ទម្លាក់​គ្រាប់បែក​ខ្លាំង​នៅ​ក្រុង​អា​ឡែ​ប​រុ​ស្ស៊ី​បរិហារ​ការ​ចោទប្រកាន់​របស់​ពួក​លោក​ខាងលិច

ខណៈ​ដែល​កង​យន្តហោះ​រុ​ស្ស៊ី​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​បំផុត​លើ​ទីក្រុង​អា​ឡែ​ប​ភាគ​ខាងជើង​ស៊ី​រី​ចាប់តាំងពី​បទ​ឈប់​បាញ់​គ្នា​ទទួល​បរាជ័យ​មក អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ឌ្រី ប៉េ​ស្កូវ ថ្លែង​នា​ថ្ងៃ​ទី​២៦ កញ្ញា ថា ពាក្យពេចន៍ និង​វោហា​សាស្ត្រ​របស់​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក និង​អង់គ្លេស​ប្រចាំ អ​.​ស​.​ប ដែល​ចោទប្រកាន់​ការ​វាយប្រហារ​នេះ​ថា សាហាវព្រៃផ្សៃ និង​ជា​អំពើ​ឧក្រិដ្ឋ​នៃ​សង្គ្រាម​ប្រឆាំង​កងទ័ព​រុ​ស្ស៊ី​នៅ​ស៊ី​រី​មិន​អាច​ទទួលយក​បាន​ឡើយ ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា សេចក្តីថ្លែងការណ៍​ទាំងនេះ មាន​ទិស​ដៅ​ធ្វើ​ឱ្យ​គេ​យល់​ច្រឡំ​ចំពោះ​ទំនាក់ទំនង​របស់​យើង និង​ចំពោះ​ដំណើរការ​នៃ​ការ​ដោះស្រាយ​ជម្លោះ ។ លោក​ប៉េ​ស្កូវ ដែល​ចាត់​ទុក​សភាពការណ៍​នៅ​ស៊ី​រី​ថា ស្មុគស្មាញ​បំផុត​នោះ​ធ្វើការ​ចោទប្រកាន់​ជា​ថ្មី​ចំពោះ​ពួក​ឧទ្ទាម​ថា ប្រើប្រាស់​បទ​ឈប់​បាញ់​គ្នា ដើម្បី​ប្រមូលផ្តុំ​កម្លាំង​ជា​ថ្មី និង​បំពាក់អាវុធ​ជា​ថ្មី​មុន​ធ្វើការ​វាយលុក​ថ្មី​ៗ ។

លោក​សម្តែង​ការ​សោកស្តាយ​ដែល​គេ​នៅ​តែ​ពុំ​ទាន់​អាច​ញែក​ដាច់​ពី​គ្នា​រវាង​របស់​ហៅ​ថា ពួក​ប្រឆាំង​និយម​កណ្តាល និង​ពួក​ភេរវ​ករ​នៅ​ក្រុង​អា​ឡែ​ប ។

បណ្តា​ប្រទេស​លោក​ខាងលិច​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ បាន​បន្តឹង​សំឡេង​ប្រឆាំង​របប​ក្រុង​ដា​ម៉ាស់ ពិសេស​ប្រឆាំង​រុ​ស្ស៊ី ហើយ​ចោទប្រកាន់​ដោយ​ផ្ទាល់​ថា រៀបចំ​ការ​វាយលុក​លើ​ក្រុង​អា​ឡែ​ប ។ រយៈពេល​៤​យប់​ជាប់​ៗ​គ្នា​គ្រាប់បែក​ត្រូវ​បាន​រោយ​លើ​ផ្នែក​ខាងកើត​ក្រុង​អា​ឡែ​ប ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ៕