ធ្វើ​តាម​វីដេអូ​​ស្វាន​ iPhone 7 ដាក់​រន្ធ​កាស​​ ចុងក្រោយ​ទឹក​ភ្នែក

​អ្នក​ប្រើ​ប្រាស់ iPhone 7 ​មួយ​ចំនួន​តូច​​​ បាន​បំផ្លាញ​ទូរសព្ទ​តម្លៃ​ជិត​ ១ ពាន់​ដុល្លារ​របស់​ខ្លួន​ បន្ទាប់​ពី​ពួក​គេ​បាន​​ទស្សនា​វីដេអូ​​ Prank (បោក​ប្រាស់​បែប​កំប្លែង) មួយ​បង្ហាញ​ពី​ការ​ស្វាន​ទូរសព្ទ​ដើម្បី​បន្ថែម​រន្ធ​កាស។

 

ធ្វើ​តាម​វីដេអូ​​ស្វាន​ iPhone 7 ដាក់​រន្ធ​កាស​​ ចុងក្រោយ​ទឹក​ភ្នែក

 

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ដឹង​ហើយ​ថា​ iPhone 7 មិន​មាន​រន្ធ​សម្រាប់​ដោត​កាស​ប្រភេទ 3.5mm ឡើយ ហើយ​តាម​​រយៈ​ការ​លុប​រន្ធ​កាស​នេះ​បាន​ផ្ដល់​ជា​​គំនិត​ដល់​គណនី​ YouTube ឈ្មោះ​ TechRax ពី​វិធី​បន្ថែម​រន្ធ​កាស​​ដោយ​ខ្លួន​ឯង ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ស្វាន​ ដើម្បី​ស្វាន​រន្ធ​កាស។

 

 

អ្នក​ប្រើ iPhone 7 មួយ​ចំនួន​ពិត​ជា​បាន​អនុវត្តន៍​តាម​វីដេអូ​ខាង​លើ​ ដោយ​ហេតុ​តែ​ចង់​បាន​រន្ធ​ដោត​កាស​ 3.5mm។ ក្រោយ​អនុវត្តន៍​តាម​ពួក​គេ​បាន​ចូល​បញ្ចេញ​មតិ​ក្រោយ​វីដេអូ​ ដោយ​​មាន​ម្នាក់​ឈ្មោះ​ James Ceja បាន​សរសេរ​ថា​ ៖ “ខ្ញុំ​បាន​សាក​ល្បង​តាម​ហ្នឹង ហើយ​លទ្ធផល​ធ្វើ​ឲ្យ​ខូច​អេក្រង់​ និង មិន​ដំណើរ​ការ​ទាល់​តែ​សោះ…ខ្ញុំ​​បាន​សាង​កំហុស​ដ៏​ធំ​ក្នុង​ជីវិត​ដែល​​មើល​វីដេអូ​នេះ”។

 

​អ្នក​ប្រើ​ប្រាស់​​ម្នាក់​ទៀត​ឈ្មោះ​ Sean Solomon បាន​សរសេរ​ថា៖ “ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​គិត​ពី​អ្វី​ទេ។ ខ្ញុំ​ពិត​ជា​បាន​ស្វាន​រន្ធ​បាន​ពាក់​កណ្ដាល​ ប៉ុន្តែ​ស្រាប់​តែ​ភ្ញាក់​ខ្លួន​ថា​នេះ​ជា​អំពើ​ឆោត​ល្ងង់។ ឥឡូវ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ទៀត?”

 

ដោយឡែក​ ​​បុរស​ម្នាក់​មាន​គណនី​​ឈ្មោះ Michael Wilson បាន​បញ្ចេញ​មតិ​លើ​ទង្វើ​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​អនុវត្តន៍​តាម​វីដេអូ​ទាំង​ឡាយ​ថា៖ “ចំនួន​មនុស្ស​ដែល​គិត​ថា​វីដេអូ​​នេះ​​ជា​ការ​ពិត គឺ​ជា​កង្វល់​មួយ​សម្រាប់​មនុស្ស​ជាតិ”៕

 

ចុច​អាន៖ រក​ឃើញ​មូលហេតុ​ ​iPhone 7/ 7Plus​ ​លាន់​ម៉ាស៊ីន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ nzherald​​​​​​​​​​​​​​​​​​