កែ ឡេង និង សុខ ច័ន្ទមាន បានបន្ថែមមេដាយឲ្យកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់

ម្ចាស់មេដាយមាសជើងឯកពិភពលោកផ្នែកកីឡាប៉េតង គឺកីឡាការិនីជើងចាស់ កែ ឡេង និងមិត្តរួមជាតិជាម្ចាស់មេដាយមាសស៊ីហ្គេម សុខ ច័ន្ទមាន សុទ្ធតែបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងៗខ្លួន ក្នុងការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ លើកទី៥ ដែលកំពុងធ្វើនៅប្រទេសវៀតណាម គឺមានន័យថា អ្នកទាំង២បានឈ្នះមេដាយសំរឹទ្ធ នៅក្នុងដៃរួចជាស្រេចដូចគ្នា បន្ថែមទៅលើការឈ្នះមេដាយសំរឹទ្ធចំនួន២ ដែលកម្ពុជា ដណ្តើមបានកាលពីម្សិលមិញ។

mm1

សម្រាប់ការប្រកួតវិញ្ញាសាវាយយកពិន្ទុ ដែលធ្វើឡើងនៅថ្ងៃអង្គារនេះ កីឡាការិនី កែ ឡេង បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតជុំទី១ ដោយអ្នកស្រីធ្វើបានរហូតដល់៣៧ពិន្ទុ និងតាមពីក្រោមដោយកីឡាការិនីរបស់ឡាវ ដែលធ្វើបានត្រឹម២៥ពិន្ទុ ហើយលទ្ធផលនេះបានជួយឲ្យអ្នកស្រី បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ គឺមិនចាំបាច់ប្រកួតជុំទី២ទៀតនោះឡើយ។

ចំណែកកីឡាការិនីឡាវ Souksavat Khoun ក៏បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរជាមួយអ្នកអ្នកស្រី កែ ឡេង ផងដែរ ព្រោះការប្រកួតវិញ្ញាសានេះគេយកអ្នកបានលេខ១ និងលេខ២ ទៅវគ្គបន្ត ហើយអ្នកផ្សេងទៀត ត្រូវបន្តប្រកួតជុំទី២ ដោយអ្នកបានលេខ១ និងលេខ២ ត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។

mm2

ចំពោះកីឡាករ សុខ ច័ន្ទមាន បានធ្លាក់នៅក្នុងការប្រកួតជុំទី១ ខណៈរូបគេធ្វើបានត្រឹម២៦ពិន្ទុ នឹងឈរនៅចំណាត់ថ្នាក់លេខ៤ស្ទួនជាមួយកីឡាករឡាវនោះ ប៉ុន្តែនៅក្នុងការប្រកួតជុំទី២ សុខ ច័ន្ទមាន ធ្វើបានរហូតដល់៣៦ពិន្ទុ ដោយទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមអ្នកនៅសល់ចំនួន៧នាក់ ហើយកីឡាករ Huynh Cong Tam របស់វៀតណាម បានលេខ១ ក្នុងជុំទី២នេះ ដោយធ្វើបាន៣៩ពិន្ទុហេតុនេះ អ្នកទាំង២នេះ ត្រូវឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយកីឡាករថៃ Sonthung Wattanachai ដែលបានលេខ១ក្នុងជុំទី១ និងកីឡាកររបស់ចិនតៃប៉ិ Wang Kuo-Chun ដែលបានលេខ២ ក្នុងជុំទី១។

ជាមួយលទ្ធផលនេះ បានបញ្ជាក់ឲ្យឃើញថា កែ ឡេង និង សុខ ច័ន្ទមាន មានមេដាយសំរឹទ្ធ នៅក្នុងដៃដូចគ្នា បើទោះបីជា អ្នកទាំង២ បានចាញ់នៅការប្រកួតវគ្គពាក់កណ្តាលផ្តាច់ បន្តិចទៀតនេះក៏ដោយ។ ចំណែកកីឡាការិនី ដួង ឌីណា និងកីឡាករ ញ៉ែម បូរ៉ា កំពុងតែប្រកួតប្រជែងលើប្រភេទវិញ្ញាសា១នាក់ទល់១នាក់រៀងៗខ្លួន ប៉ុន្តែមិនទាន់ដឹងថា អ្នកទាំង២អាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬយ៉ាងណានោះទេ ព្រោះការប្រកួតរបស់ពួកគេ មានឈ្នះ និងមានចាញ់ផងដែរ៕

The post កែ ឡេង និង សុខ ច័ន្ទមាន បានបន្ថែមមេដាយឲ្យកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ appeared first on CamboSport.