ជនរួមជាតិ​ខ្មែរ​នៅក្រៅ​ប្រទេស​អំពាវនាវ​ដ​ល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ឲ្យ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​សង្គ្រោះ​ជាតិ​

ក្នុងពេលដែល​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​កំពុងតែ​ប្រព្រឹត្ត​ទៅជា​ប្រក្រតី​ក្រោម​ការឃ្លាំមើល​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា តាមរយៈ​វេទិកាសាធារណៈ​ដែល​លោក​បានធ្វើ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​ទ្វីបអឺរ៉ុប​នោះបាន​បង្ហាញថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​រស់នៅ​ក្រៅប្រទេស​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុងប្រទេស​កម្ពុជា​គប្បី​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​សង្គ្រោះ​ជាតិ​។​

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ភៀសខ្លួន​ទៅ​នៅ​ទ្វី​អឺរ៉ុប​តាំងពី​សម័យ​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​កម្ពុជា បានបញ្ជាក់​ថាបើ​ទោះជា​ពួកគាត់​កំពុងតែ​រស់នៅ​ក្រៅប្រទេស​កំណើត​ក៏ពិតមែន តែ​ពួកគាត់​នៅតែ​ចូលរួមចំណែក​ជួយ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​តាម​លទ្ធភាព​ដែលមាន​ដូចជា​ការចូល​រួម​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស និង​ចូលរួម​កិច្ចការ​មនុស្សធម៌​នៅ​កម្ពុជា​តាមរយៈ​ការចូលរួម​វិភាគទាន​ជាដើម​។​

ចំពោះមុខ​ស្ថានភាព​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា រាប់ទាំង​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវមាន​ការផ្លាស់ប្តូរ និង​កែទម្រង់សេដ្ឋកិច្ច សង្គម ប្រព័ន្ធយុត្តិធម៌ ការងារ សុខាភិបាល និង​អប់រំ​ជាដើម ព្រោះ​សព្វថ្ងៃនេះ​ប្រទេស​គេ​បាន​ដើរ​លឿន​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​ទៅហើយ ខណៈ​កម្ពុជា​នៅតែ​ជា​ប្រទេស​ក្រីក្រ ប្រជាពលរដ្ឋ​ខ្មែ​រស់នៅក្នុង​ស្ថានភាព​លំបាក​វេទនា​ភាគច្រើន​នៅឡើយ​។​

​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅតាម​បណ្តា​ប្រទេស​នានា​នៅ​ទ្វីបអឺរ៉ុប បាន​សង្កត់ធ្ងន់ថា ខ្មែរ​យើង​មិនបាច់​ផ្លាស់ប្តូរ​តាមរយៈ​ការប្រើប្រាស់​អំពើហិង្សា ឬ​ច្បាំង​គ្នា​ដូច​កាលពី​អតីតកាល​នោះទេ គឺ យើង​ត្រូវតែ​ផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​ដោយ​យុត្តិធម៌ និង​អហិង្សា ហើយ​នៅពេលដែល​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្តូ​រ​មេដឹកនាំ​ដែល​គ្មាន​សមត្ថភាព ប្រព្រឹត្ត​អំពើពុករលួយ បង្កបញ្ហា​ច្រើន​នៅក្នុង​សង្គម និង​ក្រាញ​អំណាច​ចេញ​បាន នោះ​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ​កម្ពុជា នឹងមាន​ភាពប្រសើរឡើង​លើ​គ្រប់​វិស័យ​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​មិនខានឡើយ​៕

14292363_1191730824216982_4078810725796077191_n 14344877_1191730964216968_7555819561035791733_n