សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​ជាង​១​សែន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​កិច្ច​ការ​អភិរក្ស​វប្បធម៌

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចុះហត្ថលេខាផ្តល់ថវិកាជំនួយផ្នែកអភិរក្សវប្បធម៌ជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅជើងភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ព្រឹកថ្ងៃទី២៦ ខែកញ្ញា។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា ផ្តល់ថវិកាជាង ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក (១២១.៧៤៥ដុល្លារ) ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអនុវត្តគម្រោងចងក្រង និងរៀបចំបញ្ជីសារពើភ័ណ្ឌប្រាសាទចំនួន២៤ ដែលត្រូវបានសាងសង់នៅសតវត្សទី៦ និងទី៧ ស្ថិតក្នុងខេត្តតាកែវ និងខេត្តចំនួន៦ ផ្សេងទៀត។

Loading...

ថវិកាទាំងនេះបានមកពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) នៃក្រសួងការបរទេសអាមេរិក ដែលជាកម្មវិធីសំខាន់មួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីជួយប្រទេសដទៃក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែងថា មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ គឺជាការវិនិយោគមួយទៅលើប្រវត្តិសាស្ត្រនៃវប្បធម៌ និងប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា បេតិកភណ្ឌវប្បធម៌ធ្វើឲ្យសហរដ្ឋអាមេរិក និងកម្ពុជា នៅជាមួយគ្នា ទោះឆ្លងកាត់រយៈពេលយូរ និងចម្ងាយឆ្ងាយយ៉ាងណាក្តី៖ «សហរដ្ឋអាមេរិកមានមោទនភាពក្នុងការជួយដល់ការខិតខំរបស់ប្រទេសកម្ពុជា ដើម្បីការពារចងក្រងឯកសារ និងចែករំលែកដល់ពិភពលោក នូវបេតិកភណ្ឌវប្បធម៌ដ៏ពិសេសរបស់កម្ពុជា»។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយជាថវិកាដើម្បីកិច្ចការពារ និងអភិរក្សប្រាសាទបុរាណខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយនិងផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងការនាំយកវត្ថុបុរាណខ្មែរ ដែលត្រូវបានគេលួចយកទៅលក់នៅក្រៅប្រទេស ត្រឡប់មកកម្ពុជា វិញជាបន្តបន្ទាប់៖ «ប្រាសាទពិតមែនថាជារបស់ខ្មែរដែលបានកសាងដោយបុព្វបុរសខ្មែរ ក៏ប៉ុន្តែមានតម្លៃរបស់មនុស្សជាតិទាំងមូលតែម្តង ពីព្រោះគឺជាលំអ គឺជាស្ថាបត្យកម្មសម្រាប់ឲ្យប្រជាជនទាំងអស់នៅលើពិភពលោក បានយល់ដឹងអំពីបញ្ញាញាណរបស់មនុស្សជំនាន់មុន»។

ថវិកាជាង ១២ម៉ឺនដុល្លារអាមេរិកនេះ គឺជាអំណោយលើកទី១៨ ហើយរបស់មូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសម្រាប់ការអភិរក្សវប្បធម៌ ដែលកម្ពុជា ទទួលបានគិតចាប់តាំងពីឆ្នាំ២០០១។ ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិក បានចំណាយប្រាក់ចំនួនជិត ៤លានដុល្លារ (៣,៨លានដុល្លារ) ទៅលើកម្មវិធីនានាដែលទ្រទ្រង់ការអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដែលរួមមាន យុទ្ធនាការប្រឆាំងនឹងការលួចប្លន់វត្ថុបុរាណ ការវិភាគទិន្នន័យ និងការអភិរក្សទីតាំងប្រាសាទបុរាណមួយចំនួនជាដើម៕

ប្រភព៖ RFA