ចំណងអាពាហ៍ពិពាហ៍ឈិ​ន សុធា​រី និង​សុវណ្ណ មក​រា ឈាន​ដល់​ភាព​រង្គោះរង្គើ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មិន​ទាន់​មានការ​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​ក៏​ដោយ ប៉ុន្តែ​ចំណងអាពាហ៍ពិពាហ៍​រវាង​នាង​ឈិ​ន សុធា​រី និង​លោក​សុវណ្ណ មក​រា ត្រូវ​គេ​សង្ស័យ​ថា មាន​ភាព​រង្គោះរង្គើ និង​អាច​ដល់​ផ្លូវបំបែក​ហើយ ដោយ​ឈិ​ន សុធា​រី តែងតែ​បង្ហោះ​សារ​ពី​ភាព​សោកសៅ​បង្ហាញ​របស់​ខ្លួន​តាម​ហ្វេ​ស​ប៊ុ​ក ។

កន្លង​មក​គេ​តែងតែ​ឃើញ​អតីត​តារាចម្រៀង​នាង​ឈិ​ន សុធា​រី សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ ស្តែង​ឲ្យ​ឃើញ​ពី​ភាព​សោកសៅ​របស់​នាង ក្រោយ​រៀប​ការ​ជាមួយ​លោក​សុវណ្ណ មក​រា ។

ជា​ការ​កត់សម្គាល់​សារ​ចុង​ក្រោយ​របស់​ឈិ​ន សុធា​រី សរសេរ​ថា​ស្នាមញញឹម​របស់​នាង​នា​ពេល​នេះ​គឺ​មាន​តែ​សម្រាប់​កូន​ទាំង​ពីរ​របស់​នាង​ប៉ុណ្ណោះ និង​សារ​មួយ​ចំនួន​ទៀត​ហាក់​បង្ហាញ​ពី​ការ​បែកបាក់​ជីវិត​ប្តី​ប្រពន្ធ​រវាង​នាង និង​លោក​សុវណ្ណ មក​រា ។

យ៉ាងណា​ក៏​ដោយ​នាង​ឈិ​ន សុធា​រី តែងតែ​ទទួល​បានការ​គាំទ្រ និង​លើកទឹកចិត្ត​ពី​មិត្តភក្តិ  ក្រុម​គ្រួសារ និង​ប្រិ​យ​មិត្ត​គាំទ្រ ដើម្បី​ឲ្យ​នាង​តស៊ូ​ក្នុង​ជីវិត​បន្ត​ទៀត ដើម្បី​អនាគត​កូន​ទាំង​ពីរ បើ​ទោះបីជា​មានរឿង​អ្វី​មិនល្អ​កើតឡើង​ចំពោះ​នាង​ក៏​ដោយ ។

ជា រឿយ​ៗ​ឈិ​ន សុធា​រី តែងតែ​ទទួលយក​ការ​លើកទឹកចិត្ត​នេះ ក្នុង​នោះ​នាង​បាន​បញ្ជាក់​ថា នាង​នឹង​រឹង​មាំ​សម្រាប់​កូនភ្លោះ​របស់​នាង បើ​ទោះជា​ពេល​នេះ​នាង​មិន​ទទួល​បាន​សុភមង្គល​ក៏​ដោយ ។

ពាក់ព័ន្ធ​បញ្ហា​នេះ​កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បកស្រាយ​ណាមួយ​ពី​ឈិ​ន សុធា​រី និង​លោក​សុវណ្ណ មក​រា បាន​នៅឡើយ​ទេ ប៉ុន្តែ​អ្នកសិល្បៈ​ម្នាក់​បង្ហើប​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​ពិតជា​ជួប​បញ្ហា​មែន ប៉ុន្តែ​នៅ​មិន​ទាន់​មានការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅឡើយ ។

នាង​ឈិ​ន សុធា​រី និង​លោក​សុវណ្ណ មក​រា បាន​ចូល​រោងការ​កាលពី​អំឡុង​ចុងខែ​តុលា ឆ្នាំ​២០១៥ រហូត​មក​ដល់​ពេល​នេះ​មានកូន​ភ្លោះ​វ័យ​ជិត​មួយ​ខួប​ហើយ ។

ទាំង​ឈិ​ន សុធា​រី និង​លោក​សុវណ្ណ មក​រា ត្រូវ​គេ​កត់​សម្គាល់ថា​នឹង​ក្លាយជា​គូស្នេហ៍​តារា​សិល្បៈ​មួយគូ​ថ្មី ដែល​ចាប់ដៃ​គ្នា​កសាង​សុភមង្គល​តាម​រយៈ​អាពាហ៍ពិពាហ៍ ។ អ្នក​ទាំង​ពីរ​ធ្លាប់បាន​ទទួល​ការ​កោតសរសើរ​ថា​ជា​គូស្នេហ៍​ដែលមាន​សម្រស់​ស្រស់​ស្អាត​សម​គ្នា និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​គ្នា​នៅ​ក្នុង​សង្គម​សិល្បៈ ។

នាង​ឈិ​ន សុធា​រី គឺជា​តារា​សម្ដែង​ផង ជា​តារាចម្រៀង​ផង និង​ជា​ពិធី​ការិនី​ផង​ដែល​ធ្លាប់​ជោគជ័យ​នៅ​ក្នុង​ពិភព​សិល្បៈ​មុន​ពេល​នាង​ប្រកាស​ដកខ្លួន  ។ ចំណែក​លោក​សុវណ្ណ មក​រា វិញ​ជា​តារា​សម្ដែង មុន​ពេល​រៀប​ការ​ជាមួយ​នារី​នៅ​សហរដ្ឋអាមេរិក ហើយ​ចាកចេញ​ទៅ​ឆ្ងាយ​ពី​សិល្បៈ​នោះ ។ លោក​សុវណ្ណ មក​រា​បាន​វិល​ត្រឡប់​មក​វិញ ក្រោយ​ពេល​ធ្លាក់ខ្លួន​ពោះម៉ាយ ប៉ុន្តែ​បាន​ក្លាយជា​ម្ចាស់​ផលិតកម្ម និង​មាន​ជំនួញ​ទទួល​ថត​មង្គលការ និង​រៀបចំ​ចាត់ចែង​ពិធី​តូច​ធំ ៕