មេ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ ឈ្មោះ ភុំ វិមល បណ្ដោយ​ឲ្យ​ជនជាតិ​យួន​នេសាទ​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​

ប្រជា​នេសាទ​រស់នៅ​ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​មាន​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​តាម​អំពើ​ចិត្ត ហើយ​ពុំមាន​មន្ត្រីរដ្ឋបាល​ជលផល​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ​។ ហេតុនេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់​ជាបន្ទាន់ ជាពិសេស​ពិនិត្យមើល​រឿងអាស្រូវ​របស់លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ ដែល​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​ក្នុង​រដូវ​បិទ​នេសាទ​យ៉ាង​អនាធិបតេយ្យ​។ បើ​មិន​ដូច្នេះ​ទេ​ជនជាតិ​យួន​នៅតែ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា របាំង​លប​(​ប​) សាច់​ខៀវ​ក្រឡា​ល្អិត​ដាក់​ស្ទើរ​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុងស្រុក​ក្រគរ​។

ប្រភពពី​ប្រជា​នេសាទ​បាន​ឲ្យ​ដឹង​ទៀតថា លោក ពិ​ន្ទ វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​ក្រគរ គឺជា​អ្នក​បើកដៃ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​ក្នុង​រដូវ​បិទ​នេសាទ​យ៉ាង​អនាធិបតេយ្យ ដើម្បី​ប្រមូល​លុយ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ជាមួយ​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់​។ មានន័យថា​ការដែល​លោក ពិ​ន្ទ វុទ្ធី ហ៊ាន​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ គឺមាន​ការបើក​ដៃ​ពី​លោក ភុំ វិមល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​បទល្មើស​នេសាទ​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​យួន​កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​មួយ​រយៈពេល​កន្លងទៅនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រព្រឹត្ត​ដោយ​ជនជាតិ​យួន កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​នគរបាល ក៏ដូចជា​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ដែល​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​នោះឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ គឺអាច​ធ្វើ​ឲ្យ​លោក ពិ​ន្ទ វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ក្រគរ ប្រមូលបាន​លុយរាប់​សិប​លាន​រៀល​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ដោយសារតែ​លោក ភុំ វិមល និង​មន្ត្រីក្រោមឱវាទ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ពី​ក្រុម​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​នោះ​ហើយ ទើប​បទល្មើស​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​៕

p1

លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល

  14263978_1785060441739628_3088567092324248222_n-280x210