ជំនឿប្រពៃណី នៃជនជាតិខ្មែរ ក្នុងពិធី បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ភ្នំពេញ៖ បិណ្ឌ មានន័យថា ជាការប្រមូល ឬពូតឲ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺអាហារដែលប្រមូលផ្តុំដាក់ក្នុង បាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឲ្យប្រជុំគ្នា ឬធ្វើឲ្យជួបជុំគ្នា ។ ប្រជារាស្ត្រខ្មែរបានឲ្យ តម្លៃ និងសារៈសំខាន់ ទៅលើបុណ្យធំៗពីរ គឺបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះ និងពិធី បុណ្យចូលឆ្នាំថ្មី។ គេតែងតែនាំគ្នាទៅធ្វើ បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្នុងទីវត្តអារាម ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ។ ក្នុងអំឡុង១៥ថ្ងៃនេះ គេតាំងចិត្តដាច់ខាត ត្រូវតែទៅវត្តឲ្យបានម្តងយ៉ាងតិច ក្នុងថ្ងៃណាមួយ មិនអាចខកខានបានឡើយ ទោះជាមានការមមាញឹក ឬក្រីក្រ លំបាកយ៉ាងណាក៏ដោយ ។

ពិសេសថ្ងៃ១៥រោច ជាថ្ងៃបង្ហើយ គេហៅថា “ភ្ជុំបិណ្ឌ” ។ រឿងហេតុទាំងអស់នោះ ក៏ដោយសារគេមានជំនឿយ៉ាង មុតមាំតាមសណ្តាប់ចាស់ៗ ដែលពោលណែនាំ និងធ្វើតៗគ្នា ដោយអនុវត្តជារៀងរាល់ឆ្នាំ ជាយូរមកហើយ ។ ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចេតនា នឹកគិត និងអាណិតចំពោះញាតិសណ្តាន ដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ដែលដល់រដូវអាចបាន មកទទួលយកភោគផល ។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្ម ត្រូវទៅសោយទុក្ខទោស នៅឋាននរក ប្រេត កើតក្នុងអបាយភូមិវេទនាណាស់ ។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបាន ឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ ។

លុះដល់រដូវបុណ្យនេះ គេបានដោះលែងឲ្យមកទទួលយកផល្លានិសង្ស ដែលញាតិសាច់សាលោហិត ធ្វើបុណ្យឧទ្ទិសឲ្យ ។ ម៉្យាងទៀតគេខ្លាច អ្នកទាំងអស់នោះ ដាក់ប្រទេចបណ្តាសា ឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់ ៧វត្តហើយ មិនឃើញសាច់ញាតិធ្វើបុណ្យ បញ្ជូនកុសលឲ្យទេនោះ ។

ជាមួយគ្នានេះដែរ ដែលគេមាន ក្តីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធា បានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឲ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួលវិញ ដែរនូវសេចក្តីសុខ និងសេចក្តីចំរើន ។ ប្រវត្តិបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ទាក់ទងនឹងព្រះពុទ្ធសាសនា ដើមកំណើតបុណ្យនេះ មិនមានឯកសារណាមួយ បានបរិយាយថា ចាប់ធ្វើពីសម័យណាទេ ។ ប៉ុន្តែក្នុងគម្ពីរ តិរោកុឌ្ឌសូត្រ បានបរិយាយថា ព្រះបាទពិម្ពិសារ មានពួកញាតិមួយ ក្រុមបានបំពេញទានមិនបរិសុទ្ធ គឺស៊ីបាយមុនលោក លុះចាកលោក (ស្លាប់) ទៅកាន់លោកខាងមុខ ក៏កើតទៅជាប្រេត ។

