បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ញ៉ា​ង ជាពិសេស​ជនជាតិដើម​ភាគតិច​នៅ​ភូមិ​កេ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ កំពុង​កើតឡើង​ឥតឈប់ឈរ ហើយ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស គឺជា​សមត្ថកិច្ច​នគរ​បាល​ទៀតផង​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​ភូមិ​កេ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស គ្រោង​ដាក់ពាក្យ​បណ្ដឹង​ទៅ​មន្ត្រី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោយពេល​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​២០៣ បាន​ជួល​កម្មករ​ឲ្យ​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​ជា​បន្តបន្ទាប់​។ តំណាង​ប្រជា​សហគមន៍​ភូមិ​កេ​ត បាន​ឲ្យ​ដឹងថា​ពួកគាត់​ពុំមាន​លទ្ធភាព​ទប់ស្កាត់​បទល្មើស​ទេ ព្រោះ​អ្នកប្រព្រឹត្ត​គឺជា​សមត្ថកិច្ច​ប្រដាប់អាវុធ​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ព្រៃ​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ នៅ​ភូមិ​កេ​ត ឃុំ​ញ៉ា​ង តំបន់​ជិត​មាត់​អូរ​សា​ថី ជាប់​ដី​ក្រុមហ៊ុន​៧​មករា​ផា​រី ត្រូវបាន​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​២០៣ ដែល​ឈរជើង​នៅ​ឃុំ​ញ៉ា​ង ដាក់​កម្លាំង​កម្មករ​ឲ្យ​កាប់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​។ បញ្ហា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ ក្នុងភូមិ​កេ​ត ឃុំ​ញ៉ា​ង ព្រួយបារម្ភ​ពី​ការវិនាសហិនហោច​ព្រៃឈើ ហើយ​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ជាក់ស្ដែង​ថ្មីៗ​នេះ​កម្មករ​មួយក្រុម​បាន​យក​រណារយន្ត​ចូល​ព្រៃ​សហគមន៍ ហើយ​នៅពេល​ប្រជា​សហគមន៍​សួរនាំ​ត្រូវបាន​កម្មករ​ទាំងនោះ​ប្រាប់ថា មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​២០៣​ជា​អ្នក​ជួល​ឲ្យ​កាប់​។

ប្រជា​សហគមន៍​ភូមិ​កេ​ត ឃុំ​ញ៉ា​ង បាន​ឲ្យ​ដឹងថា​លោក ប៊ុត ថា​លី ដែលជា​មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​២០៣ កំពុង​បំផ្លាញ​ព្រៃ​សហគមន៍​ភូមិ​កេ​ត​យ៉ាង​គឃ្លើន ហើយ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ បាន​លើកឡើងថា​ការបំផ្លាញ​ព្រៃ​សហគមន៍​និង​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ គឺជា​អំពើ​ខុសច្បាប់​ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់​ឃើញ​លោក ឡេង យុគ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ទប់ស្កាត់​ករណី​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​២០៣​បំផ្លាញ​ព្រៃ​សហគមន៍ ក្នុងភូមិ​កេ​ត ឃុំ​ញ៉ា​ង នោះទេ​។ ហេតុនេះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​២០៣ បំផ្លាញ​ព្រៃ​សហគមន៍​យ៉ាង​មហន្តរាយ​តទៅទៀត​៕

011 untitled-1