ប៉ូលិស​បង្ក្រាប​ក្រុម​ចោរ ដល់​ទីតាំង​កែច្នៃ​ឡាន​ដែល​លួច​បាន​ពី​គ្រប់​ទីកន្លែង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះទៅសហការជាមួយកម្លាំង នគរបាលស្រុកពញាឮ ខេត្តកណ្តាល តាមបង្ក្រាបដល់ទីតាំងកែច្នៃរថយន្ត មួយកន្លែងរបស់ក្រុមចោរ ក្រោយពីពួកគេលួចបាន។
ប្រតិបត្តិការតាមបង្ក្រាបក្រុមចោរកែច្នៃរថយន្តខាងលើនេះ បានធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បន្ទាប់ពីមានហេតុការណ៍ចោរលួចរថយន្តមួយ គ្រឿងម៉ាកតូយូតា១២កៅអី នៅម្តុំកាណាស៊ីធី តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។
លោកអធិការបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីទទួលបានព័ត៌មានថា មានករណីបាត់រថយន្ត តូយូតា១២កៅអី នៅម្តុំកាណាស៊ីធីវេងស្រេង យប់មិញ នៅរសៀលថ្ងៃនេះ កម្លាំងអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយអធិការដ្ឋានស្រុកពញាឮ បានចុះដល់ទីតាំងផ្ទះជនសង្ស័យ ហើយបានហូតបានរថយន្ត១២កៅអី ដែលកំពុងប្តូរពណ៌ និងសម្ភាររួមទាំងស្លាកលេខមួយចំនួនផងដែរ»។ បើតាមលោកអធិការ សម្រាប់ជនសង្ស័យ និងជាម្ចាស់ផ្ទះឈ្មោះ ប្រាក់ រឹទ្ឋ អាយុ៣៤ឆ្នាំ បានរត់គេចខ្លួនបាត់។ មន្ត្រីនគរបាលបានឲ្យដឹងថា តាមការសួរនាំមើលទៅ មានរថយន្តជាច្រើនគ្រឿងដែលបាត់កន្លងទៅ ត្រូវបានជនសង្ស័យយកទៅកែច្នៃ នៅទីនេះ មុនពេលលក់បន្តទៀត៕

ប៉ូលិស​បង្ក្រាប​ក្រុម​ចោរ ដល់​ទីតាំង​កែច្នៃ​ឡាន​ដែល​លួច​បាន​ពី​គ្រប់​ទីកន្លែង