លុះដល់ព្រះសម្ពុទ្ធព្រះនាម កុក្កសន្ធោបានត្រាស់ដឹង ឡើងក្នុងលោក ពួកប្រេតទាំងនោះទៅសួរព្រះអង្គថា “ចុះយើងខ្ញុំកាលណា បានអាហារបរិភោគ?” ព្រះពុទ្ធ ត្រាស់ថា “ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថាគតអ្នកទាំងឡាយ មិនត្រូវបានអាហារបរិភោគទេ” ។ លុះដល់ព្រះពុទ្ធព្រះនាមនាគមនោបានត្រាស់ដឹង ពួកប្រេតទាំងនោះនាំគ្នាទៅសួរទៀត ។ ព្រះពុទ្ធព្រះនាមនាគមនោ ក៏ត្រាស់ប្រាប់ដូចព្រះពុទ្ធមុនទៀត ។

ពេលព្រះពុទ្ធ ព្រះនាមកស្សបោ បានត្រាស់ដឹងក៏មានហេតុដូចគ្នា ។ ទើបមកដល់ព្រះសម្ពុទ្ធ ព្រះនាម សមណគោត្តមយើងនេះ ព្រះអង្គទ្រង់ត្រាស់ថា “ចាំមើលព្រះបាទពិម្ពិសារជាញាតិ របស់អ្នកទាំងឡាយទ្រង់ឲ្យទាន ដល់តថាគត នោះនឹងញាំងអាហារឲ្យ សម្រេចដល់អ្នកទាំងឡាយ” ។ លុះព្រះបាទពិម្ពិសារបាន ថ្វាយទានជាដំបូង ហើយមិនផ្សាយ ទៅឲ្យពួកញាតិ ក៏ស្រាប់តែពួកប្រេតជាញាតិ ទាំងឡាយនោះយំស្រែកទ្រហឹង ក្នុងពេលរាត្រីនោះ ។ ព្រះបាទ ពិម្ពិសារស្តេចយាងទៅកាន់ វត្តវេឡុវ័ន ហើយទូលសួរព្រះពុទ្ធ ព្រះអង្គត្រាស់ថា “ពួកប្រេតជាញាតិ របស់ព្រះអង្គនាំគ្នា យំទារអាហារ ព្រោះពួកប្រេតទាំងនោះ ត្រូវបានអាហារបរិភោគ ក្នុងសាសនា តថាគត” ។

ប៉ុន្តែព្រះអង្គបានធ្វើបុណ្យហើយ មិនបានផ្សាយផលទៅឲ្យ ។ ពេលព្រះអង្គបានជ្រាបហើយ ក៏ចាត់ចែងធ្វើបុណ្យ បញ្ជូនទៅឲ្យ ។ ពួកប្រេតទាំងនោះ ក៏បានទទួលផល ក្នុងពេលនោះហើយ ។ កម្មវិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ពេលរសៀលថ្ងៃ១៥កើត ខែភទ្របទ ពុទ្ធបរិស័ទបានមកជួបជុំគ្នា នៅសាលាឆាន់ក្នុងវត្ត ។ អ្នកដែលបានព្រមទទួលបន្ទុកចំណាយប្រាក់កាស ក្នុងការទិញម្ហូបអាហារ ភេសជ្ជៈឬរណ្តាប់រៀបចំពិធី សម្រាប់ថ្ងៃទី១ គឺថ្ងៃ១រោច ខែភទ្របទ ដែលគេនិយមហៅថា កាន់បិណ្ឌ ហើយថាបិណ្ឌ១ គេត្រូវមកកាន់ទីវត្ត ដើម្បីដំណើរការពិធីដូចតទៅ៖

១-អ្នកកាន់វេន និងពុទ្ធបរិស័ទទាំងអស់ នាំគ្នារៀបចំបាយបិណ្ឌ។ បាយបិណ្ឌ គឺជាបាយដែលគេដាំ ពីអង្ករដំណើប ហើយពួតលាយជាមួយគ្នានេះដែរ គេត្រូវរៀបចំពានបិណ្ឌ ឬ ហៅជើងបិណ្ឌ នោះជាពីរចំណែក ទុកប្រគេនព្រះសង្ឃមួយចំណែក សម្រាប់ឧទ្ធិសដល់អ្នកដែលចែកឋានទៅ និងជូនអាចារ្យមួយចំណែកនៅថ្ងៃកាន់បិណ្ឌរបស់គេ ដើម្បីជាការដឹងគុណ ដែលលោកហត់នឿយជួយចាត់ចែងពិធី។

