បច្ចេកវិទ្យា​ថ្មី​ជួយ​ពលរដ្ឋ​អាមេរិក​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​បោះ​ឆ្នោត​យ៉ាង​ម៉េច

មនុស្សជាច្រើននៅតែមិនដឹងថាតើអ្នកណាដែលពួកគេចង់ឲ្យក្លាយជាប្រធានាធិបតីនោះ។ ប៉ុន្តែមានឧបករណ៍បច្ចេកវិទ្យាថ្មីនានាក្នុងការជួយពួកគេឲ្យសម្រេចចិត្តលើរឿងនេះ។

ក្រុមហ៊ុនអាជីវកម្មទើបបង្កើតថ្មីនានា កំពុងបង្កើតផលិតផលដែលព្យាយាមធ្វើការផ្លាស់ប្ដូរឥរិយាបថរបស់អ្នកបោះឆ្នោតទាំងនោះ និងបង្កើនការចូលរួមរបស់ពួកគេនៅក្នុងវិស័យនយោបាយ។

Loading...

ក្រុមហ៊ុនមួយទើបនឹងបានបង្កើតកម្មវិធីដែលហៅថា Brigade ដែលជាកម្មវិធី និងវេបសាយមិនពាក់ព័ន្ធជាមួយនឹងនយោបាយណាមួយនោះទេ។ កម្មវិធីនេះមិនដែលមានកាលពីបោះឆ្នោតប្រធានាធិបតីអាណត្តិមុនៗនោះទេ។

លោក Matt Mahan សហស្ថាបនិក និងជាប្រធានរបស់ក្រុមហ៊ុន Brigade នេះ បាននិយាយថា ដើម្បីបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ បញ្ហាមួយចំនួនចាំបាច់ត្រូវតែដោះស្រាយ។

លោក Mahan ថា៖ «យើងចាំបាច់ត្រូវផ្ដល់ឲ្យប្រជាពលរដ្ឋទូទៅនូវលទ្ធភាពងាយស្រួលក្នុងការទទួលបានព័ត៌មានដែលពួកគេត្រូវការ ដើម្បីធ្វើការសម្រេចចិត្ត។ ប៉ុន្តែយើងក៏ត្រូវធ្វើការបញ្ចូលចំណុចហ្នឹងទៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេផងដែរ។ យើងចាំបាច់ត្រូវធ្វើរឿងហ្នឹងឲ្យក្លាយទៅជាផ្នែកនៃការសន្ទនាដែលពួកគេមានជាមួយមិត្តភក្តិរបស់ពួកគេ ហើយយើងចាំបាច់ត្រូវធ្វើរឿងនេះឲ្យទៅជាភាពធម្មតាសម្រាប់ពួកគេពាក់ព័ន្ធនឹងការចូលរួមរបស់ពួកគេនៅក្នុងវិស័យនយោបាយ»។

មនុស្សមួយចំនួនដែលធ្វើការលើផ្នែកបច្ចេកវិទ្យានេះថា កម្មវិធីបច្ចេកវិទ្យាទាំងនេះ កំពុងរារាំងដល់វិធីពីមុនៗនៃការចូលរួមផ្នែកនយោបាយ ដោយបានបង្កើតនូវវិធីថ្មីដែលប្រជាពលរដ្ឋអាចចូលរួមទៅវិញ។ ឧទាហរណ៍ កម្មវិធី Brigade នេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការពិភាក្សាដេញដោលគ្នាចំពោះបញ្ហាផ្សេងៗ និងព្យាយាមទាក់ទាញអ្នកដទៃឲ្យប្រកាន់ជំហរតាមខ្លួន។ អ្នកប្រើប្រាស់កម្មវិធីនេះ ក៏អាចឃើញ ថាតើទស្សនៈរបស់ពួកគេស្រដៀងទៅនឹងទស្សនៈរបស់បេក្ខជននយោបាយរូបណា ដែលធ្វើឲ្យអ្នកប្រើប្រាស់ទាំងនោះបេ្តជ្ញាថានឹងបោះឆ្នោតឲ្យបេក្ខជនដែលខ្លួនពេញចិត្ត៕

ប្រភព៖ VOA