សង្គម​ស៊ីវិល​មិន​ពេញ​ចិត្ត​សាលដីកា​សាលាឧទ្ធរណ៍​លើ​ករណី​សកម្មជន​តំបន់អារ៉ែង

អង្គការ​សង្គម​ស៊ីវិល​ជាង​៣០​ស្ថាប័ន សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សាលដីកា​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា លើ​សំណុំ​រឿង​សកម្មជន​តំបន់​អារ៉ែង លោក វ៉ែន វ៉ន។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ចេញ​រួម​គ្នា កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា និង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី២៦ កញ្ញា បាន​ចាត់​ទុក​សកម្មជន​តំបន់​អារ៉ែង​លោក វ៉ែន វ៉ន ថា ជា​អ្នក​ការពារ​បរិស្ថាន​ដ៏​ស្មោះត្រង់​ម្នាក់ ដែល​ពុះពារ​ដឹកនាំ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជង និង​អ្នក​ការពារ​ដីធ្លី​ដូនតា​របស់​ខ្លួន តាម​រយៈ​ភាព​សកម្មភាព​ដោយ​សន្តិវិធី និង​អហិង្សា។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា សាលា​ឧទ្ធរណ៍​បាន​បដិសេធ​បណ្ដឹង​ជំទាស់​របស់​លោក វ៉ែន វ៉ន ដោយ​រក្សា​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​កោះកុង ទុក​ជា​បាន​ការ​ដដែល។ ខណៈ​តុលាការ​នេះ បាន​កាត់​ទោស​លោក ដាក់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ ពី​បទ​ប្រមូល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ។

សេចក្ដី​ថ្លែងការណ៍​នេះ​ដដែល​ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ឈប់​ប្រើប្រាស់​តុលាការ ជា​ឧបករណ៍​យាយី និង​ដាក់​ទោស​ទណ្ឌ​ដល់​សកម្មជន​បរិស្ថាន និង​បុគ្គលិក​សង្គម​ស៊ីវិល​ផ្សេង​ទៀត។

ប៉ុន្តែ​យ៉ាងណាក៏ដោយ សេចក្ដី​ថ្លែងការណ៍​​នេះ ស្វាគមន៍​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ដែល​លើក​លែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​សកម្មជន​បរិស្ថាន​ព្រៃឡង់​ទាំង​៩​រូប កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ដែល​តុលាការ​ខេត្ត​កំពង់ចាម​ចោទ​ប្រកាន់​ពី​បទ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា តាម​មាត្រា ៤១០ នៃ​ក្រមព្រហ្មទណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។