សិង្ហ​បុរី​៖ UN ជា​ក្ដីសង្ឃឹម​របស់​ប្រទេស​តូចតាច​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-27-2016, 10:40 am         127

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សិង្ហ​បុរី​៖ UN ជា​ក្ដីសង្ឃឹម​របស់​ប្រទេស​តូចតាច​រដ្ឋមន្ត្រីការបរទេសសិង្ហបុរី Vivian Balakrishnan ថ្លែងក្នុងមហាសន្និបាតលើកទី៧១ (រូបភាព UN)​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី នៅ​ថ្ងៃទី​២៦ ខែកញ្ញា ដែលជា​ថ្ងៃ​ចុង​ក្រោយនេះ​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៧១ បានលើកឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​ការពារ​ប្រទេស​តូចតាច ក្នុងពេលដែល​ពិភពលោក កំពុង​ជួបប្រទះ​បញ្ហា​ស្មុគស្មាញ​ជាច្រើន​នោះ​។ ប្រមុខ​ការទូត​សិង្ហ​បុរី ក៏បាន​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ បង្កើន​ការយកចិត្តទុកដាក់​លើ​ប្រទេស​តូចៗ តាមរយៈ​ការរក្សា​សន្តិភាព និង​ស្ថិរភាព​ពិភពលោក​ជាដើម​។​

​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​មហាសន្និបាត​នា​ក្រុង New York រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី លោក Vivian Balakrishnan និយាយថា អង្គការសហប្រជាជាតិ មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​ការរីកលូតលាស់ និង​ការរស់រាន​របស់​ប្រទេស​តូចៗ​លើ​ពិភពលោក​។ លោក​បានលើកឡើង​ដូចនេះ ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​ទាំងមូល ប្រឈមមុខ​នឹង​ការកើនឡើង​នៃ​ភាពមិនច្បាស់លាស់ ជាតិនិយម​ជ្រុល និង​អំពើហិង្សា ស្ទើ​គ្រប់កន្លែង​ទៅហើយនោះ​។​

​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី ដែលជា​រដ្ឋ​តូច​មួយ​នោះ បន្តថា ប្រទេស​តូចៗ មិនបាន​ចូល​ចំណែក​លើ​កិច្ចការ​ពិភពលោក​អ្វី​ធំដុំ​ឡើយ ហើយ​ការសម្រេចចិត្ត ធ្វើឡើង​ដោយ​ប្រទេស​មហាអំណាច​ធំៗ​មួយចំនួន ឯ​រដ្ឋ​តូចៗ ចាំតែ​ធ្វើតាម​ការសម្រេច​នេះ​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​ក៏បាន​លើកឡើង​ពី​ការរៀបចំ​របស់​មហាសន្និបាត ដែល​ផ្ដល់​សំឡេង​ស្មើភាព និង​ស្មើមុខ​មាត់​ដល់​ប្រទេស​សមាជិក​ទាំងអស់ ដើម្បី​បញ្ចេញ​មតិយោបល់​ពួកគេ​លើ​បញ្ហា​ធំៗ​របស់​ពិភពលោក​។​

​ទន្ទឹមគ្នា​នោះ លោក Vivian ក៏បាន​បញ្ជាក់ថា ក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​បែបនេះ ប្រទេស​តូចៗ ក៏​ត្រូវតែ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​ឲ្យ​កាន់តែខ្លាំង ដោយ​លោក​បាន​ប្រដូច​រដ្ឋ​តូចៗ ទៅនឹង​ទូក​លើ​សមុទ្រ​បោកបក់ ដែល​ពេល​ណាមួយ​នោះ នឹងត្រូវ​រលក​បោក​មិន​ខាន​។ លោក​អះអាងថា ដើម្បី​រស់រាន និង​មាន​លូតលាស់​ទៅមុខ ប្រទេស​តូចៗ​ទាំងឡាយ ត្រូវ​បើកចំហ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ខាងក្រៅ​។

​ប្រមុខ​ការទូត​សិង្ហ​បុរី ថែមទាំង​លើកឡើង​ចំណុច​សំខាន់​ដែល​ប្រទេស​តូចៗ អាចអនុវត្ត​តាម​ដើម្បី​រស់ និង​ការរីកចម្រើន គឺ​ប្រព័ន្ធ​ពហុភាគី​ដែល​ពឹង​ផ្អែកលើ​ច្បាប់ ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ យ៉ាងណាក្ដី ការបើកចំហ​ខ្លាំងពេក ក៏​ជា​រឿង​មិនល្អ​ដែរ ដ្បិត​ការគំរាមកំហែង​ពី​ខាងក្រៅ ដែល​រួមទាំង​សកម្មភាព​ភេរវកម្ម​ផង​នោះ នឹង​ប៉ះពាល់​ដល់​ប្រទេស​តូចៗ​ទៅវិញ​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ ជា​ប្រទេស​តូចតាច និង​ជា​រដ្ឋ​ដែន​កោះ ហើយ​មិនសូវ​ជាមាន​តួនាទី​សំខាន់​អ្វី​ឡើយ លើ​ឆាក​អន្តរជាតិ​។ នេះ​ក៏​ដោយសារតែ​បញ្ហា​ធំៗ​ជាច្រើន ត្រូវ​រ៉ាប់រង​ដោយ​មហាអំណាច​ធំៗ ដែលមាន​ឥទ្ធិពល​ខ្លាំង​លើ​នយោបាយ​អន្តរជាតិ ខណៈដែល​ប្រទេស​តូចៗ ដែល​ពឹង​ផ្អែកលើ​ប្រទេស​ធំៗ ចាំតែ​ធ្វើតាម​ការសម្រេច​ប៉ុណ្ណោះ​៕