ការរៀបជើងបិណ្ឌ មានដាក់ផ្លែឈើគ្រប់មុខ នំ អង្ករ ប្រាក់កាសខ្លះតាមសទ្ធា និងចំណូលចិត្តរបស់អ្នកកាន់បិណ្ឌ ឬអ្នកដទៃផ្សេងទៀតដែល គេបានយកមកដាក់ចូលរួមជាមួយដែរ ។ គេពួតបាយធ្វើជាផ្កាបិណ្ឌទៀត កំណត់រាប់តាមចំនួន វេនបិណ្ឌ។ ឧទាហរណ៍ ថ្ងៃបិណ្ឌ៥ គេធ្វើ៥ថ្ងៃ បិណ្ឌ១០ គេធ្វើ១០ដែរ។ ផ្កាបិណ្ឌនេះ គេធ្វើដោយ សន្លឹកចេកកេវជាកន្ទោង រួចកាត់ចេកទុំមួយចំណិតញាត់ត្រង់កំពូលស្រួច ហើយញាត់បាយ ដំណើបរហូតដល់ពេញ រួចបានផ្កាប់បញ្ឈរចេញជារាងសាជី គេដោតទង់តូចៗ និងផ្កាចំរុះ គ្រប់ពណ៌ពីលើជាលំអ សម្រាប់ឧទ្ធិសថ្វាយដល់ព្រះចូឡាមណីចេតិយ។

២-នៅពេលព្រលប់ លោកអាចារ្យ អ្នកកាន់វេន និងពុទ្ធបរិស័ទទាំងអស់ប្រារឰធ្វើពិធីថ្វាយបង្គំព្រះ និងឧទ្ទិសហៅដួងព្រលឹង អ្នកដែលបានចែកឋានទៅ អញ្ជើញមកទទួលកុសល និងសូត្រប្រតិស្ថានបាយបិណ្ឌ។

៣-ព្រះសង្ឃ និមន្តចូលក្នុងសាលាឆាន់ ដើម្បីសូត្រធម៌ចំរើនព្រះបរិត្ត និងឧទ្ទិសកុសលបាចទឹកមន្ត គឺពិធីក្រុងពលីបាយបិណ្ឌ។

៤-ព្រះសង្ឃទេសនាច្រើនទេសន៍ ពីអានិសង្សនៃកុសលដែលបាន ឧទ្ទិសដល់អ្នកចែកឋាន ឬពីកុសលផ្សេងៗ ដែលពាក់ព័ន្ធដល់ពិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។

៥-ព្រះសង្ឃ (ប្រធានសង្ឃ) ប្រទានឱវាទខ្លះៗសម្រាប់កម្មវិធីបុណ្យនាវេលាទៀបភ្លឺ។ ថ្ងៃស្អែក ពេលជិតភ្លឺវេលាប្រហែលម៉ោង៤ ព្រះសង្ឃទូងស្គរជាសញ្ញាដាស់ឲ្យភ្ញាក់ពីដំណេកដើម្បី ដំណើរការពិធីបន្តដូចតទៅ៖

-ព្រះសង្ឃ ចូលក្នុងព្រះវិហារសូត្រធម៌ថ្វាយបង្គំព្រះ។ រីឯពុទ្ធបរិស័ទ និងអ្នកកាន់វេនបិណ្ឌ នាំគ្នាចូលទៅសាលាឆាន់ អុជទៀន ធូប រៀបចំបាយបិណ្ឌ និងថ្វាយបង្គំព្រះ ។

-ព្រះសង្ឃ និមន្តពីព្រះវិហារចូលមកកាន់សាលាឆាន់ ដើម្បី សូត្របរាភវសូត្រ ដែលគេនិយមហៅកាត់ថា “សូត្របរា” ។ បរាភវសូត្រនេះ គឺជាធម៌ដែលចែងពីរឿងវិនាស ១២ប្រការ មាន អំពើផិតក្បត់, ការលេងល្បែង៣ប្រការ ស្រី ស្រា ល្បែង, ការមិនត្រេកអរក្នុងធម៌, អ្នកមាន ទ្រព្យសម្បត្តិមិនចិញ្ចឹមមាតាបិតា, ការសេពគប់បុគ្គលពាល ៘

