អាឡេប៉ូ ប្រែ​ក្លាយ​ជា «ទីក្រុង​ខ្មោច»

«មនុស្ស​គ្រប់​គ្នា​កំពុង​រង់ចាំ​ផ្លូវ​ចេញ​ពី​ទីក្រុង​អាឡេប៉ូ។ ពេល​នេះ ទីក្រុង​មួយ​នេះ គឺ​ជា​ទីក្រុង​ខ្មោច»។ នេះ​បើ​តាម​សម្តី បុរស​វ័យ​២៨​ឆ្នាំ ឈ្មោះ Monther Etaky ជា​អ្នក​រចនា​ក្រាហ្វិក ដែល​រស់​នៅ​ទី​នោះ ប្រាប់​សារព័ត៌មាន CNN។

 

អាឡេប៉ូ ប្រែ​ក្លាយ​ជា «ទីក្រុង​ខ្មោច»

បុរសម្នាក់ជួយសង្គ្រោះកុមារម្នាក់ ចេញពីគំនរអគារបាក់បែក

 

លោក Monther បាន​ឲ្យ​ដឹង​ទៀត​ថា «មាន​តែ​រថយន្ត​សង្គ្រោះ និង​រថយន្ត​ពន្លត់​អគ្គីភ័យ នៅ​ជុំវិញ​ទីក្រុង ហើយ​រយៈ​ពេល​៣​ថ្ងៃ​កន្លង​ទៅ​នេះ ការ​បាញ់​គ្រាប់​ផ្លោង គួរ​ឲ្យ​រន្ធត់​បំផុត។ ជា​ធម្មតា ខ្ញុំ​ទម្លាប់​ជា​មួយ​នឹង​គ្រាប់​បែក​ធុង​ទៅ​ហើយ ហើយ​ខ្ញុំ​នៅ​តែ​អាច​ដេក​លក់​ធម្មតា ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​មិន​អាច​ឡើយ ព្រោះ​គ្រាប់​មីស៊ីល​ថ្មី មាន​សម្លេង​លឺ ហើយ​គួរ​ឲ្យ​រន្ធត់​ខ្លាំង​ទៀត​ផង»។

អាឡេប៉ូ ប្រែ​ក្លាយ​ជា «ទីក្រុង​ខ្មោច»

 

គួរ​រំលឹក​ថា កាល​ពី​សប្តាហ៍​មុន យន្តហោះ​ចម្បាំង​បាន​វាយ​ប្រហារ​ទៅ​លើ​ទីក្រុង​អាឡេប៉ូ នៃប្រទេស​ស៊ីរី ប្រមាណ​ជា ២០០​ដង ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន ១០០​នាក់ និង​រង​របួស​រាប់​រយ​នាក់។ នេះ​បើ​តាម​សម្ដី ប្រធាន​ក្រុម​ការពារ​ជន​ស៊ីវិល​ស៊ីរី លោក Ammar al-Selmo ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​ផ្តល់​សេវាកម្ម​ជួយ​សង្គ្រោះ​បន្ទាន់។

 

កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​ទៅ​នេះ មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ បាន​ពណ៌នា​ការ​វាយ​ប្រហារ​ទៅ​លើ​ទីក្រុង​អាឡេប៉ូ​ថា ជា​សកម្មភាព «ព្រៃផ្សៃ» បំផុត។ គួរ​បញ្ជាក់​ថា អាហារ​នៅ​ក្នុង​ប្រទេស​ស៊ីរី បាន​ឡើង​ថ្លៃ​កប់​ពពក ខណៈ​ពួក​គេ​ទៅ​ទិញ​ទាំង​ភ័យ​ខ្លាច។ រីឯ​នៅ​មន្ទីរពេទ្យ សម្បូរ​ទៅ​ដោយ​អ្នក​ជំងឺ និង​រង​របួស ហើយ​គ្រូពេទ្យ​រវល់​គ្រប់ៗ​គ្នា​តែ​ម្តង៕

 

អានអត្ថបទ៖ រូបភាព​ឪពុក​កូន​ដេក​ស្លាប់ ក្រោម​គំនរ​បាក់​បែក​នៅ​ស៊ីរី ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជា​ថ្មី

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN