អា​ម៉ៃ​ជាប់ច្រវាក់​ជើង​ស្ថិត​នៅ​ក្នុង​ព្រៃ​ដដែល

អា​ម៉ៃ​ជាប់ច្រវាក់​ជើង​ស្ថិត​នៅ​ក្នុង​ព្រៃ​ដដែល



ខេត្តមណ្ឌលគិរី ៖ លោក ឃុន ឌី​យ៉ូ​ន នាយក​អង្គការ​សត្វ​ដំរី​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា ដំរី​ឈ្មោះ​អា​ម៉ៃ មិន​ទាន់​ត្រូវ​បាន​ម្ចាស់​សម្រេចចិត្ត​យ៉ាងណា​នោះ​ទេ ព្រោះ​ពិធី​បុណ្យសព​របស់​ហ្មដំរី​ដែល
ដំរី​ព្រេច​ស្លាប់ ទើប​បញ្ចប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ហើយ​អាជ្ញាធរ​នឹង​ជួប​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​ម្ចាស់​ដំរី​នា​ពេល​ឆាប់​ៗ​នេះ ។

នាយក​អង្គការ​សត្វ​ដំរី​ប្រចាំ​ខេត្តមណ្ឌលគិរី បាន​និយាយ​ថា តាំងពី​ថ្ងៃ​ទី​២២ កញ្ញា ដំរី​ដែល​បាន​ព្រេច​ម្ចាស់​ស្លាប់ ត្រូវ​មន្ត្រី​ជំនាញ​បាញ់ថ្នាំ​សណ្ដំ និង​ចាប់​ដាក់​ច្រវាក់​ជើង​ជាប់​នៅ​ក្នុង​ព្រៃ បន្ទាប់​ពី​វា​បាន​បង្ក​ការ​ភ័យ​ខ្លាច ក្រោយ​ពី​ព្រេច​ហ្ម​ស្លាប់ កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ។ លោក​ថា ទម្រាំ​តែ​អាច​ចូល​ទៅ​ចាប់​វា​បាន មន្ត្រី​គ្រប់​ប្រភេទ​បាន​ព្យាយាម​គ្រប់​មធ្យោបាយ រហូត​ឈាន​ទៅ​ប្រើ​កាំភ្លើង​បាញ់ថ្នាំ​សណ្តំ ទើប​អាច​ចាប់​វា​ចងជើង​បាន និង​បន្ត​ត្រួតពិនិត្យ​វា​នៅ​កន្លែង​ដែល​ចាប់​វា​បាន ដើម្បី​រង់ចាំ​រក​ដំណោះស្រាយ​ជាមួយ​ម្ចាស់ ព្រោះ​វា​ជា​សត្វ​ចិញ្ចឹម​ក្នុងស្រុក ។

លោក​បញ្ជាក់​ថា មន្ត្រី​របស់​លោក​តែង​ចុះ​ទៅ​តាមដាន​ពី​សកម្មភាព​របស់​ដំរី​ឈ្មោល​មួយ​ក្បាល​នោះ ហើយ​ពេល​នេះ​ភាព​កាច​សាហាវ​របស់​វា បាន​ថមថយ​ជា​បន្តបន្ទាប់​មិន​កាច​ដូច​មុន​ទៀត​ទេ ។

សូម​បញ្ជាក់​ថា អា​ម៉ៃ មាន​អាយុ​២៨​ឆ្នាំ ដែល​ជា​ដំរី​ទេសចរ​ណ៏​មួយ​ក្បាល នៅ​ភូមិ​ពូ​លុង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ បាន​ជាន់​ម្ចាស់​ស្លាប់ កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ហើយ​ត្រូវ​មន្ត្រី​ជំនាញ​ចាប់​ដាក់​ច្រវាក់​ជើង ការពារ​វា​មិន​ឲ្យ​វាយប្រហារ​លើ​មនុស្ស​បន្ត​ទៀត ខណៈ​ក្រុម​គ្រួសារ​ម្ចាស់​ដំរី​បាន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​បាញ់​សម្លាប់​វា បើសិនជា​មិន​អាច​ចាប់​បង្ក្រាប​វា​បាន​ទេ​នោះ ។

ប៉ុន្តែ​ទោះបីជា​បែប​ណា​ក្ដី មិន​មាន​នរណា​ចង់​សម្លាប់​វា​ទេ គឺ​ប្រើ​អស់​លទ្ធភាព ដើម្បី​ផ្សាំ​វា ។ ប៉ុន្តែ​ដោយសារ​មន្ត្រី​ជំនាញ​ការពារ​សត្វព្រៃ​មាន​បទ​ពិសោធ​ខ្ពស់ អា​ម៉ៃ ដែល​គ្រប់​គ្នា​គិត​ថា វា​ចុះប្រេង​ក្រពុលមុខ​ជាន់​ម្ចាស់​ស្លាប់ ត្រូវ​បាន​បាញ់ថ្នាំ​សន្លប់​បន្ថយ​កម្លាំង​មហាសាល​របស់​វា​រួច​ហើយ រួច​ដាក់​ច្រវាក់​ជើង​បាន​ដោយ​ជោគជ័យ ហើយ​វា​ក៏​បាន​គេច​ផុត​ពី​ជំរើស​ចុង​ក្រោយ គឺ​ការ​បាញ់​សម្លាប់ ប្រសិនបើ​មិន​អាច​គ្រប់គ្រង​វា​បាន​ទេ​នោះ ។ រហូត​មក​ដល់​ថ្ងៃនេះ អា​ម៉ៃ កំពុង​ស្ថិត​នៅ​ក្នុង​ព្រៃ​នៅឡើយ ដោយ​ជើង​របស់​វា​ជាប់ច្រវាក់​ដាក់​ជាប់​នឹង​ដើមឈើ ៕