Ronaldo សម្លឹងរកការបង្កើតកំណត់ត្រាបន្ថែមទៀតពេល Real ប៉ះ Dortmund រាត្រីនេះ

ខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងបង្កើតប្រវត្តិសាស្រ្តបន្ថែមទៀតក្នុងក្របខ័ណ្ឌ Champions League នៅរាត្រីនេះ នៅពេលដែលក្រុម Real Madrid សម្លឹងរកការបញ្ចប់សំណាងអាក្រក់របស់ពួកគេនៅលើទឹកដីក្រុម Borussia Dortmund។ ក្រោយពីបានសម្តែងនូវការខឹងសម្បា ក្រោយពីត្រូវបានគេប្តូរចេញក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ ការរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ពីសំណាក់ Ronaldo នៅលើទឹកដីក្រុម Dortmund នឹងធ្វើឲ្យរូបគេក្លាយជាកីឡាករដំបូងគេក្នុងការរកគ្រាប់បាល់បញ្ចូលទីបាន១០០គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុប។

Ronaldo

នៅមុនពេលធ្វើដំណើរទៅកាន់ទឹកដី Dortmund លោក Zinedine Zidane គ្រូបង្វឹករបស់ Real បានសម្រេចចិត្តប្តូរ Ronaldo ចេញសម្រាប់ការប្រកួតរយៈពេល២០នាទីចុងក្រោយក្នុងពេលក្រុមរបស់លោកបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ក្នុងការប្រកួតក្របខ័ណ្ឌលីកអេស្ប៉ាញកាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Las Palmas។ តារាឆ្នើមរបស់ព័រទុយហ្គាល់រូបនេះ បានខឹងសម្បាយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ តាមរយៈការសម្តែងកាយវិការមិនពេញចិត្តពេលដើរចេញពីទីលាន ដោយមិនខ្វល់ពីលោក Zidane ឡើយ។

អារម្មណ៍របស់ Ronaldo កាន់តែមិនមានភាពល្អប្រសើរឡើងនៅពេលដែល Las Palmas បានរកគ្រាប់បាល់តាមស្មើវិញក្នុងរយៈពេល៥នាទីចុងក្រោយ។ ការរកគ្រាប់បាល់បំប៉ោងសំណាញ់ទីដោយការស៊ុតបាល់ពិន័យ Free-kick របស់ Ronaldo បានជួយឲ្យក្រុម Real ធ្វើការវាយបកដើម្បីផ្តួលក្រុម Sporting Lisbon ២-១ ក្នុងការប្រកួតបើកឆាករបស់ពួកគេក្នុងពូល F ស្របពេលដែលក្រុម Dortmund បានទទួលជ័យជម្នះ ៦-០ នៅលើទឹកដីក្រុម Legia Warsaw នារាត្រីដដែលនោះ។ គ្រាប់បាល់តាមស្មើនោះ បានធ្វើឲ្យ Ronaldo មានគ្រាប់បាល់សរុបចំនួន៩៧គ្រាប់ក្នុងយុទ្ធនាការនៃក្របខ័ណ្ឌរបស់អឺរ៉ុប។ ប៉ុន្តែ ក្រុម Dortmund នឹងសម្លឹងរកកំណត់ត្រានៃការមិនស្គាល់ចាញ់លើទឹកដីខ្លួនឯង នៅពេលដែលប្រកួតជាមួយនឹង Real ដែលបានកត់ត្រាជ័យជម្នះតែ៤លើកគត់ក្នុងចំណោមការប្រកួតក្រៅដី២៩លើកនៅលើទឹកដីរបស់អាល្លឺម៉ង់។ ការប្រកួតនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

09.04.14 Dortmund 2-0 Real Madrid
03.04.14 Real Madrid 3-0 Dortmund
01.05.13 Real Madrid 2-0 Dortmund

The post Ronaldo សម្លឹងរកការបង្កើតកំណត់ត្រាបន្ថែមទៀតពេល Real ប៉ះ Dortmund រាត្រីនេះ appeared first on CamboSport.