ទម្លាប់អាក្រក់ ៥ យ៉ាង នាំឱ្យខូចតម្រងនោម

តម្រងនោមគឺជាសរីរាង្គដ៏សំខាន់មួយនៃរាងកាយមនុស្ស ដែលមុខងារនៃសរីរាង្គផ្សេងៗអាស្រ័យនឹងតម្រងនោមនេះ ព្រោះបើតម្រងនោមខូចហើយ នោះសរីរាង្គផ្សេងទៀតក៏នឹងត្រូវរងការប៉ះពាល់មិនខាន ។

មុខងារតម្រងនោមសំខាន់ៗ មានដូចជា សម្អាតជាតិពុលពីក្នុងឈាម ច្រោះទឹកនោម បញ្ចេញជាតិទឹកដែលលើសចេញពីរាងកាយ និង រក្សាទឹកបម្រុងពេលរាងកាយត្រូវការបន្ថែម ។ ក្រៅពីនេះ សរីរាង្គតម្រងនោមជួយដល់ការរក្សាតុល្យភាពនៃកម្រិតកាល់ស្យូម និង ផូស្វាតក្នុងរាងកាយ បញ្ចេញអ័រម៉ូនសំខាន់សម្រាប់សម្រួលមុខងាររាងកាយ ដូចជាសម្ពាធឈាម ការបង្កើតគ្រាប់ឈាមក្រហម ។ មុខងារនេះមានសារសំខាន់ក្នុងការបញ្ជូនអុកស៊ីសែន និងសារធាតុសំខាន់ៗទៅកាន់សរីរាង្គនានានៃរាងកាយ ។

Loading...

ប្រសិនបើតម្រងនោមដំណើរការមិនប្រក្រតី អ្នកអាចសម្គាល់ឃើញសញ្ញាមួយចំនួន ដូចជា ទឹកនោមមានពណ៌ និងបរិមាណខុសប្រក្រតី វិលមុខ ក្អួត ខ្វះឈាម ពិបាកដកដង្ហើម មានអារម្មណ៍ថាត្រជាក់ស្ទើរគ្រប់ពេល ហត់នឿយ និង អស់កម្លាំង ឡើងរមាស់ ដង្ហើមមានក្លិនមិនល្អ និងឈឺចុកចាប់រាងកាយភ្លាមៗ ។

ទម្លាប់អាក្រក់ ៥ យ៉ាង នាំឱ្យខូចតម្រងនោម

ដើម្បីបង្ការបញ្ហារំខានដល់តម្រងនោម អ្នកគួរចៀសវាងទម្លាប់អាក្រក់មួយចំនួនដូចខាងក្រោម ៖

១. ទទួលទានទឹកមិនគ្រប់គ្រាន់
ការទឹកតិចពេក អាចនឹងបង្កផលវិបាកដល់តម្រងនោម ពីព្រោះតម្រងនោមមានមុខងារសំខាន់ គឺបញ្ចេញកាកសំណល់រាវពីរាងកាយ និងសម្រួលការផលិតគ្រាប់ឈាមក្រហម។ នៅពេលរាងកាយខ្វះទឹក ធ្វើឱ្យលំហូរឈាមទៅកាន់តម្រងនោមកាន់តែតិច នោះឈាមនឹងប្រែជាខាប់។ កត្តានវអាចនឹងបណ្តាលឱ្យតម្រងនោមគ្មានសមត្ថភាពគ្រប់គ្រាន់នឹងបញ្ចេញជាតិពុលពីរាងកាយ ហើយធ្វើឱ្យរាងកាយបន្សល់ជាតិពុលទុកក្នុងខ្លួន។ មនុស្សពេញវ័យគួរទទួលទានទឹឱ្យបាន ១០ ទៅ ១២ កែវក្នុងមួយថ្ងៃ ដើម្បីធានាមុខងារប្រក្រតីនៃតម្រងនោម និងរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ។

