អាថ៌កំបាំង​ដែល​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី ឈ្មោះ គួ​យ សុ​ឃុន និង កែវ ចិន្ដា អាច​ដឹកឈើ​ទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​

ក្នុងចំណោម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី គឺមាន​ឈ្មោះ គួ​យ សុ​ឃុន ដែលជា​មន្ត្រីនគរបាល​ខេត្ត និង​ប្អូនបង្កើត​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ព្រមទាំង​ឈ្មោះ កែវ ចិន្ដា នាយការិយាល័យ​នគរបាល​ស្ថិតិ​និង​លិខិតឆ្លងដែន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ផងដែរ​។ ប្រភពពី​មន្ត្រីនគរបាល​តូចតាច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យ​ដឹងថា​ការដែល​លោក គួ​យ សុ​ឃុន និង​លោក កែវ ចិន្ដា ហ៊ាន​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារ​មាន​លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជា​ខ្នងបង្អែក​ទើប​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​ឈ្មួញ​ឈើ​ទាំងពីរ​នាក់​នេះ​។

មន្ត្រីរាជការ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​លោក គួ​យ សុ​ឃុន គឺជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ជា​យូរ​មកហើយ ដោយមាន​ការឃុបឃិត​ជាមួយ​លោក តូច យ៉ុ​ន ជា​ស្នងការ​នគរបាល​ខេត្ត ជាពិសេស​គេ​អាង​លើ​ឥទ្ធិពល​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ដែលជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់ខ្លួន​។ ដូច្នេះហើយ​ទើប​កន្លងមក​លោក គួ​យ សុ​ឃុន និង​បក្ខពួក​ឈ្មោះ កែវ ចិន្ដា អាច​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​ក្បែរ​នោះ​ទាំងយប់​ទាំង​ថ្ងៃ​។ រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​សមត្ថកិច្ច​នៃ​ច្រកព្រំដែន រង់ចាំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈើ​ឈ្មោះ គួ​យ សុ​ឃុន និង​កែវ ចិន្ដា ដោយ​ស្ងាត់ស្ងៀម​។​

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​រិះគន់ថា​សមត្ថកិច្ច​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​អូររាំង ស្រុក​កោះ​ញែក និង​ស្រុក​កែវ​សីមា គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន និង កែវ ចិន្ដា ប្រមូល​ទិញ​ឈើ​និង​ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​ក្បែរ​នោះ​យ៉ាង​រលូន​។ ជាងនេះទៅទៀត​សមត្ថកិច្ច​ច្រក​ដាក់​ដាំ ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា មាន​ភាព​ធូររលុង​គិតតែ​ពី​រឿង​ផលប្រយោជន៍ ទើប​ឈ្មួញ​ឈើ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឈ្មោះ គួ​យ សុ​ឃុន និង កែវ ចិន្ដា ទើប​បណ្ដោយ​ឲ្យ​មន្ត្រីនគរបាល​ទាំងពីរ​នាក់​នេះ​ក្លាយជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​យ៉ាង​គឃ្លើន​ទៀតផង​៕

%e1%9e%8f%e1%9e%bc%e1%9e%85-%e1%9e%99%e1%9f%89%e1%9e%bb%e1%9e%93-07-09-15-004

លោក តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី 

wat-2808h wat-2808g