-សូត្របរាចប់ ព្រះសង្ឃបង្សុកូល និងឧទ្ទិសបាយបិណ្ឌដល់ប្រេតនរក ។ ក្រោយពេលព្រះសង្ឃសូត្រចប់ អាចារ្យវាយគងហើយ ភ្លេងពិណពាទ្យចាប់កំដរពិធី ។

-ភ្លេងប្រគុំកំដរជាហូរហែ ព្រមគ្នាជាមួយព្រះសង្ឃសូត្រធម៌ ឧទ្ធិសជាបន្តបន្ទាប់នោះ ពួកពុទ្ធបរិស័ទទាំងអស់ កាន់ចានបាយបិណ្ឌរៀងៗខ្លួនដើរតម្រង់ទៅព្រះវិហារដើម្បីប្រទក្សិណ ៣ជុំព្រះវិហារ ដែលគេហៅថា “បោះបាយបិណ្ឌ”។

ពេលដើរជុំវិញព្រះវិហារនោះ គេត្រូវដុតធូបប្រាំសរសៃ នៅលើចានបាយបិណ្ឌ ។ ឱកាសដើរព័ទ្ធបានមួយជុំ អាចារ្យប្រកាសថា អនុមោទនា លោកអើយ! ទាំងអស់គ្នាស្រែកទទួលថា សាធុ ! រួចគេចាប់យកបាយ មួយដុំដាក់ទៅលើដី ឬបោះគ្រវែងទៅកាន់ទីឆ្ងាយហើយដោតធូប មួយសរសៃ ដោតផ្កាឈូក ឬផ្កាផ្សេងៗមួយទង នៅលើដីដែរ ។

គេធ្វើបែបនេះគំរប់៣ដង ។ រីឯបាយបិណ្ឌ និងធូបនៅសល់ គេនាំយកតាមអាចារ្យ ដែលអញ្ជើញចេញទៅក្រៅវត្តទៅកាន់ ទីដែលនៅជិតខ្ទមអ្នកតា ឬក្រោមដើមឈើធំៗ ហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះ ទៅលើដីដើម្បីឲ្យខ្មោចដែល គ្មានបងប្អូន ធ្វើបុណ្យបញ្ជូនឲ្យ ។ អាចារ្យបានហាមមិនឲ្យលាងចាន និងលាងដៃនៅទីនោះឡើយ ព្រោះហាក់ដូចជាអសីលធម៌ ដល់ខ្មោចដែលកំពុងទទួល ។ បន្ទាប់ពីចាក់បាយបិណ្ឌ ទៅលើដីអស់គ្រប់គ្នាហើយ អាចារ្យធ្វើពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឲ្យ ប្រេតទាំងនោះ ដែលមកចាំទទួល ដែរតែគ្មានញាតិសន្តាន ឧទ្ទិសឲ្យ ។

-បន្ទាប់ពីចប់កិច្ចក្រៅវត្ត ពុទ្ធបរិស័ទទាំងអស់បានចូលមក កាន់សាលាឆាន់វិញ ដើម្បីរៀបចំ ប្រគេនព្រះសង្ឃឆាន់ពេលព្រឹក ។ -ព្រះសង្ឃ បានរៀបចំពិធីបង្សុកូល ដើម្បីឲ្យពុទ្ធបរិស័ទរាប់បាត្រ ។

-ចាប់ពីម៉ោង៨ព្រឹកទៅ គេសង្កេតឃើញថា មានអ្នកស្រុក អ្នកភូមិបានយកបាយ ម្ហូប នំចំណី ផ្លែឈើគ្រប់មុខជាបន្តបន្ទាប់ ដើម្បីប្រគេនព្រះសង្ឃឆាន់ត្រង់ និងរាប់បាត្រជាបណ្តើរៗ រហូតដល់ម៉ោង១១ ។