២. ទទួលទានកាហ្វេច្រើនពេក
ការញ៉ាំកាហ្វេច្រើនពេកអាចនឹងបណ្តាលឱ្យសម្ពាធឈាមឡើង ហើយតម្រងនោមនឹងធ្វើការលើសកម្លាំង ។ ប្រសិនបើទម្លាប់យូរៗទៅ នោះវាអាចឱ្យតម្រងនោមខូច ។ តាមការស្រាវជ្រាវ បុព្វហេតុនៃជំងឺតម្រងនោមមានទំនាក់ទំនងជិតស្និទ្ធទៅនឹងកាហ្វេ ពីព្រោះសារធាតុកាហ្វេអ៊ីនបង្កជាកំណកកាល់ស្យូមក្នុងទឹកនោម ( គ្រួសក្នុងតម្រងនោម ) ។ ទោះជាយ៉ាងនេះក្តី ការញ៉ាំកាហ្វេក្នុងបរិមាណសមស្រប នឹងពុំជះឥទ្ធិពលអាក្រក់ចំពោះតម្រងនោមទេ (១-២ពែង ក្នុង១ថ្ងៃ) ស្របពេលជាមួយគ្នានេះដែរ អ្នកក៏ពុំគួរញ៉ាំតែ ភេសជ្ជៈមានជាតិសូដា សូកូឡា កូកាវ ភេសជ្ជៈប៉ូវកម្លាំងច្រើនពេកដែរ ។

ទម្លាប់អាក្រក់ ៥ យ៉ាង នាំឱ្យខូចតម្រងនោម

៣. ទទួលទានអាហារញ៉ាំប្រៃពេក
ការប្រើអំបិលច្រើន អាចផលអាក្រក់ចំពោះតម្រងនោម និងបញ្ហាសុខភាពផ្សេងៗទៀត ។ នៅពេលរាងកាយទទួលបានសូដ្យូមច្រើនពេក នោះតម្រងនោមនឹងពិបាកបំពេញមុខងារ កាត់បន្ថយជាតិទឹកដែលបម្រុងទុកប្រើប្រាស់ក្នុងរាងកាយ ធ្វើឱ្យសម្ពាធឈាមឡើង កម្រិតប្រូតេអ៊ីនក្នុងទឹកនោមកើនឡើង ដែលទាំងនេះសុទ្ធតែធ្វើឱ្យខូចតម្រងនោម ។ ជាការល្អ គួរទទួលទានអំបិលកុំឱ្យលើសពី ៥ ក្រាម ក្នុង ១ ថ្ងៃ ( ១ស្លាបព្រាកាហ្វេ ស្មើនឹង ៦ ក្រាម ) ។

៤. ទទួលទានភេសជ្ជៈអាល់កុលច្រើនពេក
ការទទួលទានគ្រឿងស្រវឹង គួរមានកំណត់ ពុំនោះទេ តម្រងនោមនឹងរងផលប៉ះពាល់យ៉ាងពិតប្រាកដ។ សារធាតុអាល់កុលបង្កផលវិបាកជាខ្លាំងដល់ការបំពេញមុខងាររបស់តម្រងនោម និង ថ្លើម ។ ប្រសិនបើញ៉ាំក្នុងបរិមាណច្រើន នោះអាស៊ីតយូរីក ( Uric Acid ) ក្នុងបំពង់តម្រងនោមនឹងកើនឡើង ដែលអាចបណ្តាលឱ្យស្ទះបំពង់។ បញ្ហានេះពិតជាប្រឈមខ្ពស់ទៅនឹងការខូចតម្រងនោម ។ ជាការល្អ អ្នកគួរទទួលទាន ២ កែវ (សម្រាប់មនុស្សប្រុស ) និង១កែវ ( សម្រាប់មនុស្សស្រី ) ក្នុង១ថ្ងៃ ។

ទម្លាប់អាក្រក់ ៥ យ៉ាង នាំឱ្យខូចតម្រងនោម

៥. ទទួលទានដំណេកមិនគ្រប់គ្រាន់
ការគេងមិនគ្រប់ ច្រើនតែកើតឡើងចំពោះមនុស្សស្ទើរតែគ្រប់គ្នាទៅហើយ ជាពិសេយុគសម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ននេះ ។ នៅពេលគេងលក់ រាងកាយជាលិកានៃសរីរាង្គបង្កើត ឬជួសជុលខ្លួនឯងឡើងវិញ ដូចនេះ ប្រសិនបើអ្នកគេងមិនគ្រប់ដំណើរការនេះនឹងត្រូវបន្ទុចបង្អាក់ ដូចគ្នាដែរ តម្រងនោមក៏នឹងត្រូវខូចជាងគេ ព្រោះវាជាសរីរាង្គច្រោះជាតិពុល ។ ការគេងមិនលក់អាចធ្វើឱ្យសម្ពាធឈាមឡើង និងស្ទះសរសៃឈាមបេះដូង ដែលកត្តាទាំងពីរនេះ ក៏ជាបច្ច័យធំដល់ការខូចតម្រងនោមដែរ។ ដើម្បីចៀសវាងបញ្ហានេះ អ្នកគួរគេងឱ្យបាន ៦ ទៅ៨ម៉ោងក្នុងមួយថ្ងៃ ៕

ប្រភព៖ pmhotnews