មេ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង និង​ស្រុក​ស្នួល ខេត្តក្រចេះ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​មិន​បង្ក្រាប​បទល្មើស​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ឆ្លូង និង​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​លោក អ៊ុយ ស្រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង និង​ស្រុក​ស្នួល មិនដែល​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ គឺ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​សកម្មជន​ព្រៃឈើ​ក្នុងស្រុក​ឆ្លូង និង​ស្រុក​ស្នួល បាន​លើកឡើងថា​ប្រហែល​មានការ​បើកដៃ​ពី​លោក ទ្រី សុភ័ក្ដ្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ទើប​លោក អ៊ុយ ស្រី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ជាក់ស្ដែង​លោក អ៊ុយ ស្រី ដែលជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង និង​ស្រុក​ស្នួល បើកដៃ​ឲ្យ​ឈ្មួញ​ដឹកឈើ​ឆ្លងកាត់​ស្នាក់ការ​របស់ខ្លួន​ឆ្ពោះទៅ​តំបន់​ព្រំដែន​ត្រពាំង​ស្រែ​យ៉ាង​រលូន​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​ឈ្មួញ​ជាច្រើន​នាក់​បាន​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ឆ្លូង និង​ស្រុក​ស្នួល ទៅ​ច្រកព្រំដែន​ត្រពាំង​ស្រែ ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុយ ស្រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង និង​ស្រុក​ស្នួល​។ ប្រសិនបើ​ឈ្មួញ​ពុំមាន​ទំនាក់ទំនង​ផ្ដល់​ផលប្រយោជន៍​ទេនោះ គឺ​លោក អ៊ុយ ស្រី នឹង​ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ​ជាមិនខាន ហេតុនេះហើយ​ទើប​ឈ្មួញ​ត្រូវមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក អ៊ុយ ស្រី ដើម្បី​ឲ្យ​មុខរបរ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ឆ្លូង និង​ស្រុក​ស្នួល ទៅ​ស្រុក​យួន​គឺ​លោក អ៊ុយ ស្រី អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​បែងចែក​ជាមួយ​ថ្នាក់លើ ដើម្បី​អាចឈរជើង​នៅ​ស្រុក​ឆ្លូង និង​ស្រុក​ស្នួល បានយូរ​អង្វែង​បន្តទៀត​។

ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ខ្លះ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​ពួកគេ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​និង​ម៉ូតូ​ទៅ​លក់​នៅ​ស្រុក​យួន គឺ​ចៀស​មិន​ផុតពី​បង់លុយ​ឲ្យ​លោក អ៊ុយ ស្រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង និង​ស្រុក​ស្នួល នោះឡើយ​។ ជាងនេះទៅទៀត​មាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ពីរ​នាក់ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​ដែរ គឺ​ឈ្មោះ ឈួន ប៉េងឡុង និង​ឈ្មោះ ជីវ លី​ស្រ៊ុន​។ ដោយសារតែ​មានការ​ឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បែបនេះហើយ ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ឆ្លូង និង​ស្រុក​ស្នួល ទៅ​លក់​នៅ​ស្រុក​យួន​កំពុង​កើតឡើង​យ៉ាង​រាលដាល ព្រោះ​បទល្មើស​កើតឡើង​ទាំងយប់​ទាំង​ថ្ងៃ​តាម​រថយន្ត​តូចធំ​និង​ម៉ូតូ​ជាច្រើន​គ្រឿង​។ ហេតុនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​ខ្លះ​ផង ព្រោះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ឆ្លូង និង​ស្រុក​ស្នួល ខេត្តក្រចេះ ទៅ​លក់​នៅ​ស្រុក​យួន​កំពុង​កើតឡើង​ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​៕

img-20160828-wa0010-2 __ img-20160918-wa0028