សង្វៀន​បញ្ជល់មាន់​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​អសន្តិសុខ​សង្គម​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​អរិយ​ក្សត្រ បាន​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ចាត់វិធានការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​នៅជាប់​របង​វត្ត​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ស្អាង ខេត្តកណ្ដាល ជាបន្ទាន់​។ ដោយហេតុថា​បន្ទាប់ពី​អ្នកមានអំណាច​មក​បើក​សង្វៀន​បញ្ជល់​មាន់នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ គឺ​បានធ្វើ​ឲ្យ​មាន​បញ្ហា​ជាច្រើន​កើតឡើង​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ កើត​ឡើងជា​បន្តបន្ទាប់ ហើយ​អ្នកខ្លះ​ត្រូវ​ចាញ់ល្បែង​អស់​លុយកាក់​ទ្រព្យសម្បត្តិ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នគរបាល​ប៉ុស្ដិ៍ ក៏ដូចជា​អធិការនគរបាល​ស្រុក​ល្វាឯម មិន​ហ៊ាន​ប៉ះពាល់​សង្វៀន​បញ្ជល់មាន់​របស់​អ្នកមានអំណាច​នោះទេ ព្រោះ​ខ្លាច​របូត​ស័ក្ដិ​ពីលើ​ស្មា​។

តាម​ប្រភពពី​អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​ទីតាំង​សង្វៀន​បញ្ជល់មាន់​ក្នុង​ឃុំ​អរិយ​ក្សត្រ បាន​ឲ្យ​ដឹងថា​ម្ចាស់​សង្វៀន​នោះ​មានឈ្មោះ ហ៊ុន សំអិត ដែលជា​កូនប្រុស​របស់លោក ហ៊ុន សាន ជា​បងប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ អ្នកចាត់ការ​គ្រប់គ្រង​សង្វៀន​បញ្ជល់មាន់​នោះ ត្រូវបាន​គេ​ដឹងថា​ឈ្មោះ បូ ជា​អ្នកចាត់ចែង​ផ្គូផ្គង​បញ្ជល់មាន់​ក្នុង​១​គូ​ដាក់​ដើម​ថា​ន់​ចាប់ពី​១០០០​ដុល្លារ​ឡើងទៅ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​ធ្លាប់​រាយការណ៍​ទៅ​នាយប៉ុស្ដិ៍​នគរបាល​ឃុំ​អរិយ​ក្សត្រ ក៏ដូចជា​មន្ត្រីនគរបាល​ស្រុក​ល្វាឯម​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​លោក ហ៊ុន សំអិត ដែលជា​ម្ចាស់​សង្វៀន​បញ្ជល់មាន់​នោះទេ​។

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​វត្ត​ខ្សាច់​ឃុំ​អរិយ​ក្សត្រ បាន​ឲ្យ​ដឹងថា ពួកគាត់​បានឃើញ​មន្ត្រីនគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ​ជាច្រើន​នាក់​ទៅដល់​ដីឡូត៍​របស់លោក ហ៊ុន សាន ដែលជា​ទីតាំង​សង្វៀន​បញ្ជល់មាន់​របស់​លោក ហ៊ុន សំអិត គឺ​ប្រហែល​ទៅ​និយាយ​ពី​រឿង​ឲ្យ​បិទ​សង្វៀន​បញ្ជល់មាន់​។ ក៏ប៉ុន្តែ​បន្ទាប់ពីនោះ​សង្វៀន​បញ្ជល់មាន់​របស់​លោក ហ៊ុន សំអិត នៅតែ​បន្តដំណើរ​ការ​យ៉ាង​គគ្រឹក​គគ្រេង​ដដែល ហើយ​មាន​រូបភាព​កាន់តែ​ធំ​ជាង​មុន​ទៅទៀត​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ក៏ដូចជា​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ល្បែងស៊ីសង​នៅក្នុង​ឃុំ​អរិយ​ក្សត្រ​ជាបន្ទាន់ ជាពិសេស​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​របស់លោក ហ៊ុន សំអិត ដើម្បី​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​៕

13507020_541881642666444_7484450765343945990_n

លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល