អ្នក​វិភាគ៖ ទីផ្សារ​ទូរសព្ទ​​ហក់​ឡើង​លែង​រួច​ហើយ​

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​គេ​សង្កេត​ឃើញ​ថា​​សហគ្រាស​ទូរសព្ទ​មាន​ការ​​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ទីផ្សារ​ CCS Insight បាន​លើក​ឡើង​ថា​ពេល​វេលា​ដែល​ទីផ្សារ​ស្មាតហ្វូន​នៅ​ចំណុច​ទ្រឹង​បាន​ចូល​មក​ដល់​ហើយ។

 

អ្នក​វិភាគ៖ ទីផ្សារ​ទូរសព្ទ​​ហក់​ឡើង​លែង​រួច​ហើយ​

 

តាម​ការ​សិក្សា​របស់​ក្រុម​អ្នក​វិភាគ​ បាន​ឲ្យ​ដឹង​ថា​ទោះ​បី​ជា​ទីផ្សារ​ស្មាតហ្វូន​​នៅ​ប្រទេស​ចិន​ហាក់​រីក​លូត​លាត់​បន្តិច​ក្ដី​ ប៉ុន្តែ​​ចំនួន​លក់​ចេញ​ទូរសព្ទ​ជា​សកល​​សម្រាប់​ឆ្នាំ​ ២០១៦ នេះ​នឹង​ធ្លាក់​ចុះ​ចំនួន​ ១,៣% ធៀប​នឹង​ឆ្នាំ​មុន។ ទូរសព្ទ​ប្រមាណ​ជា​ ២ ពាន់​លាន​គ្រឿង​រំពឹង​ថា​នឹង​លក់​ចេញ​ជា​រៀង​រាល់​ឆ្នាំ​ ចាប់​ពី​ពេល​នេះ​ ដល់​ ឆ្នាំ​ ២០២០។

 

កន្លង​មក​ចំនួន​ទូរសព្ទ​ដែល​លក់​ចេញ​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ពេល​នេះ​វា​ហាក់​បាន​មក​ដល់​ចំណុច​មួយ​ដែល​ពិភពលោក​ត្រូវ​ការ​ទូរសព្ទ​ថ្មីៗ​តែ​ ២ ពាន់​លាន​គ្រឿង​ ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំៗ។ បច្ចុប្បន្ន​នេះ​ហាក់​មិន​មាន​ទីផ្សារ​ថ្មី​សម្រាប់​ក្រុមហ៊ុន​ទូរសព្ទ​ធំៗ​ធ្វើ​អាណានិគម​ឡើយ​ ហេតុ​នេះ​ក្រុមហ៊ុន​ធំៗ​ទាំង​នោះ​នឹង​ព្យាយាម​ដណ្ដើម​យក​ចំនួន​លក់​ ២ ពាន់​លាន​គ្រឿង​ នៅ​រយៈ​ពេល​​ជិត​ពាក់​កណ្ដាល​ទសវត្ស​ខាង​មុខ។

 

ក្រុម​អ្នក​វិភាគ​យល់​ថា​​ផល​លំបាក​នឹង​ធ្លាក់​លើ​ក្រុមហ៊ុន​ទូរសព្ទ​តូចៗ ជា​ពិសេស​​ការ​កើន​ឡើង​នៃ​តម្លៃ​គ្រឿង​បន្លាស់។ ការ​កើន​ឡើង​តម្លៃ​នេះ​មាន​ន័យ​ថា​ក្រុមហ៊ុន​ដែល​មិន​អាច​​ផលិត​​ទូរសព្ទ​បាន​ច្រើន​ នឹង​ពិបាក​ស្វែង​រក​ប្រាក់​ចំណេញ។

 

Marina Koytcheva នាយក​ផ្នែក​ព្យាករ​នៃ​ CCS Insight បាន​រាយការណ៍​ថា៖ “នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​​យើង​ឃើញ​ការ​កើន​ឡើង​តម្លៃ​នៃ​គ្រឿង​បន្លាស់។ ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ដែល​មិន​អាច​​ផលិត​​ទូរសព្ទ​បាន​ច្រើន នឹង​ពិបាក​ស្វែង​រក​ផល​ចំណេញ​ពី​ស្ថានភាព​នេះ​ ប្រសិន​បើ​មិន​ដំឡើង​តម្លៃ​ផលិតផល​របស់​ខ្លួន។ វា​ជា​ឱកាស​ដ៏​​ល្អ​សម្រាប់​ក្រុមហ៊ុន​ធំៗ​ដូច​ជា​ Huawei និង Samsung ដើម្បី​ពង្រីក​អំណាច​របស់​ខ្លួន​, អនុវត្ត​ការ​កំណត់​តម្លៃ​ និង បង្កើន​ថាមពល​នៃ​ភាព​ជា​អ្នក​នាំ​មុខ”៕
​​​​​​​​​​​​​​​​​​​
ចុច​អាន៖ រុស្សី​​នឹង​ផលិត​ iPhone ផ្ទាល់​ខ្លួន​ តម្លៃ​ត្រឹម​ ១៣០ ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority​​​​​​​​​​​​​​​​​​