យប់​ជ្រៅ​បើកទ្វារ​ចេញ​ទៅ​បាត់ ពេល​ដើរ​រក​ឃើញ​ប្រពន្ធ​កូន​នាំ​គ្នា​ស្រែកយំ​គ្រប់​គ្នា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​នាំ​ប្រពន្ធ​កូន​ទៅ​លេង​ផ្ទះ​ម្តាយ យប់​ឡើង​បុរស​ម្នាក់​បាន​បើកទ្វារ​ចេញពីផ្ទះ​ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ចាប់អារម្មណ៍​ថា​ទៅ​ណា​ឡើយ តែ​ដោយ​ទៅ​បាត់​យូរ​ពេក​ក៏​នាំ​គ្នា​ដើរ​រក​ទាំង​យប់​តែ​មិនឃើញ​សោះ រហូត​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​វាលស្រែ​ក្នុងភូមិ​ចំការ​ត្បែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់​តែ​ម្តង ។

ប្រភព​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ច​យ នូ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​តំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល មានស្រុក​កំណើត​ភូមិ​ចំការ​ត្បែង សង្កាត់​សំរោង​ក្រោម ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​មាន​ជំងឺសរសៃប្រសាទ​ប្រចាំ​កាយ​ជា​យូរ​មក​ហើយ ហើយ​តែងតែ​បើក​ថ្នាំ​នៅ​មន្ទីរពេទ្យ​រុ​ស្សី​ប្រើ​ជា​ប្រចាំ ។ មុន​ពេល​កើតហេតុ កាលពី​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា ជន​រង​គ្រោះ ប្រពន្ធ និង​កូន បាន​នាំ​គ្នា​មក​លេង​ផ្ទះ​ម្តាយ​នៅ​ភូមិ​ចំការ​ត្បែង សង្កាត់​សំរោង​ក្រោម ដើម្បី​ជូន​លុយ នំ របស់របរ​ដល់​ម្តាយ​ចាស់ជរា​នា​រដូវ​ខែ​បិណ្ឌ​ភ្ជុំ ស្រាប់តែ​នៅ​វេលា​ម៉ោង​១២​រំលង​ធា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ កញ្ញា ខណៈ​ក្រុម​គ្រួសារ​សម្រាន្ត​លង់លក់ ជន​រង​គ្រោះ​បាន​បើកទ្វារ​ដើរ​ចេញ​ទៅ ក៏​គ្មាន​ក្រុម​គ្រួសារ​ណា​ចាប់អារម្មណ៍​ឡើយ​ព្រោះ​នឹក​ស្មាន​តែ​ចេញ​ទៅ​រក​បត់ជើងតូច ប៉ុន្តែ​ដោយ​បាត់​យូរ​ពេក​ក៏​នាំ​គ្នា​ដើរ​រក​ទាំង​យប់ តែ​មិនឃើញ​សោះ ។

ប្រភព​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​នៅ​តែ​មិនឃើញ​ជន​រង​គ្រោះ​មក​ផ្ទះ​ទៀត ក៏​នាំ​គ្នា​ដើរ​រក​បន្ត​ទៀត​តែ​នៅ​តែ​រក​មិនឃើញ រហូត​ដល់​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៦ កញ្ញា ស្រាប់តែ​អ្នក​ភូមិ​ដែល​ទៅ​ច្រូតស្មៅ​ស្រែក​ប្រាប់​ថា​ឃើញ​ជន​រង​គ្រោះ​នៅ​ក្នុង​ទឹក​ស្រែ​ទឹក​ជម្រៅ​ត្រឹម​ជង្គង់​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​ប្រទះ​ឃើញ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​កិ​ត្តប្ប​ញ្ញោ​ក្បែរ​កន្លែង​កើតហេតុ ដោយ​មិន​បាន​ប្តឹងផ្តល់​អ្វី​ឡើយ ៕