អនុ​វិទ្យាល័យ​ព្រៃ​ខ្លា​ចង់​​សង់​ទីលាន​បាល់​ទាត់​តែ​គ្មាន​ទីធ្លា​

អនុវិទ្យាល័យ​ព្រៃ​ខ្លា​មាន​ចម្ងាយ​​៥​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ស្រុក​ស្វាយអន្ទរ​ បង្កើត​នៅ​ឆ្នាំ​២០០៧​មាន​អគារ​សិក្សា​ពីរ​ខ្នង​ ប៉ុន្តែ​មិន​ទាន់​មាន​ទី​លាន​កីឡា​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​លោក​ ភែល​ សារិត​ នាយក​សាលា។

 អនុ​វិទ្យាល័យ​ព្រៃ​ខ្លា​ចង់​​សង់​ទីលាន​បាល់​ទាត់​តែ​គ្មាន​ទីធ្លា​លោក​ ភែល​ សារិត​ នាយក​សាលា

 

 

លោក​​នាយក​​រៀប​រាប់​ថា​ សាលា​មាន​គម្រោង​ចង់​សាង​សង់​តារាង​បាល់ទះ​១​កន្លែង​ តារាង​បាល់ទាត់​១​កន្លែង​ កន្លែង​ឡើង​ខ្សែ​ពួរ​ ទី​លាន​​ចោល​ដុំ​ដែក​ និង​ទី​លាន​​លោត​កម្ពស់​លោត​ចម្ងាយ​១​កន្លែង​ស្រប​តាម​កំណែ​ទម្រង់​វិស័យ​កីឡា​របស់​ក្រសួង​អប់រំ​ ប៉ុន្តែ​សាលា​មិន​មាន​កញ្ចប់​ថវិកា​គ្រប់​គ្រាន់​ឡើយ។ ជាង​នេះ​ទៅ​ទៀត​ ទីធ្លា​សាលា​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្តមាន​ទាំង​អគារ​សិក្សា​បឋម​សិក្សា និង​អនុវិទ្យាល័យ​ ដូច្នេះ​ទី​ធ្លា​តូច​ចង្អៀត។ បំណង់​ដែល​ចង់​ឃើញ​តារាង​បាល់ទាត់​ និង​តារាង​កីឡា​ផ្សេង​ទៀត​មិន​អាច​លេច​ជា​រូប​រាង​បាន​ទេ។

 

លោក​ សារិត ​ទៀត​ថា​ នៅ​ជាប់​របង​វត្តមាន​ដី​​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​ គឺ​ជា​ជម្រើស​ល្អ​បំផុត​ ដើម្បី​សាង​សង់​ជា​តារាង​បាល់ទាត់​ និង​តារាង​កីឡា​ជា​ច្រើន​ទៀត​ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ច្រើន។

 អនុ​វិទ្យាល័យ​ព្រៃ​ខ្លា​ចង់​​សង់​ទីលាន​បាល់​ទាត់​តែ​គ្មាន​ទីធ្លា​លោក​ សៅ​ ផៃ​ មេ​ឃុំ​ព្រៃខ្លា​

 

 

ចំណែក​លោក​ សៅ​ ផៃ​ មេ​ឃុំ​ព្រៃខ្លា​ បាន​បង្ហើប​ថា​ លោក​បាន​គិត​គូ​​ពី​បញ្ហា​នេះ​ជា​យូរ​ឆ្នាំ​ដែរ​ហើយ​ ថា​ចង់​ប្តូរ​ទី​តាំង​សាលា​ពី​ក្នុង​វត្ត​ទៅ​ខាង​ក្រៅ។ ​ចំណុច​ដែល​លោក​នាយក​លើក​ជា​សំណើ​សុំ​ដី​មន្ទីរ​កសិកម្ម​ធ្វើ​ជា​សា​លា​រៀន​ ឬ​សំណង់​ជា​ប្រយោជន៍​រួម​លោក​ឯកភាព​ទាំង​ស្រុង។  លោក​បាន​លើក​ពីរ​ចំណុច​ដើម្បី​ដោះ​ស្រាយ​ដី​នោះ។ ទី​១-ដី​នោះ​ពាក់​ព័ន្ធ​នឹង​១៦​គ្រួសារ​កំពង់​រស់​នៅ​ជុំ​វិញ​ ដូច្នេះ​ជំហាន​ដំបូង​លោក​សុំ​ដោះ​ស្រាយ​ដី​លំ​នៅ​ដ្ឋាន​ទៅ​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​ជា​មុន​សិន។ ទី​២-ក្រោយ​ពី​វាស់​វែង​បោះ​បង្គោល​ព្រំ​ដី​រួច​រាល់​ ដី​សេស​សល់​ពី​ការ​កាត់​ប្លង់​ជូន​គ្រួសារ​ខាង​លើ​ លោក​នឹង​ស្នើ​ទៅ​មន្ទីរ​កសិកម្ម​ និង​អាជ្ញាធរ​ដោយ​សូម​ប្រគេន​ដី​នោះ​ជូន​ព្រះ​គ្រូ​ចៅ​អធិការ​ និង​គណៈកម្មការ​សាង​សង់​វត្ត​ព្រៃខ្លា​ ដើម្បី​ចាត់​ចែង​តាម​ទឹក​ព្រះទ័យ។

 

ទៅ​ថ្ងៃ​អនាគត​បើ​សិន​ជា​ដី​នោះ​ត្រូវ​សាង​សង់​ជា​សំណង់​របស់​រដ្ឋ​ផ្សេង​ៗ​ លោក​មេ​ឃុំ​នឹង​គៀង​គរ​ថវិកា​ដើម្បី​ចាក់​ដី​លប់​ស្រះ​ និង​ឈូស​ពង្រាប​ដី​នោះ​ ដោយ​លោក​សង្កត់​ធ្ងន់​ថា​ ដី​មាន​ទំហំ​ប្រហែល​ជាង​ពីរ​ហិចតា​គឺ​ជា​កេរ​ដំណែល​ទុក​ឲ្យ​កូន​ចៅ​អ្នក​ឃុំ​ព្រៃ​ខ្លា​ត​រៀង​ទៅ។

 

ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ព្រៃ​ខ្លា​ព្រះ​នាម​ ផន​ ដារ៉ូ​ មាន​សង្ឃដីកា​ថា​ ព្រះ​អង្គ​ក៏​មាន​ព្រះ​ទ័យ​ចង់​ស្នើ​សុំ​ដី​ជា​កម្មសិទ្ធិ​មន្ទីរ​កសិកម្ម​នោះ​មក​យូរ​ហើយ​ ដើម្បី​សាង​សង់​ជា​អនុវិទ្យាល័យ​ តែ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មិន​ទាន់​ឯកភាព​គ្នា​ផង​ និង​ពាក់​ព័ន្ធ​ការ​ដោះ​ស្រាយ​ពុទ្ធបរិស័ទ​រស់​នៅ​លើ​ដី​នោះ​ផង។

 

អនុ​វិទ្យាល័យ​ព្រៃ​ខ្លា​ចង់​​សង់​ទីលាន​បាល់​ទាត់​តែ​គ្មាន​ទីធ្លា​

 ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ព្រៃ​ខ្លា​ នាយក​សាលា មេឃុំ និង​គណៈកម្មការ​អាចារ្យ

 

ព្រះ​អង្គ​បន្ត​ទៀត​ថា​ ក្រោយ​ដោះ​ស្រាយ​រួច​រាល់​ បើ​សិន​ជា​ដី​នោះ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ស្រុះ​ស្រួល​ឯក​ភាព​យល់ព្រម​ផ្ទេរ​មក​ជា​កម្មសិទ្ធិ​របស់​វត្ត​នោះ​ព្រះ​អង្គ​នឹង​ផ្ទេរ​សិទ្ធិ​បន្ត​ជា​ដី​សម្រាប់​សាង​សង់​សាលា​រៀន​វិញ។

 

សាលា​ព្រៃ​ខ្លា​មាន​ធនធាន​ថ្នាល​កីឡា​ទាំង​បាល់ទះ​ បាល់ទាត់​ និង​កីឡា​ផ្សេង​ទៀត​ជា​យូរ​ឆ្នាំ​មក​ហើយ​ ដោយ​សារ​តែ​ឃុំ​នេះ​នៅ​កៀក​ទី​រួម​ស្រុក​ស្វាយអន្ទរ​ជាង​គេ និង​ជា​ឃុំ​មាន​សេដ្ឋ​កិច្ច​ល្អ​បង្គួរ៕

 

អនុ​វិទ្យាល័យ​ព្រៃ​ខ្លា​ចង់​​សង់​ទីលាន​បាល់​ទាត់​តែ​គ្មាន​ទីធ្លា​

 

អនុ​វិទ្យាល័យ​ព្រៃ​ខ្លា​ចង់​​សង់​ទីលាន​បាល់​ទាត់​តែ​គ្មាន​ទីធ្លា​

 

អនុ​វិទ្យាល័យ​ព្រៃ​ខ្លា​ចង់​​សង់​ទីលាន​បាល់​ទាត់​តែ​គ្មាន​ទីធ្លា​

 

អនុ​វិទ្យាល័យ​ព្រៃ​ខ្លា​ចង់​​សង់​ទីលាន​បាល់​ទាត់​តែ​គ្មាន​ទីធ្លា​

 

អត្ថបទ៖ សោម សារិទ្ធ​