-ម៉ោង១១ អាចារ្យទូងស្គរម្តងទៀត ដើម្បីប្រជុំព្រះសង្ឃឆាន់ថ្ងៃត្រង់ ។

-ពុទ្ធបរិស័ទប្រជុំគ្នាថ្វាយបង្គំព្រះ និងសមាទានសីលចប់ ព្រះសង្ឃធ្វើពិធីដារឆ្លង ដើម្បីជាកិច្ចបញ្ចប់បុណ្យ នៃវេននីមួយៗ។ កម្មវិធីដែលដំណើរការ បានកន្លងមកហើយនោះ បានអនុវត្តជាបន្តបន្ទាប់ពី មួយថ្ងៃ ទៅមួយថ្ងៃ គឺវេនទី១ ឬបិណ្ឌ១ រហូតដល់វេនទី១៤ ឬបិណ្ឌ១៤ ។

ចំណែកថ្ងៃទី១៥រោច ខែភទ្របទ គឺជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ” ព្រោះគឺជាការប្រជុំ អ្នកកាន់វេន ព្រមទាំងពុទ្ធបរិស័ទដើម្បីឆ្លងបញ្ចប់បុណ្យ ។ ឯកិច្ចឆ្លងកុសលនេះ គេរៀបចំដូចវេននីមួយៗដែរ គ្រាន់តែថ្ងៃទី១៥ អ្នកកាន់វេនមកចូលរួមគ្រប់គ្នា ចំណែកពុទ្ធបរិស័ទ ក៏បានមកចូលរួមច្រើន កុះករលើសថ្ងៃមុនៗ ។

ចំណែកតាមគេហដ្ឋាន នៅពេលក្របីចូលក្រោល ប្រជារាស្ត្រខ្មែរបានរៀបចំសែនដូនតា ដោយមានរៀបកំរាលសពីលើ ខ្នើយប្រវែងប្រហែលពីរម៉ែត្រ ដាក់សំលៀកបំពាក់ឆ្វេងស្តាំ ។ រណ្តាប់ហូបចុកមាន ម្លូស្លាបារី បង្អែម ចំអាប ផ្លែឈើ ភេសជ្ជៈ និងទឹកមួយផ្តិលបង់ផ្កាម្លិះផង ។ នៅលើចានម្ហូបអាហារ ផ្លែឈើសុទ្ធតែបានអុជធូប មួយសរសៃ ដើម្បីឲ្យបានជ្រាប ហើយអុជទៀនបំភ្លឺ ព្រោងព្រាតផង ។

នៅពេលល្ងាចនោះដែរ គេបានយកស្រទបចេក ឬដើមចេក មករចនាធ្វើជាទូក ឬសំពៅទុក សម្រាប់ព្រឹកស្អែក ពេលព្រះអាទិត្យជិតរះច្បាស់ ដើម្បីជូនដូនតាជិះ ត្រឡប់វិលទៅទីស្នាក់អាស្រ័យវិញ។ នៅលើទូក ឬ សំពៅនោះដែរ គេដាក់ថង់តូចៗ ដែលមានដាក់ស្រូវ អង្ករ អំបិល ពោត សណ្តែក ល្ងឆៅ…សម្រាប់ទុកជូនដូនតាហូបចុកបន្តទៀត៕

ដកស្រង់ចេញពីឯកសារមួយចំនួនរបស់ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជំនឿប្រពៃណី នៃជនជាតិខ្មែរ ក្នុងពិធី បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ជំនឿប្រពៃណី នៃជនជាតិខ្មែរ ក្នុងពិធី បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ជំនឿប្រពៃណី នៃជនជាតិខ្មែរ ក្នុងពិធី បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ជំនឿប្រពៃណី នៃជនជាតិខ្មែរ ក្នុងពិធី បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ជំនឿប្រពៃណី នៃជនជាតិខ្មែរ ក្នុងពិធី បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ជំនឿប្រពៃណី នៃជនជាតិខ្មែរ ក្នុងពិធី បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