ប្រ​មុខ​ អ.ស.ប.​ រន្ធត់​នឹង​ការវាយ​ប្រហារ​សម្លាប់​ជន​ស៊ី​វិល​នៅ​អាឡិប​ប៉ូ

ក្រុងអាឡិបប៉ូៈ ប្រមុខអ.ស.ប. លោក បាន គីមូន បានថ្លែងពីថ្ងៃអាទិត្យថា លោកមាន «ការញាប់ញ័ររន្ធត់ នឹងការកើនឡើងខាងយោធាគួរឲ្យភ័យខ្លាច» ក្នុងក្រុងសមរភូមិអាឡិបប៉ូ របស់ប្រទេសស៊ីរី ជាទីដែលក្រុមអ្នកស្រុក បានលាក់ខ្លួនពួនអាត្មា នៅតែក្នុងផ្ទះ ខណៈការវាយប្រហារផ្លូវអាកាសជាច្រើនបានរំលំអគារជាច្រើន និង បានសម្លាប់ជនស៊ីវិល យ៉ាងតិច ៤៥ នាក់។

ក្រុមប្រឹក្សាសន្តិសុខគ្រោងនឹង ជួបគ្នានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សា ពីការកើនឡើង នៃអំពើហិង្សា ចាប់តាំងពីកងទ័ពស៊ីរី បានប្រកាសយុទ្ធនាការវាយប្រហារដើម្បី ដណ្តើមកាន់កាន់ឡើងវិញ នូវក្រុងដែលខ្ទេចខ្ទាំ នៅភាគខាងកើតដែលគ្រប់គ្រង ដោយក្រុមឧទ្ទាមនេះ។

Loading...

អ.ស.ប. បាននិយាយថា ជនស៊ីវិលជិត ២ លាននាក់ ត្រូវបានគេទុកឲ្យអត់ទឹកប្រើប្រាស់នៅក្រុងអាឡិបប៉ូ បន្ទាប់ពីការទម្លាក់គ្រាប់បែករបបស៊ីរី បានធ្វើឲ្យខូចខាតស្ថានីយបូមទឹក ហើយក្រុមឧទ្ទាមបានបិទស្ថានីយបូមទឹកមួយទៀត ជាការសងសឹក។

លោកគីមូន បានព្រមានថា ការ ប្រើប្រាស់គ្រាប់បែកកម្ទេចត្រង់សេ និងគ្រាប់រំសេវទំនើបជាច្រើនទៀតប្រឆាំងជនស៊ីវិល អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម បន្ទាប់ពីកងទ័ពពីថ្ងៃព្រហស្បតិ៍ បានបើកយុទ្ធនាការវាយប្រហារដែលគាំទ្រ ដោយការវាយឆ្មក់ផ្លូវអាកាសពីរុស្ស៊ី ដែលបានឆក់យកជីវិតមនុស្សប្រមាណជា ១០០ នាក់។

ក្រុមមន្ត្រីកំពូល EU បាននិយាយថា ការវាយប្រហារទាំងនោះលើក្រុមជនស៊ីវិលគឺស្មើនឹង «ការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ» មួយ និងបានអំពាវនាវឲ្យមានការបង្កើនកិច្ចប្រឹងប្រែងដើម្បីសន្តិភាព។

ក្រុងវ៉ាស៊ីនតោន និងក្រុមមហាអំណាចអឺរ៉ុបនាំមុខ បាននិយាយពីថ្ងៃសៅរ៍ថា៖ «បន្ទុកគឺនៅលើរុស្ស៊ី.ដើម្បីសង្គ្រោះកិច្ចប្រឹងប្រែងការទូត ដើម្បីស្តារការផ្អាកអរិភាពនោះ»។

បទឈប់បាញ់រយៈពេលពេញ មួយសប្តាហ៍ ដែលបានយល់ព្រមដោយអាមេរិក និងរុស្ស៊ី បានបញ្ចប់ពីថ្ងៃចន្ទសប្តាហ៍មុន ហើយ កិច្ចប្រឹងប្រែងដើម្បី ស្តារបទឈប់បាញ់នោះ បានទទួលបរាជ័យ។ នៅថ្ងៃដដែលនោះ ក្បួនរថយន្តជំនួយមួយត្រូវបានការវាយប្រហារផ្លូវអាកាសមួយ វាយប្រហារ ដែលក្រុមមន្ត្រីអាមេរិក បាននិ យាយថា ត្រូវបានធ្វើដោយយន្តហោះរុស្ស៊ី ថ្វីបើក្រុងម៉ូស្គូ បានបដិសេធការទទួលខុសត្រូវក្តី។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃើរី ដែលបរាជ័យក្នុងការចរចាជាមួយសមភាគីរុស្ស៊ី លោក ស៊ើហ្គេយ៍ ឡាវរ៉ូវ ដើម្បីស្តារបទឈប់បាញ់នោះ បានថ្លែង មុននេះថា៖ «អ្វីដែលកំពុងកើតមាននៅអាឡិបប៉ូថ្ងៃនេះ គឺមិន អាចទទួលយកបានទេ។ វាទៅ ហួសឆ្ងាយពីបង្គោលរបង»។

ប្រ​មុខ​ អ.ស.ប.​ រន្ធត់​នឹង​ការវាយ​ប្រហារ​សម្លាប់​ជន​ស៊ី​វិល​នៅ​អាឡិប​ប៉ូ

លោក ឃើរី បានថ្លែងថា៖ «បើសិន ពួកគេម៉ឺងម៉ាត់អំពីការចង់បានលទ្ធផលសន្តិភាពមួយ… ពួកគេនឹងឈប់ ហើយនឹងលែងទម្លាក់គ្រាប់បែកលើស្ត្រី និងកុមារ ឈប់កាត់ផ្តាច់ទឹក និងលែងធ្វើការឡោមព័ទ្ធចំពោះលក្ខខណ្ឌទាំងមូល»។

លោកឃើរី បានប្រើសម្តីមិនពីរោះស្តាប់សម្រាប់ការពាក់ព័ន្ធ របស់ក្រុងម៉ូស្គូ ក្នុងជម្លោះនេះនៅ ក្នុងសម្តី នៅឯជំនួបមួយជាមួយសមភាគីអឺរ៉ុបរបស់លោក។

លោកបានថ្លែងថា៖ «រុស្ស៊ី ត្រូវតែធ្វើជាគំរូ មិនមែនជារឿងពុំធ្លាប់មានពីមុន ដែលមិនអាចទទួលយកបានទេ ដែលខ្ញុំអាចបន្ថែមសម្រាប់ពិភពលោកទាំងមូល»។

របបស៊ីរី បាននិយាយថា ខ្លួន មានទំនុកចិត្តពីជ័យជម្នះ ដោយ រដ្ឋមន្ត្រីការបរទេសខ្លួន លោក Walid Muallem ប្រាប់មហាសន្និបាតអ.ស.ប.ថា កងទ័ព និងសម្ព័ន្ធមិត្តខ្លួន កំពុងធ្វើ «ការបោះជំហានដ៏ធំ» ក្នុងជម្លោះនេះ។

លោក Walid បាននិយាយថា ការវាយប្រហារផ្លូវអាកាសរបស់ កម្លាំងចម្រុះដឹកនាំដោយអាមេរិក មួយ ដែលបានសម្លាប់ទាហាន ស៊ីរីយ៉ាងតិច ៦២ នាក់ពីថ្ងៃ ទី១៧ កញ្ញា គឺជាចេតនាមួយ និងមិនមែនជាកំហុសមួយនោះទេ ថ្វីបើអាមេរិក បានអះអាងផ្សេងក៏ដោយ។

ខណ្ឌជាច្រើននៃក្រុងអាឡិបប៉ូដែលគ្រប់គ្រងដោយក្រុមឧទ្ទាម បានរងនូវការវាយឆ្មក់ផ្លូវអាកាសនិងបាញ់កាំភ្លើងធំយ៉ាងខ្លាំងក្លាចំនួន ៥ យប់ជាប់គ្នាហើយ មកដល់ថ្ងៃសុក្រ នៅមុនយុទ្ធនាការដែលគេបានរំពឹងទុករបស់កងទ័ពដើម្បីកាន់កាប់ឡើងវិញនូវក្រុងដែលបានបែងចែកនេះ។

ដោយសំដៅដល់រុស្ស៊ី អ៊ីរ៉ង់និងក្រុមសកម្មប្រយុទ្ធស្បូឡះ របស់លីបង់ លោក Walid បានប្រាប់ អ.ស.ប. ថា៖ «ជំនឿរបស់យើងលើជ័យជម្នះ ពេលនេះ គឺកាន់តែធំឡើងដែលថា កងទ័ពអារ៉ាប់ស៊ីរី កំពុងបង្កើនការបោះជំហានកាន់តែធំក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងភេរវកម្ម ដោយមានការគាំទ្រយ៉ាងខ្លាំងពីមិត្តភក្តិពិតរបស់ប្រជាជនស៊ីរី» ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅអង់គ្លេស បាននិយាយថា ចំនួនអ្នកស្លាប់ពីថ្ងៃសៅរ៍ ៤៥ នាក់ នៅក្នុងក្រុងអាឡិបប៉ូ ត្រូវបានគេរំពឹងថា កើនឡើងព្រោះមនុស្សជាច្រើន នៅតែ ជាប់នៅក្នុងគំនរបាក់បែក។

ក្រុមឃ្លាំមើលនេះ បាននិយាយ ថា មនុស្ស ៧ នាក់ទៀត ត្រូវបានស្លាប់នៅកន្លែងផ្សេងទៀត នៅ ក្នុងខេត្តអាឡិបប៉ូ កាលពីថ្ងៃសៅរ៍ ខណៈពួកគេតម្រង់ជួរ ទិញទឹកដោះគោជូរនៅឯផ្សារមួយ នៅក្នុងខណ្ឌ Bustan al-Qasr នៅខ្សែត្រៀមជួរមុខ ដែលបែងចែកតំបន់ភាគខាងលិចដែលគ្រប់គ្រងដោយរដ្ឋាភិបាល និង ភាគខាង កើតរបស់ឧទ្ទាមនៃក្រុង។

អ្នកស្រុកក្នុងខណ្ឌ Bab al-Nayrab ម្នាក់ ដែលបានប្រាប់ថា លោកឈ្មោះ Nizar បាននិយាយថា៖ «ពួកយើងនៅផ្ទះ នៅពេលមីស៊ីលមួយគ្រាប់ បានបុកចូលផ្លូវថ្នល់យើង»។

លោក Nizar បាននិយាយថា ៖ «ពាក់កណ្តាលនៃអគារ ត្រូវបានបាក់ចុះ ហើយទារករបស់យើង ត្រូវចំត្រង់ក្បាល។ គេបាន ស្លាប់នឹងកន្លែង»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