មេ​ប៉ុស្ដិ៍​ច្រក​ដាក់​ដាំ ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​

មួយ​រយៈពេល​កន្លងទៅ​នេះ​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ច្រក​ដាក់​ដាំ និង​ច្រក​កង់​ឡង់ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​កំពុង​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​តូចតាច​នៅ​ច្រក​ដាក់​ដាំ បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​អាច​នាំចេញ​ឈើ​តាម​ច្រក​នេះ​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ដាក់​ដាំ​ទេនោះ គឺ​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​បានឡើយ​។

ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្បែរ​ច្រក​ដាក់​ដាំ បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​មានដូចជា ឧកញ៉ា ហ៊ុន ជា និង​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី ឈ្មោះ គួ​យ សុ​ឃុន ជាដើម​។ ឈ្មួញ​ទាំងអស់នេះ​ត្រូវបាន​គេ​ដឹងថា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក យ៉ូ សុធា មេ​ប៉ុស្ដិ៍​ច្រក​ដាក់​ដាំ និង​ប៉ុស្ដិ៍​កង់​ឡង់ ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​។ បញ្ហា​នេះ​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផងដែរ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​ផ្គើន​នឹង​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ប្រណី​តទៅ​ស្រុក​យួន​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ដោយសារ​មានការ​បើកដៃ​ពី​លោក យ៉ូ សុធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ឡិច​ស៊ី​ស រថយន្ត​សាំ​យ៉ុង រថយន្ត​ទួរីស រថយន្ត​ឡង់​គ្រឺ​ស័​រ និង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ជាដើម ទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយ​រយៈពេល​កន្លងទៅ​នេះ​ឧកញ៉ា ហ៊ុន ជា ដែលមាន​ខ្នងបង្អែក​រឹងមាំ​និង​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី ឈ្មោះ គួ​យ សុខុន ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ខ្លាំងជាងគេ រហូតដល់​មាន​ករណី​បាញ់​គំរាម​ឲ្យ​សមត្ថកិច្ច​ច្រកព្រំដែន​បើក​បា​រ៉ា​ស់​ទៀតផង​។ ការដែល​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ​បន្ត​កើតមាន​ឥតឈប់ឈរ គឺជា​មូលហេតុ​ធ្វើ​ឲ្យ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​ការពារ ព្រៃ​សហគមន៍ ព្រៃ​ដែន​ជម្រក​សត្វ និង​តំបន់​អភិរក្ស​ជីវៈចម្រុះ ក្នុង​ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។ ក្នុងនោះ​មេ​ប៉ុស្ដិ៍​ច្រក​ដាក់​ដាំ និង​ច្រក​កង់​ឡង់ លោក យ៉ូ សុធា ត្រូវគេ​ដឹងថា​បានទទួល​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ទោ​ស្រុក​យួន​៕

wat-2408l ka-24-11-2015-00