ចង់ឆ្លងដែនកាប់​គ្រញូង ព្រោះអាង​​កាំភ្លើង២ដើម​

ខេត្ត​ឧត្តរមានជ័យ ៖ កម្លាំងយោធា​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៍​ទោ ស៊ុន បូ​រ៉ា​ន់ ជា​មេបញ្ជាការ​បាន​​​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​​៥​នាក់ ដែល​ព្យាយាម​ឡើង​ភ្នំ​ឆ្លង​ដែនទៅ​រក​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ និង​​​រឹបអូស​បាន​កាំភ្លើង​ចំនួន
​២​ដើម​ផង​​ដែរ កាលពី​ថ្ងៃ​ទី​២៥ ​កញ្ញា ​២០១៦ ស្ថិតនៅ​​ចំណុច​ក្បាល​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមាន​ជ័យ​ ។

ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ចំនួន៥​នាក់ ដែល​មាន​ទីលំនៅ​ជាប់​ភ្នំ​ដងរែក ក្នុងភូមិ​ព្រះ​ចំបក់ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរ​មាន​ជ័យ ​មាន​ម្នាក់​ឈ្មោះងួ​ត ងី​ត ភេទ​ប្រុស​ អាយុ២៤​ឆ្នាំ ដែល​ជាប់​ពិរុទ្ធជនកំពុង​មាន​ដីកា​​ចាប់ខ្លួនរបស់​អយ្យការ​សាលាដំបូង​ខេត្ត​ឧត្តរ​មានជ័យ ពាក់ព័ន្ធ​នឹង​ករណី​លួច​ប្លន់ ដែល​ជនសង្ស័​យ​បាន​រត់គេច​ខ្លួនពី​សមត្ថកិច្ច​។

លោក​វរសេនីយ៍ទោ ស៊ុន បូ​រ៉ា​ន់ មេបញ្ជាការ​ផ្នែក​សឹក​រង​ត្រពាំង​ប្រាសាទបានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​​ល្ងាច​ថ្ងៃ​ទី​២៦ ​កញ្ញា​ ​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍​ត្រី តន់ ញាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តឧត្តរមានជ័យ បាន​ដាក់​បទបញ្ជា​ដល់​តាម​បណ្តា​កងឯកភាព​ធ្វើការ​ទប់ស្កាត់​រាល់ពលរដ្ឋ​ខ្មែរ​ឡើង​ភ្នំ និង​បទល្មើស​ផ្សេង​ៗ​។

លោក​បន្ត​ថា ការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន៥​នាក់ ដែល​ព្យាយាម​ឡើង​ភ្នំ​ឆ្លង​ដែន​ ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ លោក​ក៏​ធ្វើ​របាយ​​ការណ៍ បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ទៅ​ស្នាក់​ការ​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ធ្វើការ​កសាង​សំណុំរឿង​ទៅ​តុលា​ការ​ ។ ហើយ​នៅ​ពេល​កម្លាំង​របស់​លោក​ធ្វើការ​ឃាត់ខ្លួនពលរដ្ឋ​ខ្មែរ​ទាំង៥​នាក់ ដោយ​បាន​រឹបអូស​អាវុធចំនួន២​ដើម គឺ​កាំភ្លើង​ម៉ាក​AK​ស្វាយ​បត់​មួយ​ដើម មាន​គ្រាប់​ចំនួន២០​គ្រាប់ និង​កាំភ្លើង​ប្រភេទ​ច្នៃ​ឆ្នុក​ដូង​ចំនួន១​ដើម​។