្ត្រូ ផងដែរ​។

​មិន​ខុសពី​ចិន លោកនាយក​រដ្ឋមន្ត្រី​ស៊ិន​ហ្សូ អា​បេ និង​ប្រធានាធិបតី​គុយបា លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ បាន​ព្រមព្រៀងគ្នា​ក្នុងការ​ពង្រីក​ចំណង​សេដ្ឋកិច្ច​ទ្វេភាគី​តាមរយៈ​នៃ​ការបង្កើន​ការវិនិយោគ​របស់​ជប៉ុន​នៅក្នុង​ប្រទេស​គុយបា ហើយ​ជប៉ុន ក៏បាន​សន្យា​លុបចោល​បំណុល​មួយចំនួន​ដែល​គុយបា បាន​ជំពាក់​ទៀតផង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជប៉ុន Nikkei​។​

​តាម​ការអះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ដកស្រង់​ដោយ​ប្រភពព័ត៌មាន​ដដែល​នោះ ក្នុងជំនួប​ជាមួយនឹង​លោក រ៉ា​អ៊ូ​ល ជា​លើកដំបូង​នោះ លោក អា​បេ ក៏​ប្រកាស​លុបចោល​បំណុល​មួយ​ភាគ​ដែលមាន​តម្លៃ​ប្រមាណ​ជាង​១២​លាន​ដុ​លា្ល​រ​ឲ្យ​ទៅជា​ជំនួយ​វេជ្ជសាស្ត្រ​ទៅ​ឲ្យ​គុយបា​។ ហើយ​លោក ក៏​សង្ឃឹមថា វត្តមាន​របស់លោក​នៅ​ក្នុង​ទឹកដី​គុយ​បាន​នឹង​ក្លាយជា​ឱកាស​ដើម្បី​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ទំនាក់ទំនង​នៃ​មិត្តភាព​ប្រទេស និង​ផ្តល់​ជា​លទ្ធផល​តាមរយៈ​ការផ្តល់​សេចក្តីទុកចិត្ត​ដល់​ក្រុមហ៊ុន​ក្នុង​វិនិយោគ​នៅក្នុង​ទី​ដី​គុយបា​ទៀតផង​។​

​តែ​អ្វីដែល​ខុសពី​ចិន​នោះ គឺ​វត្តមាន​របស់​នាយករ​ដ្ឋ​មន្ត្រី​ជប៉ុន​នៅ​ទីនោះ លោក ក៏បាន​ឆ្លៀត​ប្រាប់​ទាំង​លោក​ប្រធានាធិបតី​គុយបា រ៉ា​អ៊ូ​ល​កា​ស្ត្រូ និង​មេ​បដិវត្តន៍​គុយបា ហ្វី​ឌែ​ល​កា​ស្ត្រូ ឲ្យ​បានដឹង​ពី​ការសាកល្បង​នុយក្លេអ៊ែរ​ទី​ប្រាំ​របស់​កូរ៉េខាងជើង​ដែល​បាន​បង្ក​ការគំរាមកំហែង​ដល់​ប្រទេស​ក្នុង​តំបន់​ដែល​រួមទាំង​ជប៉ុន ដែល​សហគមន៍​អន្តរជាតិ ក៏បាន​និង​កំពុងតែ​រៀបចំ​វិធានការ​ចាំបាច់ និង​សមស្រប​ដើម្បី​ប្រឆាំង​សកម្មភាព​នោះ​ផងដែរ​។​

​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ទាំងពីរ ដែល​នាំ​ជាមួយនឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​ទៅកាន់​គុយបា ក៏​ធ្វើឡើង​ក្រោយពី​ការបើកផ្លូវ​ពី​អាមេរិក​ផងដែរ​។ នោះ​គឺ ក្រោយពី​ការផ្សះផ្សារ​ទំនាក់ទំនង​ការទូត​ឡើងវិញ​រវាង​អាមេរិក និង​គុយបា​នៅ​ឆ្នាំ​២០១៤ រដ្ឋបាល​របស់លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​ដក​ទណ្ឌកម្ម​មួយចំនួន​ដោយ​អនុញ្ញាត​ឲ្យ​ការធ្វើដំណើរ និង​ការនាំចេញ​ជាមួយនឹង​គុយបា​។ ជាងនេះទៅទៀត​នោះ មុនពេល​នៃ​ការ​ទៅដល់​ប្រវត្តិសាស្ត្រ​របស់​មេដឹកនាំ​ទាំង​ជប៉ុន និង​ចិន លោក អូ​បា​ម៉ា ក៏បាន​បំពេញ​ទស្សនកិច្ច​ក្នុងនាម​ជា​ប្រ​ធានា​ធិ​តិ​អាមេរិក​កាលពី​ខែមីនា ឆ្នាំ​២០១៦​នេះ​ផងដែរ​៕